12/04/2022 15:06
ព្រះចៅអធិការវត្តដំបងពាក់ (ទី ១ ខាងស្តាំ) កំពុងណែនាំព្រះសង្ឃពូនភ្នំខ្សាច់។
ក៏ដូចជាវត្តពុទ្ធសាសនាមហានិកាយខ្មែរនានាក្នុងខេត្តដែរ វត្តដំបងពាក់ ឃុំដូងចូវ ស្រុកយ្វៀង ហាយ មិនត្រឹមតែជាបូជនីយដ្ឋានប៉ុណ្ណោះទេ នៅទាំងជាមជ្ឈមណ្ឌលអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរ។ ក្នុងនោះមានលក្ខណៈវប្បធម៌ដ៏ពិសេសមួយក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មី គឺការកសាងព្រះចេតិយ ដោយខ្សាច់ឬនិយមហៅថា ភ្នំខ្សាច់ សម្រាប់ពុទ្ធ បរិស័ទ រំលឹកនឹកគុណដល់ព្រះពុទ្ធបរមគ្រូ និងដើម្បីអុជធូបសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឆ្នាំថ្មី។
ជាព្រឹទ្ធាចារ្យម្នាក់ដែលបានផ្សារភ្ជាប់នឹងការពូនភ្នំខ្សាច់នៅវត្តដំបងពាក់ជាច្រើនឆ្នាំមក លោកតាគាងវឺង (អាយុ ៧៨ ឆ្នាំ) មានប្រសាសន៍ថា ៖ ព្រះឧបជ្ឈយ៍ ព្រះថេរានុត្ថេរជាអតីតព្រះចៅអធិការវត្តដំបងពាក់គ្រប់ជំនាន់តែងអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីជាតិយើងជានិច្ច។ បើ តាមរឿងនិទានបុរាណាចារ្យខ្មែរចារទុកមកថា ការពូនភ្នំខ្សាច់គឺតំណាងឱ្យព្រះចូឡាមណីចេតិយ ជាចេតិយមួយដែលពពួកទេវតាបានកសាងឡើង នៅស្ថានត្រៃត្រិង្សដើម្បីតម្កល់ព្រះកេសា (សក់) របស់ព្រះពុទ្ធបរមគ្រូ។ ទំនៀមទម្លាប់ពូនភ្នំខ្សាច់ធ្វើឡើងដើម្បីពុទ្ធបរិស័ទ រំលឹកគុណដល់ព្រះពុទ្ធ បរមគ្រូ និងសម្រាប់អុជធូបឧទ្ទិសកុសលដែលកូន ចៅបានធ្វើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រគេន និងជូនដល់បុព្វការីជន ដែលមានស្នាព្រះហស្ត ស្នាដៃចូលរួមកសាងវត្តអារាម មាតុភូមិព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឆ្នាំថ្មី ។
មោទនភាពចំពោះប្រវេណីវប្បធម៌ជាតិដ៏វិសេស វិសាល និងមានបំណងចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិឲ្យបានរុងរឿងជាងទៀត ព្រះតេជគុណ គឹមច័ន្ទសុផនព្រះចៅអធិការជំនាន់ ទី ២៤ នៃវត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) មានព្រះថេរដីកាថា៖ បុណ្យចូលឆ្នាំថ្មី ជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយ។ ក្នុងនាម ជាព្រះចៅអធិកាវត្ត អាត្មាតែងពិគ្រោះជាមួយគណៈ កម្មការវត្ត និងព្រឹទ្ធាចារ្យក្នុងភូមិចាត់តាំងសកម្ម ភាពជាច្រើនដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីជាតិ។ ក្នុងបណ្តាថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ទន្ទឹមនឹងការចាត់តាំងលេងល្បែងប្រជាប្រិយ និងសកម្មភាពសិល្បៈវត្តនៅទាំងចាត់តាំងពិធីពូនភ្នំខ្សាច់ ដែលជានិមិត្តរូបព្រះចូឡាមណីចេតិយ ជាពិធីមួយមិនអាចខ្វះបានក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំប្រចាំឆ្នាំនៅវត្តដំបងពាក់។ ទន្ទឹមនឹងការពូនភ្នំខ្សាច់ ប្រជាពុទ្ធបរិស័ទនៅទាំងមាន សទ្ធាជ្រះថ្លាយកស្រូវថ្មី មកវត្តពូនជាភ្នំស្រូវទៀត ផង។ លុះចប់ពិធីបុណ្យចូលឆ្នាំថ្មី វត្តក៏យកស្រូវ នោះ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ឬលក់យកប្រាក់ សម្រាប់កសាងសំណង់ក្នុងវត្ត ។ល។ ពិធីពូនភ្នំខ្សាច់ក្នុងរដូវបុណ្យចូលឆ្នាំថ្មីមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានលក្ខណៈវប្បធម៌នៃមនុស្សជាតិជាក់ស្តែង ដែលយុវវ័យគប្បីអភិរក្ស និងអភិវឌ្ឍន៍ឲ្យបានស្ថិតស្ថេរ និងរុងរឿងជានិច្ចនិរន្តរ៍។
បុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២ នេះ។ ទន្ទឹមនឹងការចាត់តាំងពូនភ្នំខ្សាច់ ព្រះចៅអធិការវត្តនៅទាំងមានផែនការចាត់តាំងសកម្មភាពវប្បធម៌ សិល្បៈជាច្រើន ដើម្បីប្រជាពុទ្ធបរិស័ទជួបជុំគ្នាលេងកម្សាន្តសប្បាយសាមគ្គី សុវត្តិភាព ប្រិតសំចៃ ភ្ជាប់ជាមួយ នឹងការអនុវត្តន៍ល្អវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩៕ អត្ថបទ-រូបថត៖ សុជា