14/10/2022 09:41
និស្សិត ថាច់ញាណ (ខាងឆ្វេង) កំពុងសិក្សាស្វែងយល់នូវបណ្ដាពាក្យថ្មី។
ពេលបានសួរអំពីហេតុនាំឲ្យប្អូនសម្រេចចិត្ត ជ្រើសយកមុខជំនាញភាសាខ្មែរ និស្សិតថាច់ញាណ ឲ្យដឹងដោយរីករាយថា៖«ប្អូនជាជនជាតិខ្មែរ ដូច្នេះ ហើយការរៀន និងសិក្សាស្រាវជ្រាវអំពីភាសាអក្សរ សាស្ត្រជាតិជាមោទនភាពដ៏ធំចំពោះប្អូន។ ហេតុ នេះហើយ ប្អូនក៏មានបំណងចូលរួមចំណែកក្នុងកាអភិរក្ស និងអភិវឌ្ឍភាសាអក្សរសាស្ត្រខ្មែរ»។
សព្វថ្ងៃនេះ ប្អូនថាច់ញាណជានិស្សិតឆ្នាំបញ្ចប់ នៃមុខជំនាញភាសាខ្មែរនៅសាលាសាកលមហាវិទ្យាល័យត្រាវិញ និងជាលេខាសាខាសម្ព័ន្ធយុវជន ថ្នាក់ភាសាខ្មែរឆ្នាំ ២០១៩ (DA១៩ NNK)។ ប្អូន ចងចាំជានិច្ច នៅថ្ងៃដំបូងដែលទើបមករៀននៅ សាលាសាកលមហាវិទ្យាល័យត្រាវិញ ប្អូនជា និស្សិតក្រីក្រម្នាក់មានភាពអឹមអៀមនិងស្លូតបូត មកពីខេត្តវិញឡុងដើម្បីបន្តការសិក្សា។ ក្នុងរយៈ ពេលរៀននៅសាលាសាកលមហាវិទ្យាល័យត្រាវិញ ថាច់ញាណតែងមានការខិតខំ និងស្វែងយល់ ដោយខ្លួនឯង និងផ្ដោះប្ដូរបញ្ហាជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិនូវបណ្ដាបញ្ហាដែលជាប់ទាក់ទងដល់មុខវិជ្ជាដែលប្អូនមិនទាន់បានយល់ ។ ក្រៅពីការរៀននៅសាលា ញាណតែងឆ្លៀតពេល អាន បណ្ដាអត្ថបទលើទំព័រកាសែត និងរក្សាទុកសៀវភៅភាសាខ្មែរជាច្រើនក្បាល ព្រមទាំងមានការកត់ត្រាទុកនូវពាក្យដែលពិបាកៗក្នុងសៀវភៅ បង្កាន់ដៃតូចមួយរបស់ខ្លួន។ ដោយការខិតខំប្រឹង ប្រែងរៀនសូត្រក្នុងរយៈកាល ០៣ ឆ្នាំកន្លងមក ថាច់ញាណតែងទទួលបានកិត្តិនាមជាសិស្សពូកែគ្រាន់បើរបស់សាលា។ ដើម្បីជាការលើកទឹក ចិត្ត និងស្ងើចសរសើរនូវការខិតខំរបស់និស្សិត ថាច់ញាណ ឆ្នាំ ២០២១ កន្លង សាលាសាកល មហាវិទ្យាល័យត្រាវិញបានជ្រើសជូន អាហារូបករណ៍ង្វៀនថាយបិញជាមួយចំនួនប្រាក់ ១៥០ ដុល្លារអាមេរិក។
