14/07/2023 08:36
*ជម្នះរាល់ការលំបាក ធ្វើមានពីរបរជួញដូរជលផល
ក្រោយពីសម្រេចភារកិច្ចយោធា ថ្វីត្បិតតែសុខភាពមិនបានមួនមាំដូចមុន ជីវភាពជួបការលំបាកច្រើនក៏ដោយ ប៉ុន្តែដោយមានឆន្ទៈមោះមុត និងមានអត្តចរិតជា "កងទ័ពអ៊ំហូ" លោកវិញវ៉ាំងវ៉ិត ជម្នះរាល់ការលំបាក ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារដោយរបរជួញដូរជលផល ក្លាយជាអ្នកមានក្នុងភូមិ ។ ជាង ៣០ ឆ្នាំកន្លងដែលប្រកបរបរនេះ លោកមាផ្ទេរកម្មសិទ្ធិដីបានជាង ១,៥ ហិកតា និងចិញ្ចឹមកូនៗរៀនសូត្របានជោគជ័យ ម្នាក់ធ្វើជាគ្រូបង្រៀន ម្នាក់ទៀតធ្វើជាមេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាឃុំដាឡុក។
លោកឡេភឿកជុងង (ខាងឆ្វេង) ថតរូបជាមួយលោកមាវិញវ៉ាំងវ៉ិតនៅនឹងផ្ទះឧបការគុណ។
លោកវិញវ៉ាំងវ៉ិត បានរៀបរាប់ថា៖ ឆ្នាំ ២០០៣ ជាដំណាក់កាលសំខាន់ ដែលខ្ញុំ មិនអាចបំភ្លេចបាន។ ព្រោះឆ្នាំនោះ ខ្ញុំបានសមាគមអតីតយុទ្ធជនឃុំស្នើរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភផ្ទះឧបការគុណដល់ខ្ញុំ។ មុននឹងទទួលបានផ្ទះនោះ គ្រួសារខ្ញុំ រស់នៅក្នុងផ្ទះស្លឹក ទ្រុឌទ្រោម។ ពេលភ្លៀងធំម្តងៗ ខ្ញុំតែងយកផ្ទាំងគម្របគ្របពីលើដំបូលកុំឲ្យភ្លៀងស្រក់។ ពីមុនខ្ញុំក៏ប្រកបរបរជួញដូរជលផលដែរ ប៉ុន្តែការលក់ដូរមិនបានរលូនឡើយ ជីវភាពត្រដាប់ត្រដួសណាស់ ។ តាំងពីទទួលបានផ្ទះឧបការគុណមក ការលក់ដូររបស់ខ្ញុំមានការរលូនជារៀងរហូតហើយខ្ញុំ សន្សំដើមទុនសម្រាប់បើកទូលាយរបរជួញដូរជលផលផង និងប្រកបរបរទិញគោ លក់គោថែមទៀត ។ ជីវភាពគ្រួសារខ្ញុំបានធូរធាជាលំដាប់តាំងពីពេលនោះមក។
យុទ្ធជនពិការវិញវ៉ាំងវ៉ិត ចូលរួមធ្វើបដិវត្តន៍កាលពីឆ្នាំ ១៩៧០ ជាយុទ្ធជនបម្រើការងារនៅកងយោធាស្រុកចូវថាញ់ បំពេញបេសកកម្មក្នុងកិច្ចសហការផ្ទាល់ដើម្បីធ្វើការប្រយុទ្ធនៅបណ្តាសមរភូមិក្នុងខេត្ត។ ឆ្នាំ ១៩៧៣ ក្នុងពេល ប្រយុទ្ធនៅសមរភូមិស្រុកកូវកែ លោកមាក៏ជួបគ្រោះថ្នាក់ ដោយរងរបួសជាច្រើនលើសារពាង្គកាយ។ លោកមា បានរដ្ឋប្រទានគ្រឿងឥស្សារិយយសចំណាត់ថ្នាក់លេខ ២ ។ ក្រៅពីឧបត្ថម្ភផ្ទះឧបការគុណ លោកមាវិញវ៉ាំងវ៉ិត ក៏បានទទួលប្រាក់ខែតាមរបបឧបត្ថម្ភរបស់យុទ្ធជនពិការប្រភេទ ៤/៤។
