20/12/2021 14:58
ព្រះតេជគុណថាច់ស៊ីនអានសាស្រ្តាស្លឹករឹត។
តាមការកត់សម្គាល់របស់យើងខ្ញុំនាពេលបច្ចុប្បន្ននៅលើភូមិសាស្រ្តខេត្ត មានវត្តតិចតួចណាស់ដែលនៅរក្សាបានសាស្រ្តស្លឹករឹត។ ជាក់ស្ដែងដូចជានៅស្រុកកូវង៉ាងដែលមានវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរចំនួន ២៣ វត្ត ប៉ុន្តែមានវត្តត្រឹម តែ ៥-៦ វត្តប៉ុណ្ណោះដែលនៅរក្សាបានសាស្រ្តាស្លឹករឹត។
វត្តបទុមឈូកស (ចុងមីសថ្មី) ឃុំញីទ្រឿង ជាវត្តមួយក្នុងបណ្ដាវត្តដែលនៅរក្សាបានសាស្រ្តាស្លឹករឹតជាច្រើនប្រភេទ ក្នុងនោះមានសាស្រ្តាធម្មបទ និទានពីព្រះពោធិសត្វយោនយកកំណើតផ្សេងៗ ព្រមទាំងពុទ្ធប្រវត្តិ។ល។ តាមថេរដីកា ព្រះចៅអធិការថាច់ស៊ីន វត្តបទុមឈូកស (ចុងមីសថ្មី)៖ វត្តចាត់ទុកសាស្រ្តាស្លឹករឹតដូចជាវត្ថុបុរាណមានតម្លៃអំពីវប្បធម៌ជំនឿ។ ទោះបីមិនសូវ មានព្រះសង្ឃ ឬពុទ្ធបរិស័ទណាអានក៏ដោយ ប៉ុន្តែវត្តនៅតែរក្សាទុកយ៉ាងហ្មត់ចត់។ សាស្រ្តាស្លឹករឹតចាត់ទុកដូចជារតនវត្ថុ បញ្ជាក់ពីកម្លាំងតស៊ូអត់ធ្មត់របស់មនុស្សជំនាន់ដើមក្នុងការសរសេរបណ្ដាប្រភេទធម៌អាថ៌ ពាក្យពេចន៍ ដំបូន្មានមានតម្លៃ ដើម្បីបន្សល់ទុកសម្រាប់ជំនាន់ក្រោយ។ អាស្រ័យ ហេតុនោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ វត្តតែងចាត់ភិក្ខុ សាមណេរទេសនាអំពីរឿងព្រះវេស្សន្ដរជាតក រួមមាន ១៥ ភាគ ក្នុងនោះ ១ ភាគជាបឋមគោរព ១ ភាគថ្លែងពីអានិ សង្ស និងខ្លឹមសាររឿងមាន ១៣ ភាគ។
សាស្រ្តាស្លឹករឹត ។
ព្រះតេជគុណសឺនសមិទ្ធិព្រះចៅអធិការវត្ត ដំបូកបី ឃុំញីទ្រឿង ដែលមានព្រះជន្មជិត ៧០ ឆ្នាំ និងមានវស្សាផ្នួសរាប់សិបវស្សា ក្នុងនោះមានរយៈពេលច្រើនឆ្នាំស្រាវជ្រាវអំពីសាស្រ្តាស្លឹក មានថេរដីកាថា៖ អក្សរនៅលើសាស្រ្តាស្លឹករឹតជាអក្សរសរសេរដោយដៃ សម្ដែងបញ្ជាក់ពីភាព អត់ធ្មត់ទៅតាមគំនូសអក្សរនីមួយៗ បន្សល់ទុក ជាធម៌អាថ៌រាប់សិបភាគសម្រាប់ព្រះសង្ឃ កូន ចៅខ្មែររៀនសូត្រ។ ក្រៅពីទ្រឹស្ដីព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្ម នៅទាំងមានបណ្ដាទ្រឹស្ដីល្អៗ បង្កប់ដោយខ្លឹមសារអប់រំយ៉ាងខ្ពង់ខ្ពស់ ជួយឱ្យមនុស្សមានការរស់នៅ និងមានការប្រព្រឹត្តអំពើល្អ ជៀសវាងបណ្ដាមិច្ឆាចារអំពើអាក្រក់។
