ថ្ងៃចន្ទពីររោចចេត្រមេសា តាមក្បួនហោរាដាច់ឆ្នាំចាស់
ឆ្នាំថ្មីបន្តចូលមកផ្លាស់ នាគអស់ភារៈដោយថ្លាថ្លៃ ។
ទើបនាគហៅពស់ថាស្ងួនភ្ងា ចូរប្អូនម្នីម្នាចូលមកអាយ
បងសូមផ្ដែផ្ដាំបែបបរិយាយ ប្អូនត្រូវត្រៀមកាយច្នៃលកលៃ។
ពស់សសៀរចូលខិតមកជិត ស្ដាប់ពាក្យពិសិដ្ឋនាគថ្លែងស្ដី
ពីបច្ចុប្បន្នភាពបានផ្លាស់ថ្មី ជឿនលឿនស៊ីវិល័យប្លែកពេកពន់។
នាគថាសេដ្ឋកិច្ចនៅខេត្តយើង ឆ្នាំចាស់កើនឡើងយ៉ាងលើសលន់
មានប្រៀបជាងខេត្តក្នុងតំបន់ ជួយប្រជាជនបានធូរធា។
ពស់ថាមែនហើយណានាគបង ដោយខេត្តបានជ្រោងគោលមាគ៌ា
គោលការណ៍ប្រត្យ័ក្សផ្នែកនានា បានជាសេដ្ឋកិច្ចបានផលល្អ។
នាគថាដូច្នេះក្នុងឆ្នាំថ្មី រូបស្ងួនពិសីសូមបន្ត
ឱ្យគ្រប់វិស័យបានបវរ បង្កជាភាពវិវឌ្ឍន៍ក្រៃ។
ពស់ថាម្យ៉ាងទៀតឆ្នាំទៅមិញ ត្រាវិញសម្រេចជនបទថ្មី
នេះឯងកម្លាំងរួមសាមគ្គី ប្អូននឹងលកលៃជួយថែមទៀត។
នាគស្ដាប់ឮហើយចាប់បន្ត រីឯគោលនយោបាយជនជាតិ
តែងអនុវត្តល្អមិនឱ្យឃ្លាត ជួយឱ្យជនជាតិខ្មែរផុតក្រ។
កាលមុនគេហាលំបាកក្រៃ ឥឡូវប្រែក្លាយជាផ្ទះថ្ម
មានផាសុកភាពគួរត្រេកអរ រស់នៅកុះករសែនសប្បាយ។
វិស័យច្រើនទៀតគ្រប់ជ្រោយជ្រុង លូតលាស់ពីក្រុងដល់ទីឆ្ងាយ
ជាតិខ្មែរចាកផុតភាពខ្វល់ខ្វាយ សេវាទាំងឡាយបានគ្រប់គ្រាន់។
ស្ពានថ្នល់កសាងជាហូរហែរ ជួយជនជាតិខ្មែរគ្រប់តំបន់
ងាយស្រួលបើកបរសព្វយានយន្ត អភិវឌ្ឍទាន់សម័យកាល។
សាលារៀនសោតសាងល្អចែស នាំយកចំណេះពីថ្នាក់ថ្នាល
រហូតមាំមួនយ៉ាងត្រកាល ប្រជាអម្បាលពេញត្រេកអរ។
ខេត្តមានផែនការប្រាកដស្ដែង ចូលរួមជ្រោមជ្រែងនឹងកសិករ
ផលិតស្រូវគុណភាពជួយបង្ក ជាការគាំទ្រកសិកម្មជាតិ។
ខេត្តក៏តែងតែរក្សាល្អ សង្គមបវរសន្តិសុខជាតិ
ពង្រីកសាមគ្គីឥតរវាត មិនឱ្យចាកឃ្លាតគោលពិសិដ្ឋ។
ពស់ថាឆ្នាំពីរពាន់ម្ភៃប្រាំ នេះឯងជាឆ្នាំបញ្ចប់ពិត
អនុវត្តសេចក្ដីសម្រេចចិត្ត គុណផលវិបត្តិបក្សខេត្តយើង។
ខេត្តបានដាក់ចេញគោលការណ៍ធំ ដើម្បីផ្ដូចផ្ដុំប្រឹងប្រែងឡើង
កសាងត្រាវិញរុងរឿងថ្កើង ដំឡើងប្រជែងក្នុងតំបន់។
គោលការណ៍នោះឯងមានភាពប្លែក ហើយជាអម្រែកដ៏សែនធ្ងន់
ប្អូនខិតខំជួយឱ្យលើសលន់ សម្រេចឱ្យទាន់តាមផែនការ។
នាគថាស្លេះស្ដីតែត្រឹមហ្នឹង ចូរប្អូនប្រិតប្រឹងខំឧស្សាហ៍
ជូនពរដល់ប្អូនស្នងកិច្ចការ ជោគជ័យថ្លៃថ្លាយ៉ាងសក្ដិសម។
ហើយសូមកុំភ្លេចកត់ចំណាំ ខំរៀនធ្វើតាមគំរូអ៊ំ
ដែលចែងរៀបចំរៀងរាល់ឆ្នាំ ជាគោលលំនាំដ៏ប្រពៃ។
ជូនពរដល់រាល់រូបប្រជា បានសុខរមនាក្នុងឆ្នាំថ្មី
រកទទួលទានគ្រប់អ្វីៗ បានផលដូចក្ដីប្រាថ្នាហោង៕
សម្បត្តិ