18/02/2022 08:13
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមខេត្ត ប្រទានឱវាទដល់សមណសិស្ស-សិស្សវត្តអង្គររាជបូរី។
មណ្ឌលប្រឡងទទួលសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិនាវត្តសំរោងឯក ទីក្រុងត្រាវិញ ចាប់ផ្តើមនៅវេលាម៉ោង ០៨ ព្រឹកថ្ងៃទី ១២ កុម្ភៈ មានសមណសិស្ស-សិស្ស ៣៤ អង្គ និងរូបចូលរួមប្រឡង។ បន្ទាប់ពីប្រឡងវិញ្ញាសាព្រះបាតិមោក្ខ ដែលបានកំណត់ពេល ៤៥ នាទី សមណសិស្ស-សិស្សជាច្រើនអង្គ និងរូបនិមន្ត និងអញ្ជើញចេញពីបន្ទប់ប្រឡងដោយក្តីរីករាយ ។ សមណសិស្ស យ័ញបាវ ស្នាក់រៀនវត្តសំរោងឯក មានថេរដីកាថា៖ ពេលចូលបន្ទប់ប្រឡងវិញ្ញាសាទី ១ អាត្មា បារម្ភដែរព្រោះមិនដឹងតើវិញ្ញាសាប្រឡងពិបាកយ៉ាងណា។ បន្ទាប់ពីអនុរក្ស អានសំណួរវិញ្ញាសាប្រឡងរួច អាត្មាមានអារម្មណ៍ធូរស្រាលបន្តិច ព្រោះសំណួរសមគួរ មិនសូវពិបាកពេក។ អាត្មាសន្មតពិន្ទុប្រឡងរបស់អាត្មា ប្រហែល ០៨ ពិន្ទុ។ ថ្វីត្បិតវិញ្ញាសាទីមួយអាត្មាឆ្លើយបញ្ហាបានល្អ ប៉ុន្តែអាត្មាមិនប្រមាទឡើយ គឺនៅតែបន្តការព្យាយាមប្រឡងឲ្យបានល្អវិញ្ញាសាជាបន្តបន្ទាប់ទៀត។
នៅមណ្ឌលប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ នាវត្តអង្គររាជបូរី (អង្គ) ទីក្រុង ត្រាវិញ មានសមណសិស្ស-សិស្ស ៣៤ អង្គ និងរូបចូលរួមប្រឡង។ បន្ទាប់ពីប្រឡងពីរវិញ្ញាសារួច (ព្រះបាតិមោក្ខ និងសម្ព័ន្ធ) ទន្ទឹមនឹងក្តីសប្បាយ រីករាយរបស់សមណសិស្ស-សិស្ស ភាគច្រើនក៏មានសមណសិស្ស-សិស្ស ២0% ដែលជាសិស្ស និស្សិតកំពុងរៀនបណ្តាសាលាសកលជនជាតិអន្តេវាសិក វិទ្យាល័យខេត្ត សកលវិទ្យាល័យត្រាវិញ។ល។ មានក្តីបារម្ភណាស់ដែរ។
យុវតីសិស្ស ថាច់ធីង៉ុកហ្វាងសំណេះសំណាល៖ ប្អូនកំពុងរៀនមហាវិទ្យាល័យ គ្រប់គ្រងសេវាកម្មទេសចរណ៍ និងណែនាំភ្ញៀវទេសចរឆ្នាំទី ៣ នៃមហាវិទ្យាល័យត្រាវិញ ។ ដំណាក់កាលរំលឹកមេរៀនដើម្បីប្រឡងពុទ្ធិកសិក្សា ក៏ជាដំណាក់កាលដែលប្អូនកំពុងផ្តុំរៀនមុខវិជ្ជាសំខាន់ៗនៅមហាវិទ្យាល័យត្រាវិញដែរ។ ម្ល៉ោះហើយប្អូនរំលឹកមេរៀនផ្នែកពុទ្ធិកសិក្សាមិនសូវបានម៉ត់ចត់ ប៉ុន្មាន ដូច្នោះបានជាប្អូនបារម្ភ ។ ឆ្លងកាត់ការប្រឡង ០២ វិញ្ញាសារួច បើតាមប្អូន ស្មានប្អូនទទួលបានពិន្ទុមធ្យម។ ឈានដល់ថ្ងៃប្រឡងទី ២ (ថ្ងៃទី ១៣ កុម្ភៈ) យើងខ្ញុំវត្តមាននៅមណ្ឌល ប្រឡងវត្ត ស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ស្រុកថ្កូវ រួចក៏បានសំណេះសំណាលជាមួយយុវសិស្ស គឹមមុនី ជាបេក្ខសិស្សប្រឡងទទួលសញ្ញាបត្រ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ។ មុនីរៀបរាប់ ឲ្យដឹងថា៖ បច្ចុប្បន្ន ប្អូនកំពុងរៀនថ្នាក់ទី ១២ វិទ្យាល័យស្រុកថ្កូវ ដូច្នោះហើយប្អូនមិនសូវមាន ពេលរំលឹកមេរៀនផ្នែកពុទ្ធិកសិក្សាប៉ុន្មានឡើយ។ ប្រឡងបាន ៥០% ( ០៦ វិញ្ញាសា) រួចហើយ តែប្អូននៅតែបារម្ភ ពីព្រោះមិនទាន់ជឿជាក់ថាខ្លួនប្អូនទទួលបានពិន្ទុលើមធ្យមភាគឡើយ ។ ទោះបីយ៉ាងណាក៏ដោយ ប្អូននៅតែបន្តការព្យាយាម ប្រឡងអស់ពីសមត្ថភាពរាល់វិញ្ញាសាដើម្បីបញ្ចប់កម្មវិធីប្រឡងលើកនេះ។
វាយតម្លៃត្រួសត្រាយពីលទ្ធផលនៃការប្រឡងរបស់សមណសិស្ស-សិស្ស ព្រះតេជគុណ គឹមង៉ុកថេរ អចិន្ត្រៃយ៍ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ វត្តស្វាយសៀមថ្មីមានថេរដីកាថា៖ បន្ទាប់ពីប្រឡងបានមួយថ្ងៃ គណៈមេប្រយោគបានស្រង់ពិន្ទុ ០៦ វិញ្ញាសារបស់សមណសិស្ស-សិស្ស ៣៨ អង្គ និងរូបចូលរួមប្រឡង ក្នុងនោះ មានសមណសិស្ស-សិស្ស ៤០ % មានពិន្ទុក្រោម មធ្យមភាគ។ សមណសិស្ស-សិស្ស ដែលប្រឡង មិនបានពិន្ទុខ្ពស់ មកពីមូលហេតុជាច្រើន ក្នុងនោះ មានជាប់ជំពាក់នឹងការរៀនសូត្រនៅថ្នាក់វិទ្យាល័យ និងមកពីស្ថានភាពជំងឺរាតត្បាត មិនបានមកសាលារៀនជាដើម នាំឲ្យជះឥទ្ធិពលដល់ គុណភាពពុទ្ធិកសិក្សា ។ សង្ឃឹមថានៅ ០៦ វិញ្ញា សាទៀតនោះ សមណសិស្ស-សិស្សនឹងប្រឡងបានល្អ។
នៅមណ្ឌលប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ វត្ត កេតុសំរោងទងកល្បព្រឹក្ស (កោះស្លា) ឃុំថាញ់ស៊ើង ស្រុកថ្កូវ ព្រះតេជគុណ គឹមចន្ថា អចិន្ត្រៃយ៍ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ មានថេរដីកាថា៖ បើតាមអាត្មាវិញ្ញា សាប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ ឆ្នាំនេះមិនសូវពិបាកប៉ុន្មានឡើយ។ ការចេញវិញ្ញាសាប្រឡងយោងទៅលើចំណេះដឹងក្នុងមេរៀនធម្មតា ៨0% ក្រៅពីនោះយោងតាមមេរៀនពិបាក មានចំណេះដឹងកម្រិតខ្ពស់សម្រាប់បេក្ខសិស្សពូកែៗប្រណាំងប្រជែងយកពិន្ទុលេខ ១ លេខ ២។ មណ្ឌលប្រឡងវត្តកោះស្លា មានសមណសិស្ស-សិស្ស ៣១ អង្គ និងរូបចូលរួមប្រឡង។ បន្ទាប់ពីស្រង់ពិន្ទុ ០៨/១0 វិញ្ញាសា មានសមណសិស្ស-សិស្ស ៨០% ទទួលបានពិន្ទុលើមធ្យមភាគ សមណសិស្ស-សិស្ស ២0% ទទួលបានពិន្ទុមធ្យម។
