22/10/2021 09:53
ថ្នាក់ពុទ្ធិកមធ្យមសិស្សាបឋមភូមិឆ្នាំទី ៣ វត្តផ្នោដូង ស្រុកទីវកឹង។
ស្រុកទីវកឹង មានវត្តពុទ្ធសាសនាមហានិកាយខ្មែរ ១១/១៥ វត្តបានចាត់តាំងបើកបង្រៀន បណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១ -២០២២ ដោយមានសមណសិស្ស និងយុវសិស្ស ៥៥៨ អង្គ-រូបចូលរៀន។ អនុវត្តតាមសេចក្តីប្រកាសលេខ ០៦/TB-HDKSSYN ចុះថ្ងៃទី ១១ កញ្ញាឆ្នាំ ២០២១ របស់សមាគមព្រះសង្ឈ សាមគ្គីស្នេហាជាតិខេត្តត្រាវិញ ស្តីពីបន្តការបង្រៀនថ្នាក់ពុទ្ធិកសិក្សាលើភូមិសាស្រ្តខេត្ត នាឆ្នាំសិក្សា ២០២១-២០២២ (ព.ស. ២៥៦៥) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង បានចង្អុលការឲ្យបណ្តាវត្តគប្បីអនុវត្តម៉ឹងម៉ាត់តាមខ្លឹមសារនៃសេចក្តីប្រកាសលេខ ០៦/TB-HDKSSYN ដូចជា៖ បណ្តាថ្នាក់រៀនត្រូវអនុវត្តល្អអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាលប្រ កាសព្រមាន ដើម្បីធានាសុវត្ថិភាព ជូនគ្រូបង្រៀន និងសមណសិស្ស។ បង្កលក្ខណៈឲ្យព្រះសង្ឃចូលរៀន ចំពោះយុវសិស្សវិញនៅ ផ្ទះរៀន និងធ្វើលំហាត់។
ឆ្នាំនេះ វត្តពោធិវង្សកំពង់ដូង (ផ្នោដូង)ឃុំ ហ៊ីវទឺ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ ដោយមានសមណសិស្ស និងយុវសិស្ស ២៩ អង្គ-រូប ។ ព្រះតេជគុណគឹមសាវឹង គ្រូបង្រៀនអចិន្ត្រៃយ៍ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឆ្នាំទី ៣) នាវត្តផ្នោដូងមានថេរដីកាថា៖ អនុវត្តតាមច្បាប់គម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ កម្មវិធីបង្រៀន និងរៀនរបស់គ្រូ និងសិស្សសាលាវត្តផ្នោដូង ក៏សម្រាកមួយរយៈនោះដែរ ដូច្នោះហើយក៏ជះឥទ្ធិពលខ្លះដល់កម្មវិធីក៏ដូចជាគុណភាពសិក្សារបស់សមណសិស្ស និងយុវសិស្ស។ ដើម្បីបន្តការបង្រៀនក្រោយពីគម្លាតសង្គមក្នុងនាមជាគ្រូអចិន្រៃ្តយ៍ និងគ្រូបង្រៀនមុខវិជ្ជា ធម្មបទដ្ឋកថាអាត្មាបានផ្តុំកម្លាំងបង្រៀនមេរៀនណាសំខាន់ៗដែលពាក់ព័ន្ធដល់វិធីសាស្រ្តប្រែបាលី ។ ក្រៅពីនោះ អាត្មាក៏ជំរុញទឹកព្រះទ័យ គ្រូបង្រៀនដទៃគប្បីខិតខំអស់ពីលទ្ធភាពក្នុង ការបង្រៀនមេរៀន និងបង្រៀនបន្ថែមម៉ោងដើម្បីឆ្លើយតបតាមពេលវេលា និងបង្កើនគុណភាពសិក្សាដល់សមណសិស្ស។
អនុវត្តតាមកិច្ចចង្អុលការផ្ទាល់របស់សមាគមស្រុក វត្តសុវណ្ណនិគ្រោធជ្រៃភេ ឃុំតឹងហ៊ុង ក៏បន្តការបង្រៀនព្រះសង្ឃក្នុងវត្តតាំងពីថ្ងៃទី ១៧ តុលាឆ្នាំ ២០២១ ។ ព្រះតេជគុណ គឹមសំអឿន ព្រះចៅអធិការ គ្រូបង្រៀនមុខវិជ្ជា សាមណេរវិន័យ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ១ វត្តជ្រៃភេមានថេរដីកាឲ្យដឹងថា៖ ដោយមានតួនាទីជាព្រះចៅអធិការវត្ត អាត្មាត្រូវអនុវត្តល្អភារកិច្ចគ្រប់គ្រង អប់រំព្រះសង្ឃក្នុងវត្ត។ ដំណាក់កាលគម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ ថ្វីត្បិតតែសមណសិស្ស មិនចូលសាលារៀនមែន ប៉ុន្តែអាត្មាតែងរំលឹកព្រះសង្ឃដែលស្នាក់នៅក្នុងវត្តឲ្យខិតខំរំលឹកមេរៀនចាស់ និងរៀនមេរៀនថ្មី ដើម្បីដល់ថ្ងៃ ចូលសាលារៀនវិញ គ្រូបង្រៀនគ្រាន់តែឲ្យធ្វើលំហាត់ឡើងវិញប៉ុណ្ណោះ។ បច្ចុប្បន្ននេះ សមណសិស្សបានចូលសាលារៀនវិញហើយ ម្ល៉ោះហើយអាត្មាតែងជំរុញស្មារតីគ្រូបង្រៀន ឲ្យបង្កើនម៉ោងបង្រៀន។ ប្រសិនបើពីមុន ពេល ព្រឹករៀនពីម៉ោង ០៧ ដល់ ម៉ោង ៩ និង ៣០ នាទី ពេលរសៀល ចាប់ផ្តើមរៀនពីម៉ោង ១៤ ដល់ ម៉ោង ១៧។ លុះបច្ចុប្បន្ននេះ ជំរុញទឹកចិត្តគ្រូនិងសមណសិស្សឱ្យរៀននិងបង្រៀនពេលព្រឹកចាប់តាំងពីម៉ោង ០៧ ដល់ ១០។ ពេលរសៀលចាប់តាំងពីម៉ោង ១៣ ដល់ម៉ោង ១៧ ។ ជាពិសេសណែនាំគ្រូបង្រៀនឱ្យផ្តុំ បង្រៀនមេរៀនណាសំខាន់ៗ និងណែនាំឲ្យសិស្សធ្វើលំហាត់ឲ្យបានច្រើន ដើម្បីសមណ សិស្សត្រៀមបម្រុងវិញ្ញាសាប្រឡងឲ្យបានល្អ នាចុងឆ្នាំសិក្សា ២០២១-២០២២ ។
ការចាត់តាំងប្រឡងបញ្ចប់ឆ្នាំសិក្សា ២០២១ -២០២២ ព្រះតេជគុណគឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង មានថេរដីកាថា៖ ដើម្បីពង្រឹង និងបង្កើន គុណភាពពុទ្ធិកសិក្សា សមាគមស្រុកបានចង្អុលការឲ្យគ្រូ បង្រៀនបណ្តាវត្ត គប្បីផ្តុំកម្លាំងបង្រៀន មេរៀនណាសំខាន់ៗក្នុងកម្មវិធីបង្រៀន ដើម្បីសមស្របនឹងពេលវេលាក៏ដូចជាស្ថានភាពអាសន្នរោគស្មុគស្មាញដូចបច្ចុប្បន្ននេះ។ ជាពិសេសចំពោះបណ្តាថ្នាក់ពុទ្ធិកសិក្សាបឋមភូមិគប្បីបង្កើនម៉ោងបង្រៀន បង្កើនគុណភាពសិក្សា និងពេលវេលាបញ្ចប់ឆ្នាំសិក្សាខាងមុខនេះ។ គិតមកទល់ដំណាក់កាលនេះ ថ្នាក់ពុទ្ធិក សិក្សាបឋមភូមិ (ពីឆ្នាំទី ១ ដល់ឆ្នាំទី ៣) នៅពេលប្រមាណ ៣ ខែទៀតប៉ុណ្ណោះ (ចាត់តាំង ប្រឡងរវាងដើមខែមករាឆ្នាំ ២០២២) ក៏ត្រូវចាត់តាំងប្រឡងបញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ។ ដើម្បីឆ្លើយតបតាមគោលបំណង ប្រឡងបញ្ចប់ឆ្នាំសិក្សារបស់សមណសិស្សនិងយុវសិស្ស សមាគមស្រុកបានកសាងវិធានការ ០២ យ៉ាងគឺ៖ វិធានការទី ១៖ ប្រសិនបើអាសន្នរោគនៅតែរាតត្បាតស្មុគស្មាញ សមាគមស្រុកនឹងចង្អុលការឲ្យបណ្តាវត្តចាត់តាំងប្រឡងតាមថ្នាក់រៀនរបស់វត្តនីមួយៗ ដោយធានាការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ វិធានការទី ២៖ ប្រសិនបើស្ថានភាពអាសន្នរោគមិនរាតត្បាតតទៅទៀតនោះ សមាគមនឹងចាត់តាំងមណ្ឌលប្រឡងថ្នាក់ស្រុកឆ្នាំសិក្សា ២០២១-២០២២ នៅវត្តព្រះបាទកងចក្រ កំពង់មាសឃុំហ៊ីវទ្រុង។ សមាគមស្រុកនឹងសហការស្អិតល្មួតជាមួយបណ្តាផ្នែកមានសមត្ថកិច្ច ដើម្បីបង្កលក្ខណៈប្រគេន និងជូនសមណសិស្ស និងយុវសិស្សចូលរួមប្រឡងយកលិខិតបញ្ជាក់ ថ្នាក់បញ្ចប់ឆ្នាំសិក្សាដូចបំណង៕ អត្ថបទ-រូបថត៖ សុជា