09/11/2020 13:18
ទីវកឹងជាស្រុកមួយដែលមានប្រជាជនរស់នៅកុះករ។ បរិស្ថានស្អាតស្អំទិដ្ឋភាពល្អស្រស់បំព្រង។ ពីទីក្រុងត្រាវិញយើងធ្វើដំណើរមកស្រុកទីវកឹងប្រវែង ប្រមាណ២៥គីឡូម៉ែត្រ។ ចេញផុតពីក្រុមហ៊ុនស្បែកជើង(ម៉ីផុង)នឹងចូលដល់ផ្លូវក្រវាត់ឆ្ពោះទៅកាន់ទីប្រជុំជនទីវកឹង។ ពេលរាត្រីចូលមកដល់ម្ដុំផ្លូវក្រវាត់នេះ យើងនឹងជួបប្រទះនូវសម្រស់ទិដ្ឋភាពដ៏ស្រស់សោភា។ តាមដងផ្លូវចូលទៅកាន់ទីផ្សារមានភ្លើងពណ៌កាច់ជាកម្រងផ្កាស្រស់បំព្រងគួរចាប់អារម្មណ៍។ បណ្ដារុក្ខជាតិដែលគេដាំជាជួរតាមដងផ្លូវភ្លោះមានតុបតែងក្បូរក្បាច់រចនាលម្អទៅដោយអំពូលភ្លើងអគ្គិសនីគ្រប់ពណ៌ខៀវលឿងក្រហមលេចព្រោងព្រាត។ ជាពិសេសនៅត្រង់វង់មូលក៏បានស្ថាបនាក្បូរក្បាច់ជាហូរហែរល្អឯក។ យើងគយគន់ពីចម្ងាយហាក់ដូចជាទីក្រុងមួយដ៏ចម្លែកល្អស្អាតនៅឯជនបទថ្មីយ៉ាងត្រចះត្រចង់។
រីឯនាមស្រុកឬនាមវត្តនីមួយៗនៅស្រុកទីវកឹនសុទ្ធតែបានដាក់ដោយផ្សារភ្ជាប់ជាមួយនឹងមនុស្ស សត្វ រុក្ខជាតិ ធម្មជាតិឬវត្ថុអ្វីមួយដែលលេចធ្លោនៅតំបន់នោះ។ បើជាឈ្មោះមនុស្សវិញគឺអ្នកនោះជាអ្នកមានស្នាដៃដ៏ខ្ពង់ខ្ពស់ក្នុងការកសាងវត្តអារាមឬស្រុកភូមិនានា។
បើយើងយកចិត្តទុកដាក់សង្កេតពិនិត្យមើលស្រុកភូមិមួយចំនួនក្នុងខេត្តត្រាវិញមានឈ្មោះពាក់ព័ន្ធនឹងកំពង់។ ពាក្យ៖ «កំពង់» មានន័យថា ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើងឬចតទូកជាដើម។ ស្រុកភូមិដែលហៅតាមឈ្មោះខ្មែរទូទាំងខេត្តត្រាវិញគឺមានទីឋានជាច្រើនដែលផ្សារភ្ជាប់នឹងពាក្យ «កំពង់» ដូចជា៖ កំពង់(វត្តកំពង់ ព្រែកកំពង់ ផ្សារកំពង់) កំពង់ក្សាន្ត កំពង់ទេពី...នៅទីក្រុងត្រាវិញ។ កំពង់ជ្រៃ កំពង់ទូក កំពង់ធំ កំពង់ថ្មទ័ព កំពង់តាខា...នៅស្រុកចូវថាញ់។ កំពង់នាវា កំពង់ទទឹង...នៅស្រុកកូវង៉ាង។ កំពង់សាលាកំពង់ក្ដី កំពង់លួង...នៅស្រុកថ្កូវ។ កំពង់ស្ពាន នៅស្រុកកូវកែ។ កំពង់ដូង កំពង់ស្រា កំពង់លាវ...នៅស្រុកទីវកឹន។ល។
បើយើងធ្វើដំណើរឆ្លងផុតវង់មូល រួចឆ្លងផុតស្ពាន កាត់ទទឹងមន្ទីរពេទ្យស្រុកទីវកឹនយើងនឹងជួបប្រទះវត្តមួយនៅខាងស្ដាំដៃមានឈ្មោះថា វត្តកញ្ចោងកំពង់លាវ។ អ្នកស្រុកមួយចំនួនតែងមានការងឿងឆ្ងល់ថា ប្រហែលជាពីដើមមានជនជាតិលាវធ្វើដំណើរមកដល់ភូមិសាស្រ្តស្រុកទីវកឹននេះដែរឬក៏អីបានជាជាប់ឈ្មោះថាវត្ត កញ្ចោងកំពង់លាវដូច្នេះ? ប្រហែលជាមិនពិតដូចជាអ្នកស្រុកមួយចំនួនងឿងឆ្ងល់នោះទេ។
