12/11/2021 09:26
ពិធីដង្ហែបុណ្យកឋិនទាន ។ រូបថត៖ រតនា
តាមព្រះពុទ្ធានុញ្ញាត បុណ្យកឋិនទានក្នុង ០១ ឆ្នាំបើកឱ្យធ្វើបានតែម្តង បុណ្យកឋិនទាន ឆ្នាំនេះ ត្រូវបានចាប់ផ្តើមធ្វើពីថ្ងៃទី ២២ តុលា រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ត្រូវនឹងថ្ងៃ ០១ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ រហូតដល់ថ្ងៃ ១៥ កើតកត្តិក ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ នៃពីធីបុណ្យអុំទូក បណ្តែតប្រទីបសំព្រះខែ។
ពាក្យថា “កឋិន” ឬកថិន” គឺសំដៅដល់សំពត់ដែលទាយក-ទាយិកាប្រគេនដល់ព្រះសង្ឃ ប៉ុន្តែសព្វថ្ងៃនេះ បានប្រែក្លាយជាការដង្ហែសំពត់ (ត្រៃចីវរ) ទៅវេរថ្វាយប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសផង ប្រមូលបច្ច័យ និងសម្ភារសម្រាប់កសាងវត្តអារាមមាន ព្រះវិហារ កុដិ សាលាទានជាដើមផង។
យោងតាមគម្ពីរវិន័យបិដកបានចែងទុកថា នៅក្នុងបឋមពោធិកាលគឺសម័យកាល ដែលព្រះសម្មាសម្ពុទ្ធទើបនឹងបានត្រាស់ដឹងថ្មីៗ ទ្រង់ត្រាស់បង្គាប់ ឱ្យភិក្ខុសង្ឃជាសាវ័កប្រើប្រាស់តែសំពត់បង្សុកូល តែប៉ុណ្ណោះ។ សំពត់បង្សុកូលគឺជាសំពត់ដែលគេរុំខ្មោច រួចសែងយកទៅបោះចោលក្នុងព្រៃ ឬសំពត់ដែលគេបោះចោលលើគំនរសំរាមយកមកប៉ះពុនធ្វើជាសង្បង់ចីវរសម្រាប់ស្លៀកដណ្តាប់តាមភាពជាបព្វជិតវៀរចាកសេចក្តីលោភ។ ចំណេរក្រោយមកក៏មានភិក្ខុសង្ឃចំនួន ៣០ ព្រះអង្គ គង់នៅក្នុងបាវាមានត្រៃចីវរ ទទឹកជោកដោយទឹកភ្លៀង រហែករយ៉ៃបាននិមន្តមកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ទើបព្រះអង្គអាណិតអាសូរដល់សាវ័កក៏អនុញ្ញាតឱ្យប្រើសំពត់កឋិនចាប់តាំងពីពេលនោះ មកគឺបើកឱ្យទាយក-ទាយិកាដង្ហែ អង្គកឋិនទាន ទៅវេរថ្វាយប្រគេនតាមសទ្ធាជ្រះថ្លា។ ក្រៅពីត្រៃចីវរក៏មានគ្រឿងបរិក្ខារផ្សេងៗ អមតាមជាមួយ ដូចជាសំពត់សាដក (សម្រាប់ផ្លាស់ស្រង់ទឹក) បាត្រផ្លិតមុងកន្ទេលជាដើម នឹងសម័យកាលក្រោយៗ មកក៏មាន “បច្ច័យសង្កត់ត្រៃវិញ” សម្រាប់យកទៅកសាងសាសនភណ្ឌតាមការគួរ។ ចំពោះព្រះភិក្ខុដែលអាច ទទួលបានអានិសង្សពីអង្គកឋិន ទានលុះត្រាតែជាភិក្ខុសង្ឃដែលអង់ចាំព្រះវស្សា អស់ត្រីមាស ០៣ ខែក្នុងវត្តណាមួយបានត្រឹមត្រូវ សូម្បីតែនិមន្តចេញពីអារាមហួសពីសត្តាហៈ រយៈពេល ០៧ ថ្ងៃនឹងត្រូវដាច់អានិសង្សកឋិន ជាមិនខាន ពោលឱ្យចំគឺមិនអាចទទួលយកទាន ដែលទាយក-ទាយិកាថ្វាយប្រគេនបានឡើយ។ ប្រសិនសង្ឃល្មើសវិន័យនោះហ៊ានទទួល នឹងត្រូអាបត្តិជាមិនខាន។
