
តាមការប៉ាន់ស្មានក្នុងមណ្ឌលវត្តផ្នោរដូង មានកុក និងបណ្ដាប្រភេទសត្វដទៃៗទៀតដល់ទៅរាប់សិបពាន់ក្បាល។ បានជាវត្តក្លាយជាទីកន្លែង ជ្រកកោនរបស់បណ្ដាប្រភេទសត្វស្លាប ព្រោះបាន ព្រះសង្ឃ ការពារហាមប្រាមម៉ឺងម៉ាត់ការប្រមាញ់ រួមជាមួយនោះគឺការលៃលកកន្លែងសម្រាប់ទំនៅរបស់បណ្ដាប្រភេទសត្វញុាំងឱ្យហ្វូងសត្វផ្ដុំមក ជ្រកកោនកាន់តែច្រើនឡើង។ ព្រះតេជគុណ ត្រឿងវុាំងបៀង ព្រះចៅអធិការវត្តផ្នោរដូង មានថេរដីកាឱ្យដឹងថា៖ កាលពីមុនវត្តមិនទាន់កសាងបានរបងរឹងមាំ ជនមួយចំនួនតែងលបចូលមកបាញ់ សត្វនៅក្នុងវត្ត។ ដោយមានបំណងការពារហ្វូង សត្វបក្សី វត្តក៏បើកបន្ថែមផ្ទៃដីមួយចំនួនទៀត រួចធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងដាំបណ្ដាប្រភេទឈើមួយចំនួនដូចជា៖ គគីរ ឈើទាលជាដើម ធ្វើជាទ្រនំជ្រកកោនរបស់សត្វ ។ ជាមួយសំណើររបស់វត្តក្នុងការរក្សាហ្វូងបក្សី រដ្ឋអំណាច និងផ្នែកពាក់ព័ន្ធ បានឯកភាពដាក់ចេញគោលដៅការពារ ហាមប្រាមអំពើប្រមាញ់បណ្ដាប្រភេទសត្វចម្ងាយជុំវិញ ៥០០ ម៉ែត្រគិតពីរបងវត្តចេញទៅក្រៅ។ រួមជាមួយនោះកន្លែងមួយចំនួនដែលមានសត្វទំជ្រកកោនច្រើនក៏កាត់បន្ថយកុំឱ្យមនុស្សចេញចូលប៉ះពាល់ដល់ហ្វូងសត្វទៀតផង។ ព្រះតេជគុណត្រឿង វុាំងបៀង មានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ ឆ្នាំ ២០០៩ វត្តបើកទូលាយផ្ទៃដីទៅទិសខាងលិច ភ្ជាប់ជាមួយផ្លូវជាតិលេខ ៥៤ ប្រមាណ ០,៩ ហិកតា ខាងកើតបើកទូលាយប្រមាណ ១ ហិកតា។ ដើម្បីដាំបន្ថែមដើមឈើទាល គគីរ និងប្រភេទឈើមួយចំនួនផ្សេងៗទៀត។ កាលពីមុនវត្តច្រើនទិញពូជឈើ ពីកន្លែងផ្សេងមកដាំ បច្ចុប្បន្នវត្តបណ្ដុះបំបៅឯងបានពូជឈើ បើសិនឈើត្រូវងាប់ដោយសត្វ កាច់បំផ្លាញនោះ វត្តចាប់ផ្ដើមដាំថ្មីជំនួសភ្លាម។ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់ហ្វូងបក្សី វត្តក៏បន្ថយការដុតសំរាមបង្កជាភ្លើងផ្សែង ពីព្រោះប្រភេទសត្វមួយចំនួន បើសិនឃើញទីណាដែលមានផ្សែងក៏ងាយរេទៅនៅកន្លែងផ្សេងវិញ។

ព្រះតេជគុណ ត្រឿងវុាំងបៀង ចង្អុលព្រះហស្ដទៅកាន់កន្លែងហ្វូងសត្វជ្រកកោន។
សំណេះសំណាលជាមួយយើងខ្ញុំ ក្នុងឱកាសមកទស្សនាកម្សាន្តនៅក្នុងវត្តផ្នោរដូង បងស្រីត្រឹងធីថឹម នៅខណ្ឌលេខ ៥ ទីក្រុងហូជីមិញ ចែករំលែកថា៖ ខ្ញុំមានសាច់ញាតិនៅឃុំដាយអាង ក្នុងមួយឆ្នាំខ្ញុំ ចុះមកសួរសុខទុក្ខសាច់ញាតិយ៉ាងហោច ណាស់ក៏បាន ២ លើកដែរ។ ពេលមកដល់ម្ដងៗ ខ្ញុំតែងចំណាយពេលចូលមកកម្សាន្តនៅក្នុងវត្ត មើលមែកឈើពាសដោយសម្បុរសនៃសត្វកុក សត្វខ្វែក រួមជាមួយប្រភេទសត្វដទៃៗទៀត គួបផ្សំជាមួយសម្រស់ស្ថាបត្យកម្មប្រកបដោយអត្តសញ្ញាណវប្បធម៌ខ្មែរធ្វើឱ្យខ្ញុំមានការជក់ចិត្តយ៉ាង ខ្លាំងទៅលើតំបន់ដីត្រាវិញ។
លោកថាច់វុាំងមិញ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដាយអាង បានឱ្យដឹងថា៖ ក្នុងការងារសហការផ្សព្វផ្សាយ រណសិរ្សតែងភ្ជាប់ខ្លឹមសារផ្សព្វផ្សាយអំពីកិច្ចការពារ ហ្វូងបក្សីនៅក្នុងវត្ត ដើម្បីទុកឱ្យបណ្តាគ្រួសារដែល រស់នៅជុំវិញវត្តមានស្មារតីភ្ញាក់រលឹកក្នុងការថ្កោលទោសបណ្ដាអំពើបំពានធ្វើឱ្យប៉ះពាល់ដល់ការជ្រកកោនរបស់ហ្វូងសត្វបក្សី។ ពេលបានឃើញ មានជនប្រមាញ់ ប្រជាជនជូនដំណឹងជាបន្ទាន់ ដល់រដ្ឋអំណាចមូលដ្ឋាន និងព្រះសង្ឃវិនិច្ឆ័យទាន់ពេល។ ដោយអាស្រ័យរក្សាបានហ្វូងបក្សីបានល្អ ជារៀងរាល់ឆ្នាំវត្តផ្នោរដូងទាក់ទាញភ្ញៀវទេស ចររាប់ពាន់លើកនាក់មកទស្សនា រួមចំណែកជា មួយរដ្ឋអំណាចមូលដ្ឋាន និងផ្នែកទេសចរណ៍ខេត្ត ត្រាវិញនិយាយរួមកាន់តែរីកចម្រើន៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