19/01/2024 08:23
ព្រឹទ្ធាចារ្យគឹមសុវណ្ណជោតិ (ហៅត្រេវ) អ្នកមានប្រជាប្រិយភាពនៅភូមិជ្រៃធំ។
ផ្ដើមពីការជំនឿនោះ ជនរួមជាតិខ្មែរតែងចាត់តាំងពិធីតម្លើងអ្នកតាម្ដងនៅដើមរដូវភ្លៀង ក្រោយពិធីបុណ្យចូលឆ្នាំថ្មី។ តាមពិធីកិច្ចប្រពៃណី ពិធីតម្លើងអ្នកតាបានចាត់តាំងឡើង ក្នុងរយៈពេលពី ០២-០៣ ថ្ងៃ តាមនិយមនៃតំបន់នីមួយៗ។ ថ្វីត្បិតដូច្នោះ បច្ចុប្បន្ននេះ អាស្រ័យលក្ខណៈផលិតសេដ្ឋកិច្ច ពលកម្ម ម៉្លោះហើយ ពិធីកិច្ច តម្លើងអ្នកតាមានភាព សមញ្ញជាង មានកន្លែងជាច្រើនបានប្រារព្ធតែក្នុងមួយថ្ងៃ។ យើងខ្ញុំមានឱកាសស្វែងយល់និងបានស្ដាប់ព្រឹទ្ធាចារ្យគឹមសុវណ្ណជោតិ (ហៅត្រេវ) អ្នកមានប្រជាប្រិយភាពនៅភូមិ ជ្រៃធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវពណ៌ នាអំពីប្រជាប្រិយជំនឿនិងពិធីកិច្ចតម្លើងអ្នកតា នៅតាមភូមិ ស្រុក។
លោកព្រឹទ្ធាចារ្យគឹមសុវណ្ណជោតិឲ្យដឹងថា៖ មុននឹងចាត់តាំងពិធីតម្លើងអ្នកតាពីរបីថ្ងៃ នាយ វេន មេវេនអញ្ជើញទៅដល់ផ្ទះមាមីងពុទ្ធបរិស័ទ ប្រកាសប្រាប់អំពីថ្ងៃប្រារព្ធពិធីតម្លើងអ្នកតារួច ចលនាមាមីងរួមវិភាគទានជាសម្ភារមាន អង្ករ អំបិល ប្រាក់ជាដើមសម្រាប់ចាត់តាំងពិធីតម្លើងអ្នកតា។ សម្ភារតិចឬច្រើនគឺយោងតាមផលដំណាំដែលបានផលិតពីឆ្នាំមុន។ ធម្មតា គ្រឿងសំណែនមានក្បាលជ្រូក មាន់ស្ងោរ នំ ផ្លែឈើ ។ល។ ឬក៏ជ្រូកខ្វៃទាំងមូល។ ពេលរាត្រី មាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ពេលព្រឹកប្រគេនភត្តាហារ។ ក្នុងពិធីកិច្ច អាចារ្យតំណាងឲ្យមាមីងក្នុងភូមិរបាយការណ៍អំពីស្ថានភាពផលិតផលដំណាំក្នុងឆ្នាំកន្លងរួចថ្វាយសំណែនដោយពោលពាក្យបួងសួង “ សូមឲ្យអ្នកតាជួយថែរក្សា ការពារកូនចៅក្នុងភូមិស្រុកបានសុខសប្បាយ កុំឲ្យមានជំងឺតម្កាត់ ជួយឲ្យការផលិតផលដំណាំទទួលបានផលច្រើន។ល។”
អ្នកតាបានតម្កល់ជានិមិត្តរូបដោយច្រើនរូបភាពផ្សេងគ្នា ប៉ុន្តែភាគច្រើនបានតំណាងដោយដុំថ្មធំមួយដុំនៅត្រង់កណ្ដាល ជុំវិញគឺដុំថ្មតូចៗ ល្មមបានដាក់តម្កល់ក្នុងខ្ទមមួយ។ ចំពោះកន្លែង ដែលមានលក្ខណៈគេសូនឬគូរជារូបតំណាង។ ខ្ទមអ្នកតាភាគច្រើន បានកសាងនៅក្រោមដើម ឈើធំៗក្នុងភូមិឬនៅជ្រុងវត្ត ព្រោះមាមីងខ្មែរជឿថា រុក្ខជាតិធំៗ មានដើមជ្រៃ ដើមពោធិ៍ជាដើមជាជម្រករបស់អ្នកតា។
ខ្ទមអ្នកតាភូមិសម្ដេច, ឃុំលឿងហ្វាអា។
កាលពីដើមនៅតាមខ្ទមអ្នកតាក្នុងបណ្ដាថ្ងៃប្រារព្ធពិធីតម្លើងអ្នកតា ក្រៅពីការអនុវត្តន៍ពិធីកិច្ចសែនថ្វាយ មាមីងនៅទាំងចាត់តាំងបណ្ដាសកម្មភាពវប្បធម៌សិល្បៈ និងល្បែងប្រជាប្រិយ មានយក្សរាំ ភ្លេងពិណពាទ្យជាដើម។ បន្ទាប់ពីពិធីកិច្ចសែនថ្វាយរួចមាមីងនិមន្តព្រះសង្ឃឆាន់រួចមាមីងទទួលទានអាហារសាមគ្គីសំណេះសំណាលអំពីបទពិសោធន៍ សហការផលិត ពង្រីក សេដ្ឋកិច្ច រឿងកូនចៅរៀនសូត្រ។ល។
ការគោរពអ្នកតាជាជំនឿមួយប្រភេទមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌មនោវិញ្ញាណ របស់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ ព្រោះជំនឿ នេះប្រកបដោយតម្លៃប្រពៃណីរបស់ជនរួមជាតិខ្មែរ សម្ដែងឲ្យឃើញនូវការជំនឿរបស់សហគមន៍បានចាត់ទុកជាបេតិកភ័ណ្ឌវប្បធម៌អរូបីប្រពៃណីរបស់ជនរួមជាតិខ្មែរគប្បីបានអភិរក្សនិងអភិវឌ្ឍ៕ អត្ថបទ- រូបថត៖ ថាច់ហ្វាង
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រូវ នឹងថ្ងៃពេញបូណ៌មី ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរនៃវត្តទាំង ១៤៣ វត្តក្នុងខេត្តចាត់តាំងពិធីបុណ្យមាឃបូជា ជាព្រឹត្តិការណ៍មួយក្នុងព្រះពុទ្ធសាសនា តែងបានចាត់តាំងឡើងជារៀងរាល់ឆ្នាំ។