22/04/2025 13:07
* បេក្ខសិស្ស គឹមតឹម - មានផែនការរៀនសូត្រ ព្យាយាមរៀនសូត្រជានិច្ច
ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត (ខាងឆ្វេង) ប្រទានសញ្ញាបត្រដល់ព្រះតេជព្រះគុណគឹមតឹម។
អស់រយៈកាល ០៧ ឆ្នាំក្នុងនាមជាបេក្ខ សិស្សពុទ្ធិកសិក្សា ព្រះតេជព្រះគុណ គឹមតឹម តែងកំណត់យកការរៀនសូត្រជាកត្តាសំខាន់ បំផុត រួចម្ចាស់ការរៀនសូត្រជានិច្ច។
ព្រះតេជព្រះគុណគឹមតឹមមានថេរដីកាថា៖ ដើម្បីសម្រេចបានលទ្ធផលខ្ពស់ក្នុងការរៀនសូត្រក៏ដូចជាប្រឡងសញ្ញាបត្រ អាត្មាមានផែនការរៀនសូត្រ និងព្យាយាមទន្ទេញមេរៀន តាំងពីដើមឆ្នាំជារៀងរាល់ឆ្នាំសិក្សា។ បើតាមអាត្មាយល់ឃើញថា មានវិធីសាស្រ្តរៀនសូត្រល្អ ចូលរៀនបានទៀងទាត់ យកចិត្តទុកដាក់ ស្តាប់គ្រូពន្យល់ និងខិតខំអានសៀវភៅ សួរបញ្ហាផ្សេងៗជាមួយគ្រូបង្រៀនគង់តែបង្កើន ចំណេះដឹង និងសម្រេចលទ្ធផលល្អក្នុងការ ប្រឡងពុំខាន។
ព្រះតេជព្រះគុណ គឹមតឹម គង់នៅវត្តពោធិ បឹង ឃុំតឹងស៊ើង ស្រុកថ្កូវ។ ឆ្នាំសិក្សា ២០២៤- ២០២៥ ព្រះអង្គស្នាក់រៀននៅវត្តកំពង់ ទីក្រុង ត្រាវិញ។ អស់រយៈកាល ៧ ឆ្នាំរៀនផ្នែកពុទ្ធិក សិក្សា ព្រះតេជព្រះគុណ គឹមតឹមរក្សាខ្ជាប់កិត្តិនាមជាសិស្សពូកែ ពេលប្រឡងបញ្ចប់ឆ្នាំសិក្សា ក៏ដូចជាប្រឡងសញ្ញាបត្រ ទទួលជ័យ លាភីលេខ ទី ១ លេខ ២ លេខ ៣ ជាដើមជា ច្រើនឆ្នាំបន្តបន្ទាប់។
ព្រះតេជព្រះគុណ ថាច់ខេមរា អចិន្ត្រៃយ៍ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ៣) នាវត្តកំពង់ មានថេរដីកាថា៖ ចំណុចពិសេស របស់ព្រះតេជព្រះគុណ គឹមតឹម គឺអ្នកមានស្មា រតីព្យាយាម មានបញ្ញាឈ្លាសវៃ និងម្ចាស់ការ រៀនសូត្រជានិច្ច។ ទន្ទឹមនឹងនោះ ព្រះអង្គតែង ស្រាវជ្រាវ សួរបញ្ហាផ្សេងៗជាមួយគ្រូបង្រៀន មិត្តភក្តិដើម្បីបង្កើនចំណេះដឹង ប្រឡងសម្រេច លទ្ធផលខ្ពស់ ៕
* ការ “ព្យាយាម” ជាកត្តាសំខាន់ក្នុងការរៀនសូត្រ
ព្រះឧបជ្ឈាយ៍ គឹមថន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត (ខាងស្តាំ) ប្រទានសញ្ញាបត្រដល់ សមណសិស្សថាច់វ៉ាំងសាន្ត។
