14/07/2022 15:06
ពុទ្ធបរិស័ទចូលកុសលទៀនព្រះវស្សា ។
អាស្រ័យបុណ្យទៀនវស្សាគ្មានកំណត់ថ្ងៃច្បាស់លាស់ ម៉្លោះហើយពុទ្ធបរិស័ទភាគច្រើនចាត់តាំងនៅថ្ងៃណាមួយក៏បាន។ ប៉ុន្តែថ្ងៃដែលពុទ្ធបរិស័ទ និយមជ្រើសពេលប្រារព្ធបុណ្យនេះចាប់ពីថ្ងៃ ១ កើតខែអាសាឍឬទុតិយាសាឍ។ ជាធម្មតាបុណ្យនេះច្រើនចាត់តាំងក្នុងរយៈពេល ២ ថ្ងៃ។ ថ្ងៃទី ១ ហៅថាថ្ងៃចូលបុណ្យ៖ ពេលយប់មានអញ្ជើញ ពុទ្ធបរិស័ទមកជួបជុំនិមន្តព្រះសង្ឃសូត្រមន្ត ប្រទានធម្មទេសនា ធ្វើកិច្ចពុទ្ធាភិសេក។ល។ តាមទ្រឹស្ដីព្រះពុទ្ធសាសនាពិធីកិច្ចនិមន្តព្រះសង្ឃចម្រើន ព្រះបរិត្តជាពិធីដែលមិនអាចខានបានឡើយ។ លុះពេលព្រឹកឬពេលថ្ងៃនៃថ្ងៃបន្ទាប់មក មាននិមន្តព្រះសង្ឃទទួលភត្ត បន្ទាប់មកទៀតទទួលភ្ញៀវកិត្តិយសជិតឆ្ងាយតាមការអញ្ជើញរាប់អានរបស់គ្រួសារមករួមអនុមោទនាកុសលបុណ្យ។ បន្ទាប់មកគ្រួសារ កូនចៅវង្សត្រកូលចាត់តាំងពិធីដង្ហែទៀនវស្សា បណ្ដាបរិក្ខារត្រៃចីវរ វត្ថុប្រើប្រាស់ចាំបាច់សម្រាប់ព្រះសង្ឃយកទៅវេរប្រគេនសង្ឃ នៅវត្តចាត់ជាកិច្ចឆ្លងបុណ្យ។
ទៀនវស្សាសម្រាប់ប្រគេនព្រះសង្ឃក្នុងឱកាសចាំព្រះវស្សាត្រូវមានខ្នាតធំបង្គួរ យ៉ាងហោចណាស់ដើម្បីដុតបំភ្លឺបានក្នុងរយៈពេល ៣ ខែដើម្បីព្រះសង្ឃធ្វើសង្ឃកម្មផ្សេងៗមានសំដែងព្រះបាតិមោក្ខជាដើម។ មានវត្តខ្លះទៀតដើម្បីបង្ការការឆាបឆេះ ច្រើនតម្រូវអង្គភិក្ខុ ឬសាមណេរប្រចាំថែទាំទៀនវស្សាផ្លាស់ប្ដូរវេនគ្នា។ ក្នុងសម័យកាលរីកចម្រើនដូចសព្វថ្ងៃ វត្តភាគច្រើនតែងប្រើអគ្គិសនីអុជបំភ្លឺក្នុងការប្រជុំជីវកិច្ចសាសនា ម៉្លោះហើយ ក្រៅពីប្រគេនទៀនវស្សា មានគ្រួសារខ្លះនៅទាំង ប្រគេនថវិកាសម្រាប់វត្តគិតគូរប្រាក់អគ្គិសនីក្នុងរយៈពេល ៣ ខែដើម្បីជួយឱ្យព្រះសង្ឃមានពន្លឺ គ្រប់គ្រាន់ដើម្បីប្រតិបត្តិកិច្ចការសាសនាពេលយប់។ ដោយអាស្រ័យរដូវចូលព្រះវស្សារបស់ព្រះសង្ឃ គឺជារដូវដែលមានភ្លៀងច្រើនជោកជាំ ម្ល៉ោះហើយ បរិក្ខារដែលអមតាមជាមួយទៀនព្រះវស្សានោះ គឺសំពត់សាដកគឺជាសំពត់សម្រាប់ព្រះសង្ឃស្រង់ ទឹកភ្លៀង។
