13/12/2022 09:07
ខ្លោងទ្វារវត្តកិញ្ឆាង។
សម្រស់ស្រស់ស្អាតនៃវត្តមង្គលឧទ្យាន (កិញ្ឆាង) គឺលម្អដោយរចនាបទអំពីសំណង់ព្រះពុទ្ធសាសនា ប្រកបដោយលក្ខណៈដោយឡែកបញ្ជាក់អំពីអត្តសញ្ញាណវិសេសវិសាលនៃជនរួមជាតិខ្មែរ។ ទាំងពីរបងវត្ត ខ្លោងទ្វារ ព្រះវិហារ ឧបដ្ឋានសាលា សមណកុដិ។ល។ តែងភ្ជាប់ដោយបណ្ដាក្បូរក្បាច់ យ៉ាងលម្អិត បង្កើតចេញដោយដៃប៉ិនប្រសប់របស់ជាងសំណង់។ រួមជាមួយនោះ គឺការលាបលនពណ៌សមស្របទៅតាមប្រភេទក្បាច់នីមួយៗ ធ្វើឱ្យសំណង់រំលេចឡើងនូវទ្រង់ទ្រាយយ៉ាងស្រស់ស្អាត។ នៅខាងលើខ្លោងទ្វារចូលកាន់វត្ត មានរូបព្រះពុទ្ធរូបប្រទានអភ័យ ជានិមិត្តនៃការប្រោះព្រំ ពីភ័ព្វសំណាង សុខក្សេមក្សាន្តដល់ជនទាំងឡាយណាពេលឈានជើងចូលមកកាន់វត្ត។ ភាគខាងកើតនៃព្រះវិហារ គឺជាវាលស្រែស្រឡះប្រកបដោយជ្រលងវាយោបក់បោកយ៉ាងត្រជាក់ ធ្វើឱ្យអ្នកចូលមកទស្សនាមានអារម្មណ៍ស្រស់ស្រាយពេលស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ។
ព្រះតេជគុណសុធម្មោថាច់មី ព្រះចៅអធិការ វត្តមង្គលឧទ្យាន (កិញ្ឆាង) មានសង្ឃដីកាឱ្យដឹងថា៖ វត្តបានចាប់ផ្ដើមកសាងនៅក្នុងឆ្នាំ ១៩៦១ លើផ្ទៃដីជាង ០,៥ ហិកតាដែលមានថ្លុកស្រះយ៉ាងច្រើន។ កាលទើបកសាងព្រះវិហារបានកសាងដោយសម្ភារបណ្ដោះអាសន្ន ក្រោយមកកសាងព្រះវិហារតូចមួយមានកម្ពស់ ២ ជាន់ ប៉ុន្តែក៏ជាមួយសម្ភារមិនបានមួនមាំប៉ុន្មានក៏ឆាប់ខូចទ្រុឌទ្រោម។ នៅឆ្នាំ ២០១៨ វត្តចាប់ផ្ដើមកសាងព្រះវិហារថ្មី រួចមកទល់ពេលនេះទ្រង់ទ្រាយសំណង់បានកសាងរួចរាល់ នៅតែខាងក្នុងនៅមានការ គូរគំនូររឿងពុទ្ធប្រវត្តិ និងនិទានជាតកដទៃៗទៀត ជាការរួចស្រេចទាំងស្រុងសម្រាប់សំណង់ព្រះ វិហារ។ ក្រៅពីព្រះវិហារវត្តកំពុងកសាងសមណកុដិមួយខ្នងនៅភាគខាងត្បូងព្រះវិហារមានកម្ពស់ ២ ជាន់ (ជាន់ខាងលើកសាងបន្ថែមបន្ទប់រៀន សម្រាប់ថ្នាក់ពុទ្ធិកសិក្សា)។ ពេលសមណកុដិ កសាងសម្រេចនោះ សំណង់ដែលនៅខាងមុខទាំងប៉ុន្មានត្រូវរុះរើចេញ ដើម្បីឱ្យទីធ្លារបស់វត្តធំទូលាយ។
វត្តកិញ្ឆាង មានពុទ្ធបរិស័ទចំណុះវត្តប្រមាណជាង ៣០០ គ្រួសារ។ ជាមួយតួនាទីជាព្រះចៅអធិការ ព្រះតេជគុណ ថាច់មី ព្រះអង្គបានផ្សារភ្ជាប់ ស្មារតីសាមគ្គីរវាងព្រះសង្ឃនិងព្រះសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទពុទ្ធបរិស័ទនិងពុទ្ធបរិស័ទនៅទីនេះ បានយ៉ាងល្អប្រសើរ។ ពុទ្ធបរិស័ទយកចិត្តទុកដាក់ និងចូលរួមវិភាគទានទៅតាមកម្លាំងសទ្ធាដើម្បីកសាង បណ្តាសំណង់ក្នុងវត្តសម្រាប់ស្នាក់អាស្រ័យ រៀនសូត្ររបស់ព្រះសង្ឃ និងការគោរពបូជារបស់ពុទ្ធបរិស័ទ ។
ព្រះតេជគុណថាច់មី មានសង្ឃដីកាឱ្យដឹងបន្ថែម៖ ភាពមានព្រៀបរបស់វត្តគឺស្ថិតនៅក្បែរផ្លូវជាតិលេខ ៥៤ សំណង់ជាច្រើនបានកសាងយ៉ាងសមរម្យ ម៉្លោះហើយក៏ក្លាយជាកន្លែងមកទស្សនា កម្សាន្តរបស់ភ្ញៀវទីជិតទីឆ្ងាយ ។
មិនត្រឹមតែមានលម្អអំពីសម្រស់នៃបណ្ដាសំណង់ស្ថាបត្យកម្មឡើយ វត្តនៅទាំងមានលម្អ ដោយលក្ខណវប្បធម៌នៃមនុស្សជាតិទៀតផង។ ជារៀងរាល់ឆ្នាំវត្តតែងបើកបណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សា ខេមរភាសាសម្រាប់ព្រះសង្ឃសមណសិស្ស ពីវត្តនានាទាំងក្នុងនិងក្រៅស្រុក សិស្សានុសិស្សជាកូនចៅរបស់ជនរួមជាតិខ្មែរចំណុះជើងវត្តស្នាក់ អាស្រ័យរៀនសូត្រ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