27/09/2023 08:07
ពុទ្ធបរិស័ទខ្មែរចូលរួមពិធីកាន់បិណ្ឌ។
នៅបណ្ដាថ្ងៃនេះយើងគ្រប់គ្នាធ្វើដំណើរទៅតាមវត្តអារាម និងតំបន់ជនរួមជាតិខ្មែរ ឃើញមានសភាពខុសប្លែកជាងធម្មតា។ នៅតាមបណ្តាវត្តអារាម ពុទ្ធបរិស័ទបែងគ្នាជាក្រុមទៅតាមក្រុមវេននីមួយៗចូលរ៉ាប់រងកិច្ចការផ្សេងៗដែលទាក់ទងដល់ពិធីកាន់បិណ្ឌ ក្នុងនោះ មានចាត់ចែងភេសជ្ជៈនៅពេលព្រលប់ប្រគេនព្រះសង្ឃ លុះព្រឹកឡើងចាត់ចែងភត្តាហារប្រគេនពព្រះសង្ឃ ធ្វើឱ្យបរិយាកាសពិធីកាន់បិណ្ឌមានភាពអ៊ូអរ។ ក្រៅពីការបែងគ្នាជាក្រុមៗចូលរួមបំពេញកិច្ចការដែល ទាក់ទង់ដល់ពិធីកាន់បិណ្ឌ មានគ្រួសារពុទ្ធបរិស័ទខ្មែរមួយចំនួន នៅទាំងនិមន្តព្រះសង្ឃទៅកាន់ផ្ទះទទួលភត្ត និមន្តព្រះសង្ឃធ្វើកិច្ចភត្តានុមោទនា ដារឧទ្ទិសភាគផលជូនបុព្វការីដែលលាចាកលោកនេះទៅ។ បន្ទាប់ពីព្រះសង្ឃទទួលភត្ត និងធ្វើកិច្ចភត្តានុមោទនា ជនរួមជាតិខ្មែរចាត់តាំងជប់លៀងភ្ញៀវជាសាច់ញាតិ និងអ្នកភូមិផង មិត្តភក្ដិ បង្កជាបរិយាកាសសប្បាយរីករាយផង បង្កភាពស្និទ្ធពោរពេញដោយសាមគ្គីភាព ។
ជារៀងរាល់ឆ្នាំ បរិយាកាសពិធីកាន់បិណ្ឌនៅវត្តចុងព្រៃ ឃុំភឿកហ៊ឹង ស្រុកថ្កូវមានភាពអ៊ូអរ ក្រៃលែង។ នៅពេលទៀបភ្លឺពេល ឮសំឡេងស្គរយាម ពុទ្ធបរិស័ទខ្មែរនាំគ្នាក្រោក ពីដំណេកត្រៀមបម្រុងអាហារភោជន ខ្លះយួរ ខ្លះទូល ខ្លះរែកទៅកាន់វត្តប្រារព្ធពិធីបោះបាយបិណ្ឌ។ បន្ទាប់មក ពេលព្រះអាទិត្យរះ ក៏បន្តរៀបចំ វេរចង្ហាន់ប្រគេនព្រះសង្ឃ។ អ្នកខ្លះដែលជាសមាជិកក្រុមវេនក៏នៅបន្តជួយកិច្ចការដទៃទៀតក្នុងពិធីកាន់បិណ្ឌដើម្បីពេលចង្ហាន់ថ្ងៃត្រង់សម្រាប់ព្រះសង្ឃ។
ព្រះតេជគុណ គឹមហ៊ឺវង៉ី ព្រះចៅអធិការវត្តចុងព្រៃ មានថេរដីកាឱ្យដឹងថា៖ ដើម្បីទុកឱ្យមនុស្សសព្វថ្ងៃបានយល់ បានដឹងពីទំនៀមទម្លាប់ពីបុរាណ អ្វីដែលជាទំនៀមទម្លាប់ចាស់ទុំបានបំពេញ វត្តខិតខំឱ្យចាស់ព្រឹទ្ធាចារ្យ គណៈអារាមាភិបាលខិតខំចាត់តាំងឱ្យបានគ្រប់សព្វក្នុងពិធីកាន់បិណ្ឌ រហូតដល់ថ្ងៃសែន ថ្ងៃភ្ជុំ និងថ្ងៃជូនដូនតា។ អាស្រ័យហេតុនោះ ក្នុងបណ្ដាថ្ងៃកាន់បិណ្ឌ ពុទ្ធបរិស័ទទាំងខ្មែរកិញ ចូលរួមពិធីផ្សេងៗនៃការកាន់បិណ្ឌយ៉ាងច្រើនកុះករ បង្កបានជារូបភាពស្រស់ល្អពីសាមគ្គីភាពនៃពុទ្ធបរិស័ទក្នុងការប្រារព្ធពិធីបុណ្យ។