ព្រះតេជគុណថាច់កាលី ព្រះពហុស្សូតវត្តបទុម ឈូកស (ចុងមីសថ្មី) ឃុំញីទ្រឿង ស្រុកកូវង៉ាង មានថេរដីកាថា៖ ជារៀងរាល់ឆ្នាំតែងមានពុទ្ធបរិស័ទចាត់តាំងបុណ្យទៀនព្រះវស្សាដង្ហែចូលកាន់វត្ត ដោយឡែកឆ្នាំនេះដល់ថ្ងៃ៨-៩ កើតខែអា សាឍទើបមានពុទ្ធបរិស័ទដង្ហែចូល មុនថ្ងៃចូល ព្រះវស្សារបស់ព្រះសង្ឃប្រមាណ ១ សប្ដាហ៍។ ឆ្នាំនេះព្រះសង្ឃមកស្នាក់នៅចូលព្រះវស្សាច្រើនបង្គួរ។ ហេតុនោះ ការចាត់តាំងប្រគេនទៀនវស្សា ព្រមទាំងបរិក្ខារផ្សេងៗជួយឱ្យព្រះសង្ឃរៀនសូត្រ ចាត់តាំងរាល់ពិធីកិច្ចក្នុងរយៈពេល ៣ ខែព្រះ វស្សាបានហ្មត់ចត់ជាង។
លោកគឹមតុកកាង អ្នកមានប្រជាប្រិយភាពនៅភូមដំបងពាក់ ឃុំដូងចូវ ស្រុកយ្វៀងហាយ រៀបរាប់ថា៖ សម័យដើមការកសាងបានទៀនព្រះវស្សាសមា្រប់ព្រះសង្ឃក្នុងរដូវគង់ចាំវស្សាជាការលំបាកណាស់។ ពុទ្ធបរិស័ទយកវត្ថុធាតុបន្តិច បន្តួចមករួមគ្នាសម្រាប់ធ្វើទៀនវស្សា។ ក្រោយពេលមានវត្ថុធាតុឃើញថាគ្រប់ល្មមសម្រាប់ធ្វើទៀន ពួកគាត់ធ្វើជារាងពុម្ព ធ្វើប្រឆេះ រួចយកក្រ មួនទៅស្លបន្ទាប់មកចាក់ចូលពុម្ពបង្កើតបានទៅ ជាទ្រង់ទ្រាយទៀន។ សម័យសព្វថ្ងៃទៀនបានដាក់ តាំងលក់នៅផ្សារ គាប់ជួនមានខ្នាតធំជាង ព្រះសង្ឃ អាចអុជបំភ្លឺបានគ្រប់គ្រាន់ជាង។
ក្នុងពុទ្ធសាសនាមានទ្រឹស្ដីថា “អ្នកឱ្យប្រទីបឈ្មោះថាឱ្យចក្ខុគឺភ្នែក” ម៉្លោះហើយពុទ្ធបរិស័ទ ក៏តែងធ្វើបុណ្យដង្ហែទៀនវស្សាប្រាថ្នាយកកុសលតាមទ្រឹស្ដីខាងលើផង។ បុណ្យដង្ហែទៀនវស្សា ជាបុណ្យមិនស្ថិតក្នុងពុទ្ធប្បញ្ញតិ្តពុទ្ធានុញាតឡើយ។ ទោះជាដូច្នោះក្ដីតាមទ្រឹស្ដីពុទ្ធសាសនាអ្នកសាងអំពើកុសលតែងបានកុសលនោះមកវិញ។ ប្រការសំខាន់បំផុតក្នុងឱកាសចូលព្រះវស្សាអង្គភិក្ខុ សាមណេរមិនបាននិមន្តទៅទីឆ្ងាយបើសិនមិនចាំបាច់ទើបពុទ្ធបរិស័ទក៏មានបំណងមិនឱ្យព្រះសង្ឃមានការព្រួយបារម្ភពីកង្វះខាតផ្សេងៗ ក៏ចាត់តាំងធ្វើទៀនវស្សា មួយអន្លើដោយបរិក្ខារដទៃទៀត ជួយឱ្យភិក្ខុ សាមណេរបានគង់ចាំព្រះ វស្សាបីខែបរិបូណ៌ រីឯភិក្ខុគ្រប់លក្ខណៈបានអនុ មោទនាកឋិនតាមពុទ្ធានុញ្ញាតក្រោយពេលបញ្ចប់រដូវកាន់វស្សា៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