រួមជាមួយសមណសិស្ស-សិស្ស ១៥ អង្គ និង រូប ចូលរួមប្រឡងទទួលសញ្ញាប័ត្រថ្នាក់ពុទ្ធិកមធ្យមសិក្សបឋមភូមិនៅមណ្ឌលប្រឡងវត្តពិសី វរារាម (ពិសី) ឃុំភឿងថាញ់ ស្រុកកាងឡុង បេក្ខសិស្ស ថាច់លីកីន ស្នាក់រៀនវត្តពិសី សំណេះសំណាល៖ អាត្មាប្រឡងបាន ១១/១២ វិញ្ញាសារួចហើយ។ បើតាមអាត្មាវិញ្ញាសាប្រឡងឆ្នាំនេះ ល្មមនឹងសមត្ថភាពរបស់សិស្ស មិនពិបាកពេក អាត្មាជឿជាក់ថាអាត្មាប្រឡងជាប់។
ប្រឡងទទួលសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិគ្រប់ ១២/១២ វិញ្ញាសា សមណសិស្ស -សិស្ស ១៨ អង្គ និងរូបនាមណ្ឌលប្រឡងវត្តពោធិសិរី ឃុំហ្វាតឹង ស្រុក កូវកែ សប្បាយរីករាយទាំងអស់អង្គ និងរូប ដោយជឿជាក់ថាការប្រឡងលើកនេះ ធ្វើសម្រេចបានលទ្ធផលល្អ ។ សមណសិស្ស ឡឹមថាយ ស្នាក់រៀនវត្តពោធិសិរីសំណេះសំណាល ដោយរីករាយថា៖ អាត្មាបានប្រឡងគ្រប់វិញ្ញាសា រួចហើយទោះបីមិនទាន់ដឹងលទ្ធផលក៏ដោយ ប៉ុន្តែអាត្មាជឿជាក់ថាប្រឡងជាប់។ បើតាមអាត្មាវិញ្ញាសាប្រឡងឆ្នាំនេះ វិញ្ញាសាអង់គ្លេសពិបាក បំផុត។ ទោះជាយ៉ាងនោះក៏ដោយ អាត្មាវាយ តម្លៃដោយអង្គឯងថាវិញ្ញាសានេះសម្រេចបានពិន្ទុពីមធ្យមឡើងទៅ ។
សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិថ្នាក់ខេត្តឆ្នាំនេះប្លែកជាងរាល់ឆ្នាំ គឺមិនចាត់តាំងប្រឡងរួម។ ចំណុចប្លែកទៀតនោះគឺ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិភូមិឆ្នាំទី ១ ទី ២ ពេលសមណ សិស្ស-សិស្សប្រឡងរួចស្រេច បណ្តាមណ្ឌលប្រ ឡងបូកសរុបពិន្ទុ រួចប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ដល់សមណសិស្ស-សិស្សដែលប្រឡងជាប់។ ចំពោះសមណសិស្ស-សិស្សប្រឡងទទួលសញ្ញាប័ត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិភូមិវិញបណ្តាមណ្ឌលប្រឡងគ្រាន់តែស្រង់ពិន្ទុ រួចហើយផ្ញើឯកសារប្រឡងរបស់សិស្សទៅសាលាគណ ខេត្ត ដើម្បីគណៈកម្មការពុទ្ធិកសិក្សាខេត្ត បូកសរុបពិន្ទុ រួចប្រគេន និងជូនសញ្ញាប័ត្រក្នុងពេលខាងក្រោយ៕ អត្ថបទ-រូបថត៖ សុជា