11/06/2024 13:34
រដូវវិស្សមកាលឆ្នាំនេះ វត្តត្រពាំងវែង ឃុំញីទ្រឿង ទទួលសិស្សជាង ២០០ រូបចូលរៀនអក្សរខ្មែរពីថ្នាក់ទី ១ ដល់ទី ៤។ ក្រៅពីនោះ វត្តនៅទាំងបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិបានមួយថ្នាក់ ដោយមានសមណសិស្សជិត ១០ អង្គនិមន្តពីវត្តនានាមកសំណាក់សិក្សា។ អាស្រ័យហេតុនោះ បរិយាកាសរដូវវិស្សមកាលឆ្នាំនេះនៅក្នុងវត្តមានភាពអ៊ូអរជាង។
ព្រះតេជព្រះគុណ ថាច់ភិរម្យ ក្នុងម៉ោងបង្រៀនអក្សរសាស្រ្តខ្មែរដល់ប្អូនៗ។
ព្រះតេជគុណ ថាច់ភិរម្យ ព្រះចៅអធិការវត្តត្រពាំងវែងមានថេរដីកាថា៖ ក្នុងរដូវវិស្សមកាលឆ្នាំនេះ ចំនួនប្អូនៗចុះឈ្មោះចូលរៀនច្រើនជាងរដូវវិស្សមកាលឆ្នាំ ២០២៣។ ប្រការនោះជាការបញ្ជាក់ឱ្យឃើញថា ការសិក្សាអក្សរសាស្រ្តខ្មែររបស់ប្អូនៗតែងបានឪពុកម្ដាយយកចិត្តទុកដាក់។ វត្តតែងខិតខំអស់ពីសមត្ថភាពដើម្បីបម្រើការបានល្អជាងពីតម្រូវការរៀនសូត្រអក្សរសាស្រ្តខ្មែររបស់ប្អូនៗ រួមចំណែកលើកកម្ពស់ចំណេះដឹងភាសាខ្មែរសម្រាប់ប្អូនៗ។
ប្អូនថាច់ធីធីតា សិស្សថ្នាក់ទី ៦ សាលាអនុវិទ្យាល័យញីទ្រឿងសំណេះសំណាល៖ ប្អូនចូលរៀននៅក្នុងវត្តនេះជាច្រើនឆ្នាំមកហើយ ឆ្នាំនេះប្អូនចុះឈ្មោះរៀនថ្នាក់ទី ៣ អក្សរសាស្រ្តខ្មែរនៅក្នុងវត្ត។ រៀនអក្សរសាស្រ្តខ្មែរនៅក្នុងវត្តមិនចាប់បង្ខំឱ្យរៀនសូត្រច្រើនវិញ្ញាសាឡើយ ផ្ដុំឱ្យការរៀនច្រើនបំផុតតែអំពីអក្សរសាស្រ្តខ្មែរ ម៉្លោះហើយប្អូនទទួលបានការចេះចាំឆាប់រហ័សជាង។ រៀនសូត្រនៅក្នុងវត្ត ប្អូននៅទាំងបានលោកគ្រូៗណែនាំពីចំណេះដឹងមួយចំនួនទាក់ទងដល់ប្រពៃណីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរធ្វើឱ្យ ប្អូនក៏ដូចជាមិត្តភក្ដិដទៃទៀតមានការជក់ចិត្តក្នុងការរៀនសូត្រនិងជួយឱ្យប្អូនសម្រេចបានលទ្ធផលល្អជាង ចំណេះដឹងភាសាខ្មែររបស់ប្អូនកាន់តែបានលើកកម្ពស់ជាង។
មានឆ្នាំខ្លះ ជាមួយចំនួនសមណសិស្សមិនគ្រប់សម្រាប់បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិនោះ វត្តទាំងនោះមិនបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាឡើយ។ ប៉ុន្តែចំពោះថ្នាក់វិជ្ជាខេមរភាសា វត្តណាក៏ដោយតែងឆ្លៀតបើកបានទៀងទាត់ ពីព្រោះនេះជាបណ្ដាថ្នាក់ថ្នាលចំណេះដឹង ជួយឱ្យប្អូនៗអាចអានភាសាខ្មែរបានច្បាស់លាស់ និយាយភាសាខ្មែរបានត្រឹមត្រូវ។