លោក ឡេភឿកជុង ប្រធានសមាគម អតីតយុទ្ធជន ឃុំដាឡុកមានប្រសាសន៍ថា៖ លោក វិញវ៉ាំងវ៉ិត ជាយុទ្ធជនពិការជនជាតិខ្មែរម្នាក់ដែលមានឆន្ទៈមោះមុត ឆ្លងកាត់រាល់ការលំបាក ក្លាយជាអ្នកមានរបស់មូលដ្ឋាន។ ផ្តើមអាជីពដោយបាតដៃទទេ បច្ចុប្បន្ន លោកមា មានទ្រព្យសម្បត្តិស្តុកស្តម្ភ ជួសជុលផ្ទះឧបករគុណបានស្អាត។ ជាមួយនឹងតួនាទីជាអនុប្រធានសាខាសមាគមអតីតយុទ្ធជនភូមិ លោកមាតែងសកម្មក្នុងការចលនាសមាជិក និងប្រជាជនចូលរួមបណ្តាចលនានៅមូលដ្ឋាន។
*ជម្នះការលំបាក ធ្វើមានពីរបរភ្ជួរដី
យុទ្ធជនពិការ ត្រឹងក្វឹកត្វង ប្រធានក្រុមទម្រេង់ ៧+១ នៅភូមិអំពាំងសាន្ត ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង។ ក្រោយពីសម្រេចភារកិច្ចយោធាមក ទោះបីជាសុខភាពមិនសូវបានល្អក៏ដោយ លោកមានៅតែមានឆន្ទៈមោះមុត រក្សាខ្ជាប់នូវគុណសម្បត្តិ "កងទ័ពអ៊ំហូ" ជម្នះរាល់ការលំបាកដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ អស់រយៈកាលជាង ៣0 ឆ្នាំកសាងអាជីពលោកមាផ្ទេរកម្មសិទ្ធិដីបានច្រើនកុង សាងសង់ផ្ទះបានសមរម្យ និងចិញ្ចឹមកូនបីនាក់រៀនសូត្របានជោគជ័យ។
លោកឡេវ៉ាំងម៉េន (ខាងស្តាំ) សំណេះសំណាលជាមួយលោកមាត្រឹងក្វឹកត្វងពីអាជីវកម្ម។
លោកមា ត្រឹងក្វឹកត្វង បានរំលឹកឡើងវិញកាលសម័យធ្វើសង្រ្គាម។ លោកមា និងមិត្តរួមអាវុធតែងអង់អាចក្លាហានចូលបំពេញភារកិច្ចយោធាក្នុងប្រទេស និងភារកិច្ចយោធាអន្តរជាតិនៅប្រទេសព្រះរាជាណាចក្រកម្ពុជា។លោកមា ត្រឹងក្វឹកត្វង មានប្រសាសន៍ថា៖ កាលពីឆ្នាំ ១៩៧៧ ខ្ញុំ ស្ម័គ្រចិត្តទៅបំពេញការតព្វកិច្ចយោធានៅកងវរសេនាតូចលេខ ៥០៩ ខេត្តត្រាវិញ ដើម្បីបំពេញបេសកកម្មនៅសមរភូមិកូងដាវ។ ដំណាក់កាលនោះខ្ញុំក៏រងរបួស (យុទ្ធជនពិការប្រភេទ ៤/៤ ) ។ បន្ទាប់ពីបានជាសះស្បើយ នៅឆ្នាំ ១៩៧៧ ខ្ញុំនិងមិត្តភក្តិក្នុងក្រុម ក៏ស្មគ្រចិត្តចូលរួមក្នុងក្រុមកងទ័ពស្ម័គ្រចិត្តទៅប្រយុទ្ធនៅសមរភូមិនៃប្រទេសព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីវិលមកគ្រួសារ ជីវភាពជួបការលំបាកច្រើន ដើម្បីមានដើមទុនពង្រីកសេដ្ឋកិច្ច លោកមា ទៅខ្ចីប្រាក់មាមីងក្នុងភូមិ។ ប្តីប្រពន្ធលោកមាតែងជំរុញទឹកចិត្តគ្នាទៅវិញទៅមក ខិតខំពុះពារជម្នះការលំបាកដើម្បីកសាងជីវភាពគ្រួសារឲ្យបានធូរធា។ លោកមាខ្ចីប្រាក់ញាតិសន្តានបាន ២៥ លានដុង