តាមលោកគ្រូថាច់វ៉ាន់ឡា ជាគណៈកម្មការវត្ត គាត់បានអោយដឹងថា៖«វត្តកញ្ចោងកំពង់លាវ ពីដើមឡើយស្ថិតនៅខាងលិចចម្ងាយប្រមាណ៥០០ម៉ែត្រនៃវត្តសព្វថ្ងៃ។ ពុំនោះសោត វត្តនេះមានឈ្មោះថា វត្តកញ្ចោងភ្នៀត។ ក្រោយមក មានតាញោមវត្តម្នាក់ឈ្មោះ លាវ ជាគណៈកម្មការវត្តនេះ។ គាត់បានប្រគេនដីចំនួន៤០កុងសម្រាប់សាងសង់វត្តកំពង់លាវសព្វថ្ងៃ។ មិនតែប៉ុណ្ណោះ តាលាវបានដឹកនាំអ្នកស្រុកនៅទីនេះអោយជីកកំពង់មួយសម្រាប់ការងាយស្រួលដល់ទូក នាវាដឹកជញ្ជូននូវសម្ភារៈសាងសង់ដូច ឥដ្ឋ ថ្ម ក្រួស ខ្សាច់ ដែក ឈើ ដើម្បីយកមកស្ថាបនាវត្ត។ ដូច្នេះវត្តកញ្ចោងភ្នៀតនោះក៏ត្រូវបានរុះរើពីទីកន្លែងចាស់យកមកកសាងនៅទីតាំងកន្លែងថ្មីនៃដីរបស់តាញោមវត្តឈ្មោះលាវ»។
ដោយយកឈ្មោះ «កំពង់» គួបផ្សំនឹង «តាលាវ» បានឈ្មោះថ្មីមួយថា៖ «កំពង់តាលាវ» ប៉ុន្តែដល់អ្នកស្រុកយើងនិយមហៅទំយើកាត់ពាក្យយូរៗទៅជាឈ្មោះ «កំពង់លាវ» បាត់ពាក្យ តា។ ដូច្នេះវត្ត កញ្ចោងកំពង់លាវបានកកើតនៅគ.ស១៥៥៦។ បច្ចុប្បន្ន វត្តកញ្ចោងកំពង់លាវមានពុទ្ធបរិស័ទចំណុះជើងវត្តជាង១.០០០គ្រួសារ។ រាល់ឆ្នាំ ព្រះតេជគុណជាព្រះចៅអធិការ ព្រមទាំងគណៈកម្មការវត្ត បានឯកភាពគ្នាបន្តការកសាងកុដិ សាលាជាហូរហែសម្រាប់ព្រះសង្ឃគង់នៅរក្សាសីលទាន ភាវនាធម៌អាថ៌តាមលំអានព្រះពុទ្ធសាសនា។ ជាពិសេសដើម្បីអភិរក្សនូវកេរ្តិ៍មត៌កវប្បធម៌ប្រពៃណីជនជាតិខ្មែរអោយគង់វង្ស។ រៀងរាល់ឆ្នាំវត្តបានរៀបចំបើកសាលាបង្ហាត់បង្រៀនអក្សរសាស្រ្ត។ មានថ្នាក់ពុទ្ធិកសិក្សា បឋមភូមិឆ្នាំទី១ឆ្នាំទី២និងទុតិយាភូមិឆ្នាំទី២ផងដែរ។
នារដូវវិស្សមកាល វត្តនៅទាំងបានបើកថ្នាក់បង្ហាត់បង្រៀនភាសាខ្មែររយៈពេល២ខែយ៉ាងខ្ជាប់ខ្ជួនដើម្បីកុមារាកុមារីបានឈប់សម្រាកខាងសាលាសកលចូលមកកាន់សាលាវត្តសិក្សារៀនសូត្រ។ ទី១គឺដើម្បីលុបបំបាត់នូវអនក្ខរកម្មគ្រោះមិនចេះអក្សរ។ ទី២គឺដើម្បីរំលឹកឡើងវិញនិងពង្រឹងនូវចំណេះដឹងចាស់។
ទី៣គឺដើម្បីបន្តការសិក្សាចំណេះដឹងថ្មីខាងមុខវិជ្ជាភាសាខ្មែរទៀតផង៕ថាច់ដើយ
លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។