20/06/2023 09:40
លោកមា ឡឹមថឹង នៅភូមិព្រះស្រែ ឃុំលឿងហ្វា ស្រុកចូវថាញ់ ។ បច្ចុប្បន្នគាត់ជាអតីតប្រធានការិយាល័យឯកទេស - ចលនា នៃបណ្ណាល័យខេត្តត្រាវិញ ។ ជិត ៣០ ឆ្នាំកន្លង លោកមាឡឹមថឹងតែងម្ចាស់ការផ្ញើវណ្ណកម្មជាច្រើន ជាពិសេសវណ្ណកម្មកំណាព្យដែលមានខ្លឹមសារស្ងើចសរសើរអំពីមាតុភូមិត្រាវិញ អប់រំយុវជន ភាពរីកចម្រើនរបស់ភូមិស្រុកជាដើម ផ្ញើមកសហការជាមួយកាសែតត្រាវិញខេមរភាសា។ លោកមាគឺជា សហការី "ជិតស្និទ្ធ" ទំព័រកំណាព្យរបស់កាសែតត្រាវិញខេមរភាសា។
លោកមា ឡឹមថឹង កំពុងជ្រើសវណ្ណកម្មកំណាព្យសម្រាប់ផ្ញើមកគណៈរៀបរៀងកាសែតត្រាវិញជាខេមរភាសា។
កាលនៅជាប្រធានការិយាល័យឯកទេស - ចលនា នៃបណ្ណាល័យខេត្តត្រាវិញ លោកមាមិនត្រឹមតែរាយការណ៍ ផ្តល់យោបល់ដល់គណៈនាយកបណ្ណាល័យខេត្តប៉ុណ្ណោះទេ គាត់នៅទាំងគ្រប់គ្រង អនុវត្តដោយផ្ទាល់ នូវការងារជាច្រើនដូចជា៖ បំពេញបន្ថែម និងស្រាវជ្រាវឯកសារសម្រាប់អ្នកអាន ត្រួតពិនិត្យសារពើភ័ណ្ឌ និងស្ថិតិសៀវភៅ ទិន្នន័យ និងឯកសារនៅបណ្ណាល័យខេត្ត។ ចាត់តាំងទៅត្រួតពិនិត្យប្រព័ន្ធបណ្ណាល័យតាមស្រុក ទីក្រុង បណ្ណាល័យនៅមូលដ្ឋានស្ថិតក្រោមឱវាទ។ល។ លោកមាបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ប្រទានជូនគ្រឿងអនុស្សរិយយសព្រោះបុព្វហេតុអភិវឌ្ឍន៍វិស័យវប្បធម៌ កីឡា និងទេសចរណ៍ ( ឆ្នាំ ២0១៣) ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដោយមានស្នាដៃឆ្នើមក្នុងការកសាង និងចាត់តាំងសកម្មភាពបណ្ណាល័យនៅមូលដ្ឋាន(ឆ្នាំ ២0២២)។
ទន្ទឹមនឹង អនុវត្ត ល្អ ការងារមុខជំនាញ អស់រយៈកាលជាង ៣០ ឆ្នាំកន្លង លោកមាឡឹមថឹង នៅទាំងចំណាយពេលថ្ងៃចុងសប្តាហ៍ចូលរួមបង្រៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ នៅវត្តអង្គរាជបូរី (អង្គ) ទៀតផង។ គាត់ទទួលបន្ទុកបង្រៀនមុខវិជ្ជា ភាសាខ្មែរ កំណាព្យ ជាដើម ។ ជាមុខវិជ្ជាមានលក្ខណៈ អក្សរសិល្ប៍ ត្រូវសិក្សាច្រើនផ្នែក គឺតាំងពីតែងកាព្យ វិភាគសុភាសិតបុរាណ រឿងព្រេងជាដើម ដូច្នេះហើយទើបគាត់មានការស្រាវជ្រាវច្រើនដើម្បីមានបទពិសោធន៍ច្រើនក្នុងការបង្រៀន និពន្ធកំណាព្យ វិភាគសុភាសិតបុរាណ។ល។ ដោយមានចំណូលចិត្ត និងបទពិសោធន៍ក្នុងការនិពន្ធកំណាព្យ អត្ថបទ លោកមាឡឹមថឹងក៏បានផ្សារភ្ជាប់ជាមួយការសែតត្រាវិញខេមរភាសាដើម្បីផ្ញើកំណាព្យ អត្ថបទមកផ្សព្វផ្សាយអស់រយៈកាលជិត ៣០ ឆ្នាំកន្លងមកហើយ។
សម្រាប់អ្នកយកសារព័ត៌មាន ក៏ដូចជាសហការីដែរ តែងចងចាំជានិច្ចចំពោះវណ្ណកម្មរបស់ខ្លួនដែលបានចុះផ្សាយលើទំព័រកាសែតលើកដំបូងបង្អស់ ។ នោះជាវណ្ណកម្មដែលដក់ជាប់ក្នុងអារម្មណ៍មិនអាចភ្លេចបាន។ ចំពោះលោកមាឡឹមថឹងក៏ដូច្នោះដែរ មកទល់ពេលនេះ គាត់បានចងចាំជានិច្ចចំពោះកំណាព្យរបស់គាត់ដែលបានគណៈរៀបរៀងចុះផ្សាយនៅលើទំព័រការសែតត្រាវិញខេមរភាសាលើកដំបូងបង្អស់។