ដើម្បីទិញម៉ាស៊ីនភ្ជួរដី ឲ្យមាមីងក្នុង និងក្រៅខេត្ត។ ប្រកបរបរនេះបានមួយឆ្នាំ លោកមាមិនត្រឹមតែសងបំណុលរួចស្រេចឡើយ ថែមទាំងសេសសល់ដើមទុនផ្ទេរបានកម្មសិទ្ធិដីសង់ផ្ទះ យ៉ាងសមរម្យ ផ្ទេរកម្មសិទ្ធិដីស្រែបានជាង ១,២ ហិកតា ។ បច្ចុប្បន្នកូនៗ របស់លោកមាមានការងារស្ថេរភាព។ សេដ្ឋកិច្ចប្រែប្រួលមិនឈប់ឈរ ម្ល៉ោះហើយ លោកមាក៏ប្តូររបរភ្ជួរដីទៅប្រកបរបរផ្សេងៗឲ្យសមស្របតាមនិន្នាការពង្រីកសេដ្ឋកិច្ចគ្រួសារ។
លោកមា ត្រឹងក្វឹកត្វង បានឲ្យដឹងបន្ថែម៖ មុខរបរនីមួយៗមានការប្រែប្រួលដោយឥតឈប់ឈរ ដូច្នោះយើងត្រូវចាប់យកឱកាសផ្លាស់ប្តូររបរដើម្បីបន្តការពង្រីកសេដ្ឋកិច្ចគ្រួសារឲ្យសមស្របនឹងការអភិវឌ្ឍន៍រួមក្នុងសង្គម។ បច្ចុប្បន្នខ្ញុំប្តូរមកដាំស្មៅចិញ្ចឹមគោ បើកហាងលក់ចំណីសត្វ និងធ្វើស្រែ ១,២ ហិកតា។ ខ្ញុំចិញ្ចឹមគោបាន ០៨ ក្បាល ការលក់ដូររបស់ខ្ញុំប្រព្រឹត្តទៅបានស្ថិរភាព។ ទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំមានប្រាក់ចំណូលមធ្យមភាគ ១០០ លានដុង ក្នុងមួយឆ្នាំ។
លោកឡេវ៉ាំងម៉េន ប្រធានសមាគមអតីតយុទ្ធជនឃុំទ្រឿងទ័រ មានប្រសាសន៍ថា៖ “កន្លងមក លោកមា ត្រឹងក្វឹកត្វង និងមិត្តរួមអាវុធតែងសកម្មក្នុងចលនាស្នេហាជាតិនៅមូលដ្ឋាន ជាពិសេសអនុវត្តល្អភារកិច្ចចលនាសមាជិកពង្រីកសេដ្ឋកិច្ចគ្រួសារ ។ លោកមាធ្វើជាប្រធានក្រុមនៃក្រុមចលនា ៧+១ តែងគ្រប់គ្រងបានល្អគ្រួសារប្រជាជននៅមូលដ្ឋាន ០៧ គ្រួ និងចលនាប្រជាជនក្នុងភូមិចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារបក្ស រដ្ឋអំណាច ប្រឆាំងនឹងការបះបោរបំបែកបំបាក់ធ្លុងសាមគ្គីជនជាតិរបស់ពួកខ្មាំង រួមចំណែករក្សាខ្ជាប់សន្តិសុខនយោបាយនៅមូលដ្ឋាន។
ពិតជាគួរឲ្យគោរព ស្ងើចសរសើរចំពោះគុណសម្បត្តិរបស់យុទ្ធជនពិការ ដែលជាអ្នកមានឆន្ទៈ ស្មារតីពុះពារជម្នះការលំបាកគ្រប់យ៉ាង មិនត្រឹមតែរួមចំណែកធំធេងក្នុងបុព្វហេតុរំដោះជាតិ និងការពារមាតុភូមិក្នុងសម័យសង្គ្រាមប៉ុណ្ណោះទេ ពេលវិលត្រឡប់មកភូមិស្រុកវិញ យុទ្ធជនពិការទាំងអស់ តែងធ្វើជាគំរូល្អគ្រប់កិច្ចការ សក្តិសមជាវីរជនក្លាហាន ជា "កងទ័ពអ៊ំហូ" សម្រាប់កូនចៅគ្រប់ជំនាន់គោរពយកតម្រាប់តាម៕
អត្ថបទ-រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។