16/11/2021 05:40
ជនរួមជាតិខ្មែរ ស្អិតស្អាងដើមផ្កាចូលរួមបុណ្យកឋិនទាន។
សូមជម្រាបថា “បុណ្យកឋិនទាន” ជាបុណ្យកាលទាន ពុទ្ធបរិស័ទអាចធ្វើបានទៅតាមពុទ្ធានុញ្ញាត បន្ទាប់ពីព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ៣ ខែ ពោលគឺចាប់ពីថ្ងៃ ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្តិករៀងរាល់ឆ្នាំមានរយៈពេលធ្វើចំនួន ២៩ ថ្ងៃ។ ទាយក-ទាយិកា ដែលធ្វើកឋិនទាន ក៏ឈ្មោះថាញាំុងភិក្ខុឱ្យត្រេកអរបន្ទាប់ពីការបញ្ចប់ការគង់ចាំវស្ស ជាការបញ្ជាក់ ពីអាយុផ្នួសរបស់ភិក្ខុនៅក្នុងវត្តនោះៗ។ ពុទ្ធបរិស័ទអាចជ្រើសរើសថ្ងៃធ្វើបុណ្យកឋិនទានថ្ងៃណា មួយក្នុងចំណោមថ្ងៃខាងលើក៏បាន ហើយក្នុងមួយ វត្តៗអាចធ្វើបានតែម្តងប៉ុណ្ណោះ។ ពុទ្ធបរិស័ទមានសទ្ធាធ្វើកឋិនទាន រមែងបានអានិសង្ស ៥ យ៉ាង រីឯបដិគ្គាហកៈ(ភិក្ខុអង្គទទួល)ក៏បានអានិសង្ស ៥ យ៉ាងដែរ។ ទ្រឹស្តីក្នុងផ្លូវពុទ្ធសាសនាក៏បានចែងដែរថា អ្នកដែលបានចូលរួមជ្រោមជ្រែងក្នុងកម្មវិធីបុណ្យកឋិនទានគឺសុទ្ធតែបានបុណ្យកុសលគ្រប់ៗគ្នា។ ហេតុនោះ ឱ្យតែឮថាមានគ្រួសារណា មួយដែលប្រារព្ធចាត់តាំងពិធីបុណ្យកឋិនទាន មនុស្សជាច្រើនតែងត្រៀមបម្រុងលៃលកផ្កា ដោយមានចងភ្ជាប់ដោយប្រាក់កាស ប្រដាប់ប្រើប្រាស់ផ្សេងដើម្បីដង្ហែទៅជាមួយម្ចាស់កឋិនទវេរប្រគេនសង្ឃរួមជាមួយត្រៃចីវររបស់ម្ចាស់កឋិន។
ការចាត់តាំងបណ្តាពិធីកិច្ចបុណ្យកឋិនមានការខុសប្លែកគ្នាទៅតាមវត្តនីមួយៗ។ វត្តខ្លះពេលក្បួនដង្ហែទៅដល់វត្ត បន្ទាប់ពីដង្ហែប្រទក្សិណជុំវិញព្រះវិហារបាន ៣ ជុំហើយ ក៏ចូលទៅក្នុងព្រះវិហារទាំងត្រៃចីវរកឋិនផ្កា ព្រមទាំងបរិក្ខារផ្សេងៗ តម្កល់ទុកកន្លែងមួយយ៉ាងសមគួរ។ បន្ទាប់ពីវេរប្រគេនត្រៃចីវរកឋិនហើយព្រះសង្ឃធ្វើសង្ឃកម្ម ក្រាលគ្រងរួច គណៈកម្មការ អាចារ្យវត្តក៏ចូលទៅជ្រោមជ្រែងជួយបេះយកប្រាក់ពីផ្កា រៀបចំដើម្បីប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តនោះ។ វត្តខ្លះបន្ទាប់ពីដង្ហែបាន ៣ ជុំព្រះវិហារក៏យកតែត្រៃចីវរដែលត្រូវក្រាលគ្រងតែប៉ុណ្ណោះចូលទៅក្នុងវិហារវេរប្រគេនសង្ឃធ្វើសង្ឃកម្ម ក្រាលគ្រង តាមពុទ្ធានុញ្ញាត។ រីឯផ្កាវិញយកចូលទៅក្នុង ឧបដ្ឋានសាលាមានតំណាងជួយរុះរើយកផ្កាដែលចងភ្ជាប់ជាមួយដើមផ្កា ពីព្រោះតាមការពិត ផ្កាគ្មានការទាក់ទងអ្វីដល់សង្ឃកម្ម ឬការក្រាលគ្រងឡើយ។ អាស្រ័យមានជំនឿទៅលើកុសលផល បុណ្យពីការផ្តើមធ្វើ និងអ្នកចូលរួម ម៉្លោះហើយ ពេលធ្វើកឋិនម្តងៗ អ្នកខ្លះសន្សែសន្សំប្រាក់កាស ជាវផ្កាមកកាន់ គួបផ្សំដោយសម្លៀកពំពាក់យ៉ាង ស្រស់ត្រកាលធ្វើឱ្យអង្គកឋិនមានភាពរំជើបរំជួល ដក់ជាប់ក្នុងចិត្តរបស់ពួកគេទោះជាធ្វើដំណើរទៅទីណាក៏ដោយ។ អ្នកខ្លះយល់ច្រឡំបុណ្យកឋិន ហៅថាបុណ្យផ្កាវិញ ពីព្រោះតែមានកម្លោះក្រមុំ ចាស់ក្មេងកាន់ផ្កាច្រើន។
“បុណ្យផ្កា” ជាបុណ្យគ្មានការទាក់ទងដល់ពុទ្ធានុញ្ញាតឡើយ គឺជាបុណ្យដែលកើតឡើងដោយតម្រូវការនៃវត្តអារាមនីមួយៗ។ ជាក់ស្តែងគឺ វត្តណាមួយដែលផ្តើមកសាងសំណង់អ្វីម្យ៉ាង ព្រះចៅ អធិការ គណៈអារាមាភិបាលវត្តនោះ ពិគ្រោះយោបល់គ្នាឯកភាពដើម្បីធ្វើជាបុណ្យផ្កានៅតែ ថ្ងៃណាមួយតាមដែលអាចលៃលកធ្វើទៅបានដើម្បីប្រមូលបច្ច័យកសាងសំណង់ដែលវត្តបានគ្រោងទុក។ បុណ្យនេះ ធ្វើនៅថ្ងៃ ខែ ណាក៏បាន ប៉ុន្តែតាមវត្តខ្លះប្រារព្ធពិធីបុណ្យនេះ ច្រើនតែជ្រើស យកពេលពុទ្ធបរិស័ទជាកសិករទើបប្រមូលផល ស្រេចមានស្រូវ មានថវិកាខ្លះនៅក្នុងផ្ទះ ដើម្បីងាយស្រួលចូលជាកុសល កសាងផ្កាប្រាក់ ឬបំពេញ កុសលតាមជំនឿផ្សេងៗទៀត។ មតិខ្លះទៀត និយាយថាវត្តដែលចាត់តាំងបុណ្យផ្កាច្រើន តែជាវត្តដែលគ្មានភិក្ខុគង់ចាំព្រះវស្សា មិនអាចអនុមោទនាកឋិនដែលទាយកដង្ហែមកវេរប្រគេនក្នុងកឋិនកាលបាន។ ហេតុនោះ រង់ចាំមានពេលទំនេរទើបធ្វើជាបុណ្យផ្កាដើម្បីមានបច្ច័យខ្លះៗជួយដល់ការកសាងបណ្តាសំណង់នៅក្នុងវត្ត។ ការចាត់តាំងពិធីបុណ្យនេះ ពេលរសៀលពុទ្ធបរិស័ទ ដែលមានសទ្ធាកសាងដើមផ្កាក៏នាំយកផ្កាទៅតម្កល់នៅកន្លែងចាត់តាំងបុណ្យ រួចនិមន្តព្រះសង្ឃ សូត្រមន្ត សម្តែងធម៌ទេសនាជាដើម។ លុះព្រឹកឡើង បន្ទាប់ពីវេរភត្តប្រគេនព្រះសង្ឃ និមន្ត ព្រះសង្ឃភត្តានុមោទនារួចក៏រៀបចំជាក្បួនដង្ហែ ប្រទក្សិណជុំវិញព្រះវិហារ រួចចូលទៅក្នុងឧបដ្ឋានសាលា ហើយធ្វើការបេះយកប្រាក់ពីផ្កាសម្រាប់ ចំណាយឱ្យការកសាងបណ្តាសំណង់ក្នុងវត្ត។
ការរៀបរាប់មកប៉ុណ្ណេះនេះ ក៏ឃើញថាល្មមជួយឱ្យមិត្តអ្នកអានយល់បានពីបុណ្យកឋិន និងបុណ្យផ្កា មានភាពខុសប្លែកពីគ្នាបែបណា។ ថ្វីត្បិតការខុសប្លែកដូច្នោះក៏ពិតមែន ប៉ុន្តែបុណ្យទាំងពីរនេះ ក៏ជាលក្ខណៈផ្សារភ្ជាប់រវាងពុទ្ធសាសនា និងខេមរនិយមដែលមនុស្សពីបុរាណបានបន្សល់ទុករហូតមកទល់សព្វថ្ងៃ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