ប្អូនៗចូលរួមរៀនអក្សរសាស្រ្តខ្មែរនៅវត្តត្រពាំងវែង។
បច្ចុប្បន្ន សិស្សានុសិស្សជនជាតិខ្មែរមួយចំនួន ច្រើនតែអានឃ្លាតចាកភាពដើមចំពោះពាក្យមួយចំនួនដែលមានព្យញ្ជនៈ “ល” នៅខាងចុង ទៅជាពាក្យមានព្យញ្ជនៈ “យ” នៅខាងក្រោយទៅវិញ ឧទាហរណ៍ដូចជា៖ ពាក្យ “ផល” ទៅជា “ផយ” ពាក្យ “ចូល” ទៅជា “ចូយ” ពាក្យ “ដល់” ទៅជា “ដយ”។ល។ ពេលបានចូលរៀនក្នុងវត្ត ពាក្យទាំងនោះ តែងបានគ្រូបង្រៀនណែនាំអានឱ្យបានច្បាស់ ត្រឹមត្រូវតាមសូរស័ព្ទ ពេលប្រស្រ័យជាមួយមនុស្សគ្រប់រូបមានភាពងាយស្រួលជាង។
ប្អូនៗរៀនសូត្រនៅក្នុងវត្តគឺបង្កបរិយាកាសសប្បាយដើម្បីរៀនសូត្រតាមរបៀបបញ្ជ្រាបជាបណ្ដើរ។ ពីព្រោះភាសាអក្សរសាស្រ្តខ្មែរស្ថិតក្នុងក្រុមភាសាពិបាក ប្រសិនបើចាប់បង្ខំឱ្យប្អូនរៀនសូត្រតឹងតែងពេក ងាយធ្វើឱ្យប្អូនៗមានការធុញទ្រាន់ក្នុងការរៀនសូត្រ។ ម៉ោងរៀនពេលណាក៏បានឆ្លាស់ជាមួយនិទានរឿង ជាក់ស្ដែងគឺរឿងនិទានណាដែលមានខ្លឹមសារទាក់ទងដល់ការអប់រំពីបុគ្គលិកលក្ខណៈយ៉ាងជ្រាលជ្រៅ ដើម្បីប្អូនៗក្ដាប់ រួចអនុវត្តទៅក្នុងជីវភាពជាក់ស្ដែង។
ព្រះតេជព្រះគុណ ថាច់ភិរម្យ មានថេរដីកាឱ្យដឹងបន្ថែមទៀតថា ប្អូនៗពេលធំឡើងច្រើនតែប្រសព្វជាមួយសង្គម មិត្តភក្ដិដែលមានអាយុដំណាលគ្នា មិនសូវទទួលបានការអប់រំពីសីលធម៌តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ ពេលប្អូនជួបចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ ឬអ្នកណាមួយដែលគួរជម្រាបសួរ លើកដៃសំពះ។ល។ជួនកាលប្អូនៗអនុវត្តមិនទាន់បានសមស្រប នៅមានការឆ្គាំឆ្គង។ ពេលមករៀននៅក្នុងវត្ត ក្រៅពីការអប់រំភាសាអក្សរសាស្រ្ត អាចារ្យបង្រៀននៅទាំងអប់រំពីកាយវិការមួយចំនួនដូចជាសំពះ ជម្រាបសួរជាដើម ដើម្បីធ្វើឱ្យការជម្រាបសួរសមស្របជាមួយទំនៀមរបស់ជនរួមជាតិខ្មែរ។
បណ្ដាវត្តលើភូមិសាស្រ្តស្រុកកូវង៉ាង ចាត់តាំងថ្នាក់បង្រៀនភាសាខ្មែរក្នុងរដូវវិស្សមកាលចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២៩២៤ តាមការគ្រោងទុក នឹងបញ្ចប់កម្មវិធីបង្រៀននៅចុងខែសីហាឆ្នាំ ២០២៤ ដើម្បីប្អូនៗត្រៀមបម្រុងស្មារតីបន្តការសិក្សាកម្មវិធីសកលនៅតាមបណ្ដាសាលា។ បញ្ចប់រដូវសិក្សា បណ្ដាវត្តក៏ចាត់តាំងប្រឡងវាយតម្លៃលទ្ធផល ជូនលិខិតបញ្ជាក់ដើម្បីឆ្នាំក្រោយប្អូនៗបានរៀនថ្នាក់ខ្ពស់ជាង៕
អត្ថបទ-រូបថត៖ សម្បត្តិ