08/05/2022 14:55
១. ទឹកមើមប៊ីត (ឆៃថាវក្រហម)៖ ចូរបន្ថែមទឹកមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់បញ្ចុះសម្ពាធឈាមតាមបែបធម្មជាតិ។ ប្រសិទ្ធភាពជួយបញ្ចុះសម្ពាធឈាម នេះបានមកដោយសារមើមឆៃថាវក្រហមមានកម្រិតសារធាតុនីត្រាតខ្ពស់។ ការទទួលទានអាហារដែលសម្បូរដោយសារធាតុនីត្រាត អាចនាំឱ្យមានប្រតិកម្មគីមីជាបន្តបន្ទាប់ក្នុងឈាមដែលបញ្ហានេះអាចបង្កើនបរិមាណអុកស៊ីសែន នៅកន្លែងដែលរាងកាយខ្វះ។ លើសពីនេះទៅទៀត ទឹកមើមឆៃថាវក្រហមក៏ជួយធ្វើអោយសសៃឈាមរីកធំ ហើយសម្ពាធឈាមនឹងថយចុះ។
២. ទឹកក្រូចច្របាច់៖សារធាតុអេសស្ពែរីឌីន (Hesperidin) ដែលមានផ្ទុកនៅក្នុងទឹកក្រូចស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានទឹកក្រូចច្របាច់ស្រស់ទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមជាដើម។
៣. តែបៃតង៖ ភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាសុខភាពសសៃឈាមល្អប្រសើរ។ វាក៏មានលក្ខណៈសម្បត្តិកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ហើយស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ គឺអ្វីមួយដែលអាចបង្កឱ្យសម្ពាធឈាមឡើងខ្ពស់៕