បេក្ខសិស្សថាច់វ៉ាំងសាន្ត សំណេះសំណាល៖ ចំពោះអាត្មាយល់ឃើញថា ព្យាយាមទន្ទេញមេរៀន ខិតខំធ្វើលំហាត់ណាពិបាកៗជាកត្តាមួយ ក្នុងចំណោមកត្តាជាច្រើននាំមកនូវភាព ជោគជ័យក្នុងការរៀនសូត្រ។ ទន្ទឹមនឹងនោះ អាត្មាស្វែងយល់អំពីខ្លួនឯង ថានៅអន់មុខវិជ្ជាណា អាត្មាក៏ប្តេជ្ញារៀនមុខវិជ្ជានោះបន្ថែមឲ្យ បានច្បាស់លាស់។ ការ “ព្យាយាម” តែង នាំ មកនូវភាពជោគជ័យក្នុងការរៀនសូត្រ ប្រតិបត្តិធម៌របស់អាត្មា។
បេក្ខសិស្សថាច់វ៉ាំងសាន្ត គង់នៅវត្តកំពង់ ឈូក (ផ្នោសង្រ្កម) ឃុំហ៊ីវទឺ ស្រុកទីវកឹង។ ជាច្រើនឆ្នាំកន្លង បេក្ខសិស្សថាច់វ៉ាំងសាន្ត ស្នាក់រៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមនៅតាមវត្ត ក្នុងនិងក្រៅស្រុក រួចបានព្រះសង្ឃ និងពុទ្ធបរិស័ទស្គាល់តាមរយៈព្រះអង្គជាអ្នកមានគុណសម្បត្តិ វិជ្ជាសម្បត្តិ ប្រឡងជាប់លេខ ១ ជា ច្រើនឆ្នាំបន្តបន្ទាប់។
ឆ្នាំសិក្សា ២០២៤-២០២៥ បេក្ខសិស្ស ថាច់វ៉ាំងសាន្ត ស្នាក់រៀននៅវត្តធ្លក ស្រុកកូវង៉ាង រួចបានព្រះចៅអធិការ គណៈអារាមាភិបាល វត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តធ្លក ស្ងើចសរសើរ ជ្រះថ្លាចំពោះគុណសម្បត្តិរបស់ព្រះអង្គ ជានិច្ច។
ព្រះតេជព្រះគុណថាច់តារា អនុប្រធាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការវត្តធ្លក មានថេរដីកាថា៖ ទទួលជ័យលាភីលេខ ១ ក្នុងចំណោមបេក្ខ សិស្សរាប់រយអង្គ និងរូប មិនត្រឹមតែជាបេក្ខ សិស្សមានវិជ្ជាសម្បត្តិប៉ុណ្ណោះទេ ត្រូវមានចរិ យាសម្បត្តិទៀតផង។ សមណសិស្ស ថាច់វ៉ាំងសាន្ត ជាបេក្ខសិស្សមួយព្រះអង្គដែលមានវិធីសាស្រ្តរៀនសូត្រល្អ មានឆន្ទៈមោះមុតក្នុងការរៀនសូត្រ ដល់ព្រមដោយគុណសម្បត្តិ និងវិជ្ជាសម្បត្តិ សក្តិសមនឹងលទ្ធផលដែលសម្រេចបាននាសម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិនាវត្តកំពង់នាឆ្នាំសិក្សា ២០២៤-២០២៥។
ការព្យាយាម និងមានវិធីសាស្រ្តរៀនសូត្រ ល្អ គឺជាទិសដៅទៅកាន់ភាពជោគជ័យរបស់ បេក្ខសិស្សគឹមតឹម និងបេក្ខសិស្សថាច់វ៉ាំងសាន្ត។ បេក្ខសិស្សទាំងពីរព្រះអង្គ សក្តិសមជាសិស្ស គំរូឆ្នើមសម្រាប់សមណសិស្ស យុវសិស្សយក តម្រាប់តាម៕ អត្ថបទ-រូបថត៖ សុជា