ដើម្បីមានសាស្រ្តាស្លឹក វត្ថុចាំបាច់មិនអាចខ្វះ បានគឺស្លឹកទ្រាំង។ ស្លឹកទ្រាំងក្រោយពេលកាត់យកមកចិតច្បូតឱ្យបានហ្មត់ចត់រួច អ្នកខ្លះយកខ្នាតវែងខ្លីជាស្រេចទើបយកទៅហាលក្ដៅយក ឈើសង្កត់ពីលើដើម្បីកុំឲ្យស្លឹកទ្រាំងមូរខើចពេលស្ងួត។ បន្ទាប់ពីស្លឹកទ្រាំងស្ងួតក៏យកដែកសំលៀងឱ្យស្រួចចារអក្សរទៅលើស្លឹកទ្រាំងនោះ។ បណ្ដាស្លាកស្នាមអក្សរ ជាដំបូងគ្រាន់តែឃើញព្រាវៗ ពីព្រោះអក្សរមិនទាន់មានទឹកខ្មៅ។ ក្រោយពេលចាររួច ចាប់ផ្ដើមយកធ្យូង ឬក៏ទឹកខ្មៅលាបទៅលើស្នាមអក្សរ ហើយជូតឱ្យជ្រះមែនទែន ស្នាមទឹកខ្មៅដែលជ្រាបចូលទៅតាមអក្សរកាន់តែធ្វើឱ្យអក្សរលេចរូបរាងឡើងយ៉ាងច្បាស់។
ចាស់បុរាណហាក់ដូចជាឯកភាពគ្នាអំពីលក្ខណៈអក្សរ ម៉្លោះហើយអក្សរដែលចារលើស្លឹករឹតវត្តណាក៏ដូចវត្តណាគឺប្រហាក់ប្រហែលគ្នា គ្រាន់តែមានខ្នាតអក្សរខុសប្លែកគ្នាបន្តិចបន្តួច។ ក្រៅពីនោះ ចាស់បុរាណដូចជាមិនទាន់ឯកភាពខាង វេយ្យាករណ៍ អក្ខរាវិរុទ្ធភាសាខ្មែរ បានជារចនាបទអំពីអក្ខរាវិរុទ្ធក៏ខុសប្លែកពីអក្សរសាស្រ្តខ្មែរនាពេលសព្វថ្ងៃ។ ឬក៏អាចថាអ្នកសរសេរច្រើន ឮសំដីនិយាយយ៉ាងណាក៏បង្វែរទៅជាអក្សរសរសេរក៏យ៉ាងនោះដែរ ម៉្លោះហើយអក្សរខ្លះសរសេរខុសប្លែកពីអក្សរសាស្រ្តខ្មែរសព្វថ្ងៃ គាប់ជួនមានអក្សរខ្លះសរសេរលើសក៏តែមាន។ តួយ៉ាងដូចជាពាក្យ “សាសនា” សរសេរជា “សាស្នា” ពាក្យ “ចំពោះ” ទៅជា “ជុំពោះ” “ជំនុំសង្ឃ” ទៅជា “ជុំ នុំមសង្ឃ” ។ល។ ម៉្លោះហើយមនុស្សជំនាន់ក្រោយ បើចង់អានអក្សរសាស្រ្តាស្លឹករឹតបានរួសត្រូវមានការហ្វឹកហាត់អានជាមុន។ ជាក់ស្ដែង បើសិនវត្តណានៅជ្រើសយកសាស្រ្តាស្លឹករឹតទេសនាក្នុងរដូវបុណ្យចូលឆ្នាំថ្មីនោះ វត្តនោះច្រើនឱ្យភិក្ខុ សាមណេរលំហាត់អានមុនពី ១-២ សប្ដាហ៍ដើម្បីអាន បានល្អទាក់ទាញបានចំណាប់អារម្មណ៍អ្នកស្ដាប់។
សាស្រ្តាស្លឹករឹត នៅតែបានវាយតម្លៃខ្ពស់អំពីតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរ ជួយឱ្យមនុស្ស យល់បានពីការបរិច្ចាគរបស់ចាស់ទុំពីបុរាណក្នុងការនាំយកបណ្ដាប្រការល្អ ភាពពូកែ ដើម្បីជនរួមជាតិខ្មែរមានរបៀបរស់នៅបានល្អប្រសើរជាង។ យុវវ័យសម័យសព្វថ្ងៃ មិនសូវបានដឹងពីប្រភេទ គម្ពីរនេះ រួចបើសាស្រ្តាស្លឹករឹតមិនបានរក្សាទុកហ្មត់ចត់ និងធ្វើការផ្សព្វផ្សាយសមស្របទេនោះ សាស្រ្តាស្លឹករឹតនឹងរោយរៀវហើយបាត់បង់ទៅតាមពេលវេលា៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