17/04/2023 09:15
*បេក្ខសិស្ស ថាច់វ៉ិន៖ សំដែងព្រះបាតិមោក្ខចប់ ០៣ លើក
បេក្ខសិស្សថាច់វ៉ិន (ខាងស្តាំ) ថតរូបអនុស្សាវរីយ៍ជាមួយព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិ ថាច់សុខសាន្ត កាលពីរាត្រីប្រ កាសលទ្ធផលនៅវត្តពោធិវង្សកំពង់ដូង។
បេក្ខសិស្ស ថាច់វ៉ិនគង់នៅវត្តមជ្ឈិមារាម កណ្តាល ឃុំហ្វាអឹង ស្រុកកូវកែ សិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ នៅវត្តភាគរាជដួងកែវកំពង់ដូង (ផ្នោដូង)ឃុំ ដាយអាង ស្រុកថ្កូវ។ បេក្ខសិស្ស ថាច់វ៉ិន បានជម្នះបេក្ខសិស្ស ១៦២ អង្គ និងរូបដើម្បីទទួលជ័យលាភីលេខ ១ នៅមណ្ឌល ប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិនាឆ្នាំសិក្សា ២០២២-២០២៣។ គួរជ្រះថ្លាជាពន់ពេកគឺក្នុងរយៈកាល ០៣ ឆ្នាំសិក្សាពុទ្ធិកមធ្យមសិក្សាទុតិយភូមិបេក្ខសិស្សថាច់ វ៉ិនបានសំដែងព្រះបាតិមោក្ខចប់ ០៣ លើក ។
ក្នុងអំឡុងពេល ០៧ ឆ្នាំសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋម ភូមិ-ទុតិយភូមិ នៅពេលប្រឡងបញ្ចប់ឆ្នាំសិក្សាបេក្ខសិស្ស ថាច់វ៉ិនតែងទទួលបានជ័យលាភីយ៉ាងគាប់ប្រសើរ។ ក្នុង នោះមានទទួលជ័យលាភី លេខ ១ ចំនួន ០៣ លើក លេខ ០២ ចំនួន ០១ លើក លេខ ០៣ ចំនួន ០២ លើក និងលេខ ០៥ ចំនួន ០១ លើក។ សម្រេចបានលទ្ធផលដ៏ឆ្នើមទាំងនោះ បេក្ខសិស្ស ថាច់វ៉ិនតែងព្យាយាមរៀនសូត្រជានិច្ច។ ទន្ទឹម នឹងសិក្សាសម្រេចលទ្ធផលអស្ចារ្យនោះ បេក្ខសិស្សថាច់វ៉ិន នៅទាំងព្យាយាមស្វាធ្យាយព្រះបាតិមោក្ខ ២៧៧ សិក្ខាបទ ដោយស្ទាត់ជំនាញដើម្បីសំដែងនៅរោងឧបោសថតាមពុទ្ធប្បញ្ញត្តិ។
បេក្ខសិស្ស ថាច់ វ៉ិនសំណេះសំណាលថា៖ ពុទ្ធោវាទ ក៏ ដូចមាគ៌ាព្រះពុទ្ធសាសនា គឺជាសច្ចធម៌ដែលយើងត្រូវរៀន សូត្រឲ្យយល់ច្បាស់សម្រាប់អនុវត្តន៍ជាក់ស្តែងក្នុងជីវភាព។ ព្រះបាតិមោក្ខ ២៧៧ សិក្ខាបទ ជាភាសាបាលី ថ្វីត្បិតតែពិបាក ចងចាំ ប៉ុន្តែបើយើងតាំងចិត្តស្មិងស្មាធិ៍ ស្វាធ្យាយដោយគោរព ពិតជាមិន ពិបាកអ្វីឡើយ។ ការតំាងចិត្តស្មិងស្មាធិ៍នោះបាន ទៅជាទម្លាប់ល្អក្នុងដំណើរសិក្សារបស់អាត្មា សម្រេចបានលទ្ធ ផលដូចសព្វថ្ងៃ។
*បេក្ខសិស្ស ថាច់ច័ន្ទណា៖ ជម្នះបេក្ខសិស្ស ៣៤២ អង្គ និងរូប ទទួលជ័យ លាភីលេខ ១
បេក្ខសិស្ស ថាច់ច័ន្ទណា (ខាងឆ្វេង) ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះគ្រូអចិន្ត្រៃយ៍នៅថ្ងៃទទួលសញ្ញាប័ត្រនៅសាលាគណខេត្ត។
បេក្ខសិស្ស ថាច់ច័ន្ទណា គង់នៅវត្តផ្នោពោនខេត្តសុកត្រាំង និមន្តមកខេត្តត្រាវិញដើម្បីសិក្សាពុទ្ធិកមធ្យមសិក្សាបឋមភូមិអស់រយៈកាល ០៤ ឆ្នាំកន្លង។ ឆ្នាំទី ៤ ព្រះអង្គ បានសិក្សានៅវត្តពោធិគិរីវង្សារាម (ស្វាយសៀមថ្មី) ស្រុកថ្កូវរួចចូលរួមប្រឡងនៅវត្តពិធិវង្សកំពង់ដូង (ផ្នោរដូង) ក៏ជម្នះបានបេក្ខសិស្ស ៣៤២ អង្គ និងរូបទទួលបានជ័យលាភីលេខ ១។
ដោយនិមន្តទៅសិក្សានៅឆ្ងាយពីស្រុកកំណើតដូច្នោះ ហើយបេក្ខសិស្សថាច់ច័ន្ទណា តែងព្យាយាមសិក្សា។ ក្នុងអំឡុងពេលសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិបេក្ខសិស្ស ថាច់ច័ន្ទណាតែងទទួលបានលទ្ធផលខ្ពស់ក្នុងការសិក្សាជានិច្ច។ ក្នុងនោះ ទទួលជ័យលាភីលេខ ០១ បាន ០២ លើក។
ព្រះតេជគុណច័ន្ទណាសំណេះសំណាលថា៖ មកសិក្សា ឆ្ងាយពីស្រុកកំណើតមានពេលខ្លះអាត្មាក៏នឹកគ្រួសារវត្តអារាម និងញាតិសន្តានដែរ ។ ប៉ុន្តែដោយបានព្រះតេជគុណ ព្រះចៅអធិការ គ្រូបង្រៀន និងមិត្តភក្តិអាណិតស្រឡាញ់ ផ្តល់នូវភាពកក់ក្តៅដល់អាត្មាទើបអាត្មាជម្នះនូវការលំបាក ខិតខំព្យាយាមជានិច្ចទើបសម្រេចលទ្ធផលដូចបច្ចុប្បន្ន។
ថ្វីត្បិតតែមិនស្គាល់គ្នា មិនមែនជាមិត្តរួមថ្នាក់ ប៉ុន្តែបេក្ខសិស្ស ថាច់វ៉ិន និងបេក្ខសិស្សថាច់ច័ន្ទណាមានចំណុចដូចគ្នា គឺមាន "ឆន្ទៈមោះមុត " ក្នុងការសិក្សា ទើបទទួលបានលទ្ធផលអស្ចារ្យក្នុងសម័យ ប្រឡងនៅមណ្ឌលវត្តពោធិវង្ស កំពង់ដូងកាលពីខែមករា ឆ្នាំ ២០២៣ កន្លង៕