04/04/2023 13:11
តាមការវាយតម្លៃរបស់សិល្បការិនីប្រជាជនត្រិនធ្វីម៉ូយ៖ អង្គភាពក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មីស្រុកថ្កូវរៀបចំបានល្អ ទាំងខ្លឹមសាររឿង សម្លៀកបំពាក់ ទេសភាព និងកាយវិការសម្ដែងបានល្អ ការសម្តែងក៏ប្រព្រឹត្តទៅយ៉ាងរលូនតាមតួអង្គម្នាក់ៗញ៉ាំងឲ្យព្រលឹងសិល្បៈល្ខោនយូកេរ្ដិ៍កាន់តែមានភាពរស់រវើក បញ្ជាក់ឲ្យឃើញអំពីលក្ខណៈពិសេស អស្ចារ្យនៃសិល្បៈល្ខោនយូកេរ្ដិ៍របស់ជនជាតិខ្មែរ។
តំណាងចូលរួមថតរូបអនុស្សាវរីយ៍ជាមួយក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មី។
មានការរំភើបចំពោះលទ្ធផលដែលអង្គភាពស្រុកថ្កូវហ្វឹកហាត់បានល្អដូច្នោះ លោក គឹមសាង អនុលេខាអចិន្ត្រៃយ៍បក្សស្រុកថ្កូវបានសំណេះសំណាលដោយរីករាយថា៖ ខ្ញុំត្រេកអរណាស់ដែលបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តជ្រើសអង្គភាពសិល្បៈខ្មែរវត្តស្វាយសៀមថ្មី ស្រុកថ្កូវ ចូលរួមពិធីសមោសរសិល្បៈលើកនេះ។ កាន់តែសប្បាយជាងទៀតនៅពេលចូលរួមរាត្រីពិនិត្យឆ្លងរឿងដោយឃើញបណ្តាតួអង្គក្នុងរឿងសម្តែងបានល្អ។ ខ្លឹមសាររឿងមានលក្ខណៈអប់រំល្អ សមស្របនឹងការអប់រំគ្រប់សម័យកាល។ ជាពិសេសគឺបញ្ជាក់អំពីភក្តីភាពរបស់នារីភេទ និងភាពកតញ្ញូរបស់កូនចៅ។ល។
ចូលរួមសមោសរសិល្បៈល្ខោនយូកេរ្ដិ៍ខ្មែរណាមបូលើកទី២ ឆ្នាំ២០២៣ ក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មីមានអ្នកនិពន្ធ អ្នកដឹកនាំរឿង តន្រ្តីករសិល្បករ -ការិនីជាង ៤៥នាក់របស់ក្រុម ចូលរួមផង។
បានជ្រើសទទួលតួឯក (មេទ័ព)ក្នុងរឿង ឫទ្ធិស័កព្រួញមាសលោក គឹមសូដានៅភូមិ ស្លែងថ្មីស្រុកថ្កូវអរផង បារម្ភផង។ លោកសូដាសំណេះសំណាលថា៖ ដំបូងឡើយ ខ្ញុំបានជ្រើសទទួលសម្តែងជាតួអង្គចៅក្រមលុះដល់ចូលរួមហ្វឹកហាត់ អង្គភាពក៏ជ្រើសខ្ញុំឱ្យទទួលសម្តែងជាតួឯកវិញ។ ខ្ញុំអរផង ភ័យផង។ ក្នុងអំឡុងពេលចូលរួមហ្វឹកហាត់ ខ្ញុំក៏បានប្រធានក្រុម អ្នកដឹកនាំរឿង ជំរុញទឹកចិត្ត ណែនាំសម្តែងយ៉ាងម៉ត់ចត់ ខ្ញុំក៏មានទំនុកចិត្តលើខ្លួនឯងរួចខិតខំសម្តែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកជាមួយសមាជិកក្នុងក្រុមសម្តែងឲ្យបានល្អនាពិធីសមោសរ។
លោក ថាច់មុនី អនុប្រធានគណៈជនជាតិខេត្ត អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង ឫទ្ធិស័កព្រួញមាស ហើយជាអ្នកហ្វឹកហាត់ឲ្យសមាជិកក្រុមសិល្បៈខ្មែរវត្តស្វាយសៀមថ្មីសំណេះសំណាលថា៖ “ខ្ញុំ និងអ្នកនិពន្ធថាច់សុភី បាននិពន្ធរឿង ឫទ្ធិស័កព្រួញមាសកាលពីឆ្នាំ ២០០៦ រួចបានក្រុមសិល្បៈរស្មីប្រទីបយកទៅហ្វឹកហាត់ និងសម្តែងជាច្រើនលើក នៅ ខេត្តនានា អស់រយៈពេលជាច្រើនឆ្នាំ។ សមោសរសិល្បៈលើកនេះអង្គភាពសិល្បៈខ្មែរវត្តស្វាយសៀមថ្មីក៏បានជ្រើសយករឿង ឫទ្ធិស័កព្រួញមាស នេះដែររួចបានអញ្ជើញខ្ញុំឲ្យទទួលបន្ទុកជាអ្នកដឹកនាំរឿង។ នៅពេលហ្វឹកហាត់ជួបការលំបាកច្រើន ពីព្រោះតន្តី្រករ សិល្បករ -ការិនីមានទីលំនៅឆ្ងាយៗពីគ្នា ពិបាកជួបជុំគ្នា។ ប៉ុន្តែដោយបានព្រះតេជគុណថាច់ញ៉ឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី ព្រះអង្គមានកិត្យានុភាព មានទឹកព្រះទ័យស្នេហាសិល្បៈប្រពៃណីជាតិ ទើបញ៉ាំងឲ្យសមាជិកក្នុងក្រុមខិតខំជម្នះការលំបាកស្ម័គ្រចិត្តមកចូលរួមហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ជំរុញឲ្យខ្ញុំក៏ខិតខំអនុវត្តសម្រេចភារកិច្ចរបស់ខ្លួនផងដែរ។
ព្រះតេជគុណ ថាច់ញ៉ឹកព្រះចៅអធិការវត្ត ស្វាយសៀមថ្មី អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ មានថេរដីកាថា៖ ដោយបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ជ្រើសឲ្យចូលរួមក្នុងពិធីសមោសរលើកនេះ អាត្មាមានអារម្មណ៍រីករាយណាស់។ ដូច្នេះហើយ ទើបអាត្មាបានពិគ្រោះ ជ្រើសរឿង ក៏ដូចជាអញ្ជើញបងប្អូនមកដើម្បីជ្រើសយកតួអង្គសម្តែងឲ្យបានសមស្រប តាមលក្ខណៈសិល្បៈយូរកេរ្ដិ៍ ជាប្រភេទសិល្បៈប្រពៃណីខ្មែរដ៏អស្ចារ្យ។ នេះជាលើកដំបូងដែលសមាជិករបស់ក្រុមចូលរួមសម្តែងសិល្បៈ “យូកេរ្ដិ៍”ដូច្នោះហើយរមែងជួបការលំបាកច្រើន ប៉ុន្តែដោយមានបំណងចង់ឲ្យសមាជិកក្នុងក្រុមបានរៀនសូត្រ ផ្តោះប្តូរសិល្បៈពីអង្គភាពនានានៅពិធីសមោសរ ទើបអាត្មាជំរុញទឹកចិត្តឲ្យបងប្អូនក្នុងអង្គភាពខិតខំហ្វឹកហាត់ដើម្បីចូលរួមពិធីសមោសរសិល្បៈលើកនេះ។ ក្នុងនាមជាប្រធានក្រុម ថ្វីត្បិតតែអាត្មាមិនបានជួយណែនាំហ្វឹកហាត់ផ្ទាល់ផ្នែកសិល្បៈក៏ដោយប៉ុន្តែអាត្មាតែងចូលរួមឧបត្ថម្ភទាំងសម្ភារ និងស្មារតី ដើម្បីក្រុមចូលរួមសម្តែងឲ្យបានល្អនៅពិធីសមោសរសិល្បៈ។
ឈុតសម្តែងរឿងឫទ្ធិស័កព្រួញមាស។
រឿង ឫទ្ធិស័កព្រួញមាសអ្នកនិពន្ធបានយោងតាមរឿងបុរាណ រួចច្នៃប្រតិដ្ឋបន្ថែមឲ្យមានខ្លឹមសារអប់រំសមស្របនឹងបច្ចុប្បន្ន និងមានការបញ្ជូលបុគ្គលិកលក្ខណៈរបស់តួអង្គឱ្យសមស្របតាមទស្សនៈ ចិត្តសាស្រ្ត ពេញនិយមរបស់ទស្សនិកជនក្នុងបច្ចុប្បន្ន។ ខ្លឹមសារ និងកត្តាសំខាន់របស់រឿងគឺមានការអប់រំល្អ លើកតម្តើងភាពស្មោះត្រង់របស់នារីភេទតាមរយៈតួអង្គ លក្ខិណា ភរិយាទី ១ របស់មេទ័ព ឫទ្ធិស័កភាពកតញ្ញូរបស់កូនចំពោះឪពុកម្តាយ តាមរយៈតួអង្គ ស័កសុណ្ណារី និងស័កស៊ីថន ទោះជាឪពុកក្បត់ម្តាយ បោះបង់គ្រួសារក៏ដោយពួកគេនៅតែគោរពស្រឡាញ់ឪពុកជានិច្ច។ រឿងនេះនៅទាំងរិះគន់ប្រភេទមនុស្សដែលមានចរិតលោភលន់ បុណ្យស័ក្តចិត្តឃោរឃៅបោះបង់ប្រពន្ធកូនតាមចរិតរបស់តួអង្គ មេទ័ពឫទ្ធិស័ក ។ ទន្ទឹមនឹងនោះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពយុត្តិធម៌របស់ច្បាប់ ពោលគឺអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មត្រូវតែផ្តន្ទាទោសតាមច្បាប់ ដើម្បីនាំមកនូវភាពយុត្តិធម៌ជូនសង្គម តាមរយៈការ វិនិច្ឆ័យរបស់ចៅក្រមចំពោះអ្នកទោស ឫទ្ធិស័ក។ល។
អត្ថបទ‑រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។