តាមគម្ពីរចែងថា៖ អ្នកដែលបានានធ្វើបុណ្យកឋិនទាន រមែងទទួលបានផលានិសង្ស ០៥ យ៉ាង គឺទី ១ មានរូបសម្បត្តិល្អ ទី ២ មានទ្រព្យសម្បត្តិស្តុកស្តម្ភនៅជាតិខាងមុខ ទី ៣ មិនសូវមានរោគាព្យាធិ ទី ៤ មានសតិបញ្ញាឈ្លាវៃនិងទី ៥ ឈ្នះមារសត្រូវគ្រប់ទិសទី សត្រូវក្លាយមកជាមិត្ត។
ពិធីដង្ហែអង្គឋិនទានប្រទក្សិណជុំវិញព្រះវិហារ ។
ហេតុដូច្នោះបានជាជនរួមជាតិខ្មែរយើងជា អ្នកកាន់ព្រះពុទ្ធសាសនាតែងចាត់ទុកថា៖ កឋិនទាន គឺជាពិធីបុណ្យធំជាងគេ និងទទួលបានអានិសង្សច្រើនផងដែរ (អ្នកខ្លះហៅថាមហាកឋិនទាន) ពីព្រោះធ្វើបានតែម្តងក្នុងមួយ ឆ្នាំប៉ុណ្ណោះជាទូទៅ បុណ្យកឋិនទានមានលក្ខណៈប្រហាក់ប្រហែលដូចជាបុណ្យផ្កាផងដែរ ព្រោះត្រូវដង្ហែត្រៃចីវរ និងគ្រឿងបរិក្ខារប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនដល់ព្រះ សង្ឃតាមព្រះពុទ្ធនុញ្ញាត្តិ។
លោកតាឧបាសកកឹងដែលតែងមកសមាទានសីលនៅវត្តសំរោងបានមានប្រសាសន៍ថា៖ បុណ្យកឋិនទានបានជាទទួលផលានិសង្សខ្ពស់ជាងបុណ្យដទៃទៀត ពីព្រោះពេលនោះព្រះសង្ឃទើបនឹងចេញព្រះវស្សាមានភាព អត្តខាតស្បង់ចីវរចាស់ៗ ខ្វះសព្វបែបយ៉ាង លុះបានទទួលកឋិនទាននេះព្រះសង្ឃក៏មានព្រះទ័យត្រេអរខ្លាំង រីឯអ្នកផ្តើម បុណ្យក៏បានផលច្រើនទៅតាមនោះដែរ។
គួរបញ្ជាក់ដែរថា កាលពីសម័យព្រេងនាយដូច តាយើងធ្លាប់ដង្ហែកឋិនដោយជិះរទេះគោ រទេះ សេះ ឬទូកឆ្លងកាត់បឹង ព្រែក ទន្លេសប្បាយខ្លាំង ណាស់។ សម្រាប់អ្នកជិះលើរទេះគោ រទេះ សេះ គេផ្លុំស្នែង ផ្លុំស្លឹក ច្រៀងឆ្លើយឆ្លងគ្នាពីរោះរណ្តំ រីឯអ្នកជិះទូកភាគច្រើនជាកំលោះក្រមុំតែងអុំប្រណាំងគ្នាបែកទឹកសំពោង ខ្លះឈោង ដៃកាច់ផ្កាឈូកដើម្បីយកទៅថ្វាយព្រះ ខ្លះកាច់ផ្កាស្នោជាអំណោយជូនញាតិមិត្តនៅឯផ្ទះ ពេលចូលដល់វត្តព្រះវិហារវត្តចាត់តាំងកម្មវិធីដង្ហែត្រៃចីវរ និងគ្រឿង បរិក្ខារប្រទក្សិណជុំវិញ ព្រះវិហារ ០៣ ជុំ និងវេរ ប្រគេនដល់ព្រះសង្ឃ តាមព្រះពុទ្ធានុញ្ញាតគឺជា បញ្ចប់កម្មវិធីបុណ្យកឋិនទានដែលម្ចាស់ទានបាន ចាត់តាំងថ្វាយប្រគេនដល់ព្រះសង្ឃក្នុងវត្ត៕ រតនា