28/07/2023 08:21
ព្រះតេជគុណ ថាច់ហ៊ុង (គង់ខាងឆ្វេង) រួមជាមួយនិងគ្រូបង្រៀន ថតរូបអនុស្សាវរីយ៍ជាមួយសិស្សានុសិស្សថ្នាក់រៀនពិសេស។
ធម្មតាក្នុងរដូវវិស្សមកាល នៅតាមភូមិ តាមវត្តអារាមពុទ្ធសាសនាមហានិកាយខ្មែរក្នុងខេត្តតែងមានបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរសម្រាប់យុវ- កុមារជាកូនចៅពុទ្ធបរិស័ទរៀនសូត្រ។ ដោយឡែកនៅភូមិសម្តេច ឃុំលឿងហ្វាអា ស្រុកចូវថាញ់វិញ ព្រះតេជគុណថាច់ហ៊ុង ព្រះចៅអធិការវត្តពោធិវង្សារាម(ចុងទ័ព) មិនត្រឹមតែបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរដល់យុវ-កុមារ រៀនប៉ុណ្ណោះទេ នៅទាំងចលនាពុទ្ធបរិស័ទគឺជាយាយ មីងដែលមានអាយុពី ៣០ ដល់ជិត ៨០ ឆ្នាំ មករៀនអក្សរសាស្រ្តខ្មែរនៅពេលរាត្រីទៀតផង។ នេះជាថ្នាក់រៀនមានលក្ខណៈពិសេសដែលគួរឲ្យស្ងើចសរសើរ និងគួរពង្រីកឲ្យបានទូលំទូលាយក្នុងទូទាំងខេត្ត។ ពុទ្ធបរិស័ទដែលអញ្ជើញមករៀន តែងមានឆន្ទៈមោះមុតដូចគ្នាថា៖ “ហោចណាស់ខ្ញុំក៏ចេះសរសេរឈ្មោះខ្លួនឯងដោយអក្សរសាស្រ្តខ្មែរលើខ្នងសំបុត្រសម្រាប់ប្រគេនបច្ច័យដល់ព្រះសង្ឃនៅពេល ដែលមានធ្វើបុណ្យសុន្ទរ៍ទានម្តងម្កាលដែរ” ។ ខាងក្រោមនេះគឺរូបភាពមួយ ចំនួននៃថ្នាក់រៀនពិសេស៕ ពណ៌នារូបភាព៖ សុជា
ព្រះតេជគុណ ថាច់ហ៊ុង សំណេះសំណាលជាមួយអ្នកមីងគាងធីសាយាន អាយុ ៧៦ ឆ្នាំនៅថ្នាក់រៀនពិសេស។
អ្នកមីងថាច់ធីធា កំពុងហាត់អានអក្សរសាស្រ្តខ្មែរតាមការណែនាំរបស់លោកគ្រូ ។
ទោះបីពេលថ្ងៃអ្នកមីងគាងធីយ៉េននឿយហត់នឹងការងារមើលថែចៅ ៤ នាក់ តែពេលយប់គាត់នៅតែខំទៅរៀន។
ទោះបីដៃម្ខាងកំពុងមានរបួសក៏ដោយអ្នកមីងយឿងធីសៅរ៍ នៅតែខិតខំទៅរៀន។