03/11/2023 09:49
សមណសិស្សទទួលរង្វាន់ពិធីប្រកាសលទ្ធផលប្រឡងឆមាស រាត្រីចេញព្រះវស្សានៅវត្តចុងមីសថ្មី។
នៅវត្តចុងមីសថ្មី ឃុំញីទ្រឿង ស្រុកកូវង៉ាង ការចាត់តាំងបុណ្យចេញព្រះវស្សាគួបផ្សំជាមួយការប្រកាសលទ្ធផលប្រឡងឆមាសរបស់សមណសិស្ស-យុវសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ និងប្រកាសលទ្ធផលការប្រឡងវាយតម្លៃលទ្ធផលសិក្សារបស់ប្អូនៗជិត ២០០ រូបដែលសិក្សាផ្នែកវិជ្ជាខេមរភាសាក្នុងរដូវវិស្សមកាលនាពេលកន្លង ធ្វើឱ្យបរិយាកាសរាត្រីចេញព្រះវស្សា កាន់តែមានភាពអធិកអធម។
តាមថេរដីការបស់ព្រះតេជគុណ ថាច់កាលី ព្រះចៅអធិការរងវត្តចុងមីសថ្មី៖ ការចាត់តាំងពិធីចេញព្រះវស្សា គួបផ្សំជាមួយការចាត់តាំងប្រឡងប្រកាសលទ្ធផលវាយតម្លៃលទ្ធផលសិក្សា ឆមាស ថ្នាក់ពុទ្ធិកមធ្យមសិក្សាបានវត្តរក្សាខ្ជាប់ជាច្រើន ឆ្នាំកន្លងមក។ ឆ្នាំនេះ វត្តបើកថ្នាក់ពុទ្ធិកមធ្យមសិក្សា ទុតិយភូមិឆ្នាំទី ២ បានមួយថ្នាក់ ដោយមានសមណសិស្ស-យុវសិស្សជាង ២០ អង្គ-រូប។ រីឯថ្នាក់បឋមសិក្សាវិជ្ជាខេមរភាសាបើកបាន ៥ ថ្នាក់មានប្អូនៗ ចូលរៀនជិត ២០០ រូប។ ទន្ទឹមនឹងនោះដែរ វត្ត ក៏បំផុសចលនាសប្បុរសជនប្រគេន-ជូនអំណោយជាច្រើនចំណែកដល់សមណសិស្ស ប្អូនៗសិស្សានុសិស្សសំដៅជំរុញស្មារតីឱ្យព្រះសង្ឃ សិស្សានុសិស្សបន្តការរៀនសូត្របានល្អប្រសើរជាង។
ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្នុងការផ្សព្វផ្សាយគោលនយោបាយជនជាតិ គោលនយោបាយចំពោះគ្រួសារក្រីក្រជាជនជាតិខ្មែរ នាពេលកន្លង បច្ចុប្បន្នជីវភាពរបស់ពុទ្ធបរិស័ទខ្មែរភាគច្រើនបានកែលម្អយ៉ាងច្បាស់។ ទោះជា ដូច្នោះក៏ដោយនៅមានកុមារកំព្រាមួយចំនួននៅតែខ្វះភាពកក់ក្ដៅពីការថែទាំ គិតគូរការរៀនសូត្រ។ យល់បានពីស្ថានភាពនោះ វត្តមិនត្រឹមតែបំផុសចលនាបានអំណោយជូនដល់ប្អូនៗក្នុងឱកាសបុណ្យចេញព្រះវស្សា ប្រកាសលទ្ធផលសិក្សារបស់សមណសិស្ស ប្អូនៗសិស្សានុសិស្សឡើយ ទាំងក្នុងថ្ងៃធម្មតាវត្តក៏តែងបំផុសចលនាសប្បុរសជនជូនអំណោយ សិក្ខូបករណ៍ដល់ប្អូនៗដែល មានស្ថានភាពលំបាក រួមចំណែកជាមួយផ្នែកអប់រំ និងបណ្ដុះបណ្ដាលកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សាពាក់កណ្ដាលការទៀតផង។
ក្នុងបណ្ដាថ្ងៃចូលព្រះវស្សាគិតតាំងពីថ្ងៃ ១ រោច ខែអាសាឍ ឬទុតិយាសាឍដល់ថ្ងៃ ១៥ កើតខែ អស្សុជរៀងរាល់ឆ្នាំជាពេលកំពូលដែលភិក្ខុ សាមណេរក្នុងពុទ្ធសាសនាបង្កើនការសិក្សាពុទ្ធវចនៈ ប្រតិបត្តិធ៌មអាថ៌វិន័យ។ ដល់ថ្ងៃចេញព្រះវស្សា ជាថ្ងៃបូកសរុបបណ្ដាសកម្មភាពដែលភិក្ខុ សាមណេរសម្រេចបានក្នុងរដូវកាន់ព្រះវស្សា ក្នុងនោះ មានការប្រឡងវាយតម្លៃលទ្ធផលសិក្សារបស់ភិក្ខុ សាមណេរជាដើម។ បន្ទាប់ពីថ្ងៃចេញព្រះវស្សា តាមពុទ្ធានុញ្ញាត ភិក្ខុសង្ឃបានអនុញ្ញាឱ្យទទួលអនុមោទនាសំពត់កឋិន។ នៅចុងកឋិនកាល (ថ្ងៃពេញបូណ៌មីខែកត្ដិក) ក៏មានពិធីបុណ្យអកអំបុកសំពះព្រះខែ។ អាស្រ័យហេតុនោះ ថ្ងៃចេញព្រះវស្សាក៏ជាពេលដែលព្រះចៅអធិការ បណ្ដាវត្តអញ្ជើញគណៈកម្មការ អាចារ្យវត្ត និងបរិស័ទជាមេវេនមកប្រជុំដើម្បីជួយជ្រោមជ្រែង កិច្ចការបុណ្យកឋិនទាន និងពិធីបុណ្យអកអំបុកធ្វើឱ្យបរិយាកាសនៅតាមវត្តអារាមមានភាពអ៊ូអរ។ នោះជាសកម្មភាពសំដៅជ្រោមជ្រែងពិធីបុណ្យអកអំបុក ភ្ជាប់ជាមួយសប្ដាហ៍វប្បធម៌ ទេសចរណ៍ សមោសរភោជនីយាហារណាមបូខេត្តត្រាវិញឆ្នាំ ២០២៣៕ អត្ថបទ-រូបថត៖ សម្បត្តិ