អ្នកគ្រូ ថាច់ធីអមត៍នារា - គ្រូបង្រៀនមហាវិទ្យា ល័យផ្នែកភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាម បូនៃសាលាសាកលមហាវិទ្យាល័យត្រាវិញបាន ឲ្យដឹងថា៖"និស្សិតថាច់ញាណជានិស្សិតពុះពារ ខិតខំរៀនសូត្រ ទោះប្អូនជាអ្នកមិនសូវនិយាយ មែន ប៉ុន្តែប្អូនជាមនុស្សម៉ឺងម៉ាត់ក្នុងការងារដែល បានប្រគល់ឲ្យ។ ប្អូនញាណមានស្មារតីតស៊ូ ក្នុង ការរៀនសូត្រជានិច្ច និងចេះកែលម្អខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែប្រសើរឡើង"។
ថាច់ញាណបានចែករំលែកបន្ថែមទៀតថា៖ ក្រៅពីម៉ោងរៀននៅសាលាមហាវិទ្យាល័យ ប្អូននៅឆ្លៀតពេលចូលរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សា ទុតិយភូមិឆ្នាំទី ១ នៅវត្តអង្គររាជបុរី (អង្គ) ដើម្បី បំពេញចំណេះដឹងខាងភាសាអក្សរសាស្ត្រខ្មែរ និងភាសាបាលី។ ពុំនោះសោតនៅថ្ងៃដែលបាន សម្រាករៀននៅសាលា ថាច់ញាណនៅទាំងឆ្លៀតឱកាសជិះម៉ូតូចម្ងាយជាង ៧០ គីឡូម៉ែត្រដើម្បីទៅជួយបង្ហាត់បង្រៀនភាសាខ្មែរដល់ កុមារចំណុះជើងវត្តកែវបទុមបុប្ផាសារាវន័សមន្តរិក (សង់ច្រវាថ្មី) ស្ថិតនៅភូមិកំព្រោង ឃុំតាកោង ស្រុកតាឱន ខេត្តវិញឡុង។
និស្សិត ថាច់ធីញី អនុលេខាសម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងជាប្រធានថ្នាក់ DA១៩ NNK បានឲ្យដឹង៖ "ក្នុងការសិក្សា មិត្តថាច់ញាណតែងមាន ការប្រឹងប្រែង និងតស៊ូយ៉ាងខ្លាំង។ ឆ្នាំសិក្សាទី មួយ មិត្តញាណគ្រាន់តែជាសិស្សរៀនកម្រិតមធ្យម ប៉ុន្តែឈានចូលដល់ឆ្នាំសិក្សាទីពីរ និងឆ្នាំសិក្សាទីបី សមត្ថភាពសិក្សារបស់គាត់បានឈានឡើង ដល់កម្រិតពូកែ គ្រាន់បើ។ ចំពោះកិច្ចការសម្ព័ន្ធ យុវជនវិញ មិត្តថាច់ញាណជាមួយតួនាទីជាលេ ខាសាខាសម្ព័ន្ធយុវជននៃថ្នាក់ DA១៩NNK មិត្ត តែងខិតខំបំពេញភារកិច្ចបានល្អ និងជាអ្នកឈានមុខ ក្នុងបណ្ដាសកម្មភាពរបស់សាខាសម្ព័ន្ធយុវជន"។
នៅពេលបានសួរអំពីក្ដីបំណងប្រាថ្នារបស់ខ្លួន ថាច់ញាណឲ្យដឹងដោយរីករាយថា៖ «ក្ដីប្រាថ្នា របស់ប្អូនគឺចង់បានក្លាយជាគ្រូបង្រៀនភាសាខ្មែរ មួយរូប ដើម្បីចែករំលែកចំណេះដឹងដល់អ្នកដទៃ។ ជាពិសេស ប្អូនៗខិតខំបន្តវេនដូនតាថែរក្សា និងធ្វើឲ្យភាសាអក្សរសាស្ត្រជាតិ បានរីកចម្រើនដើម្បី ទុកជាគំរូមួយដ៏ល្អសម្រាប់ប្អូនៗជំនាន់ក្រោយដែល ជាទំពាំងស្នងឫស្សី»៕
អត្ថបទ-រូបថត៖ ថាច់ហ្វាងអែម