លោកឡឹមថឹងមានប្រសាសន៍ថា៖ ខ្ញុំចាំជានិច្ចកាលពីឆ្នាំ ១៩៩៥ កំណាព្យរបស់ខ្ញុំបានគណៈរៀបរៀងកាសែតត្រាវិញខេមរភាសាចុះផ្សាយលើកដំបូង នោះគឺជាបុព្វហេតុ ក៏ដូចជាឱកាសដ៏ល្អមួយជំរុញទឹកចិត្តខ្ញុំ ផ្សារភ្ជាប់ជាមួយកាសែតត្រាវិញខេមរភាសារហូតមកទល់ពេលនេះ។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានសរសេរអត្ថបទឆ្លុះបញ្ចាំងអំពីជីវភាព និងវប្បធម៌របស់ ជនរួមជាតិខ្មែរក្នុងខេត្តដូចជា៖ តួនាទីរបស់វត្តពុទ្ធសាសនាមហានិកាយខ្មែរក្នុងសង្គម ភាពវិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរអាស្រ័យគោលនយោបាយរបស់បក្ស និងរដ្ឋ។ល។ ពេលខ្លះ គណៈរៀបរៀងកាសែតត្រាវិញខេមរភាសាបានដាក់ឱ្យខ្ញុំសរសេរអត្ថបទ កំណាព្យ ពេលខ្លះខ្ញុំមានការត្រេកអរចំពោះការអភិវឌ្ឍន៍របស់មាតុភូមិ ខ្ញុំក៏សរសេរជាកំណាព្យ អត្ថបទរួចផ្ញើជូនគណៈរៀបរៀង។ ខ្ញុំត្រេកអរណាស់ ដោយបានគណៈរៀបរៀងកាសែតត្រាវិញខេមរភាសា បានទទួល និងចុះផ្សាយកំណាព្យ ក៏ដូចជាអត្ថបទរបស់ខ្ញុំ។ ទន្ទឹមនឹងនោះ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដោយបានកាសែតត្រាវិញខេមរភាសាចុះផ្សាយនូវសារព័ត៌មានមានគុណភាព ច្បាស់លាស់តាមហេតុការណ៍ ទទួលបានការស្ងើចសរសើរយ៉ាងច្រើនពីសំណាក់អ្នកអាន។ ម៉្យាងវិញទៀត កាសែតត្រាវិញខេមរភាសានៅទាំងរក្សាខ្ជាប់ទំព័រកំណាព្យដែលទាក់ទាញកវីនិពន្ធល្បីឈ្មោះក្នុងខេត្តជាច្រើនរូបបានយកចិត្តទុកដាក់ និង ផ្ញើកំណាព្យ ជាច្រើនប្រភេទ មានខ្លឹមសារសម្បូរបែប កម្រងកាព្យពីរោះរណ្តំទាក់ទាញអារម្មណ៍អ្នកអានយ៉ាងច្រើន ។ បើតាមគំនិតរបស់ខ្ញុំ កាសែតត្រាវិញ ខេមរភាសាគួរចុះផ្សាយកំណាព្យឲ្យបានទៀងទាត់ ។ ពីព្រោះបន្ទាប់ពីអានសារព័ត៌មាន ដំណឹង ឬអត្ថបទផ្សេងៗដែលឆ្លុះបញ្ចាំងពីជីវភាព និងសង្គមក្នុងតំបន់ខ្មែរក្នុងខេត្ត ចាំបាច់ត្រូវមានទំព័រកំណាព្យ ដើម្បីអ្នកអានកម្សាន្តអារម្មណ៍បន្ទាប់ពីធ្វើការងារនឿយហត់។ ព្រោះកំណាព្យគឺជាវណ្ណកម្មអក្សរសិល្ប៍ ជាអាហារសតិអារម្មណ៍មិនអាចខ្វះបានក្នុងជីវភាព។
បច្ចុប្បន្ន កាសែតត្រាវិញខេមរភាសាមានសហការីជាច្រើននាក់ ជាអ្នកនិពន្ធ កវីនិពន្ធ ជាកម្មាភិបាលកំពុងធ្វើការ កម្មាភិបាលចូលនិវត្តន៍។ ទោះបីគាត់ប្រកបអាជីពដាច់ដោយឡែករៀងៗខ្លួនក៏ដោយ ប៉ុន្តែគាត់មានចំណូលចិត្តដូចគ្នា គឺស្នេហាអក្សរសាស្រ្តរបស់ខ្លួន ទើបគាត់ឆ្លៀតពេលសរសេរកំណាព្យ អត្ថបទផ្ញើមកកាសែត។ ក្នុងចំណោមសហការីទាំងនោះមាន ព្រះតេជគុណគឹមជុំ ព្រះចៅអធិការ វត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ស្រុកទីវកឹង សិល្បករឆ្នើមសាងសេដ្ឋ អតីតនាយករងស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ លោកស៊ើងកុសល ប្រធានការិយាល័យជនជាតិស្រុក យ្វៀងហាយ លោកគ្រូសឺនសៅរ៍ គ្រូបង្រៀនសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ លោកថាច់គីមសី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងហ៊ីប លផកគឹមស៊ើង សុវណ្ណែនជាដើមសុទ្ធតែជាអ្នកមានមនសិការស្នេហាអក្សរសាស្រ្តជាតិ មានបញ្ញាឈ្លាសវៃ សហការីទាំងអស់បានរួមចំណែកយ៉ាងសកម្មក្នុងការសរសេរអត្ថបទព័ត៌មាន កំណាព្យល្អៗ ពីរោះរណ្តំ ស៊ីជម្រៅទៅក្នុងជីវភាពជនរួមជាតិខ្មែរ ផ្ញើមកចូលរួមផ្សព្វផ្សាយតាមរយៈកាសែតត្រាវិញខេមរភាសា៕
អត្ថបទ‑ រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។