ពុទ្ធបរិស័ទខ្មែរចំណុះវត្តចុងព្រៃទៅបោះបាយបិណ្ឌពេលទៀបភ្លឺ។
ក្នុងរដូវកាន់បិណ្ឌ ការសូត្របរាភវសូតត្រក៏តែងបានវត្តជាច្រើនរក្សាខ្ជាប់ផងដែរ។ អាស្រ័យខ្លឹមសារក្នុងបរាភវសូត្រមានអត្ថន័យ បង្កប់ការអប់រំឱ្យមនុស្សស្គាល់ពីតម្លៃនៃការចិញ្ចឹមមាតាបិតា កសាងខ្លួនប្រាសចាកអបាយមុខសង្គម សង្វាតក្នុងការបំពេញការងារ។ល។ ហើយខ្លឹមសារនៃសូត្រនេះទៀតសោតគឺការដោះសា្រយការចោទសួររបស់ទេវតាចំពោះព្រះពុទ្ធ ម៉្លោះហើយនៅវត្តចុងព្រៃមុនពេលឈានចូលរដូវកាន់បិណ្ឌ ក៏អញ្ជើញឧបាសិការូបណាដែលមានសំឡេងពីរោះចូលរួមហាត់សូត្របរាក្នុងរដូវកាន់បិណ្ឌផងដែរ។ បងស្រី ថាច់ធីញីវ អ្នកចូលរួមហាត់សូត្របរាភវសូត្រនៅវត្តចុងព្រៃ បានឱ្យដឹងថា៖ ពីដើមបានត្រឹមតែស្ដាប់ព្រះសង្ឃសូត្របរាភវសូត្រជាភាសាបាលីគ្រាន់តែសម្គាល់ឃើញមានភាពលន្លង់លន្លោចនៅពេលទៀបភ្លឺតែប៉ុណ្ណោះ ប៉ុន្តែលុះដល់ចូលរួមពិធីសូត្រជាភាសាខ្មែរទើបខ្ញុំយល់ថា ខ្លឹមសារក្នុងបរាភវសូត្រមិនមែនជាខ្លឹមសារធម្មតាឡើយ។ បើអ្នកបានស្ដាប់ ហើយប្រតិបត្តិតាមខ្លឹមសារនឹងកសាងខ្លួនយើងឱ្យមានភាពវិសេសវិសាលជាក់ជាមិនខាន មិនបារម្ភដល់ការបំពានទៅលើបម្រាមនានា។
លុះថ្ងៃសែន(ថ្ងៃ ១៤ រោច) ពុទ្ធបរិស័ទភាគច្រើនក៏បន្តនិមន្តព្រះសង្ឃទៅកាន់គេហដ្ឋានទទួលភត្ត ម្ចាស់ផ្ទះមានរៀបចំជាស្ពកបាយសែនព្រេនជូនចាស់ទុំដែលលាចាកលោកនេះទៅ។
ថ្ងៃភ្ជុំ (១៥ រោច) ពុទ្ធបរិស័ទនាំគ្នាទៅវត្តដោយនាំយកចង្ហាន់ នំនែកសព្វបែបយ៉ាងទៅប្រគេនព្រះសង្ឃ។ ជនរួមជាតិខ្មែរច្រើនមានជំនឿ ក្នុងថ្ងៃភ្ជុំថាចាស់ទុំ បុព្វការីដែលលាចាកលោកនេះទៅតែងមករកកូនចៅនៅតាមវត្ត បើឃើញកូនចៅហើយតែងស្វាគមន៍ ហើយទទួលតង្វាយបាយទឹកនំចំណីពីកូនចៅដោយរីករាយ។ បើមិនឃើញទេ ច្រើនតែដាក់បណ្ដាសាផ្សេងៗ កូនចៅកំពុងរស់នៅប្រកបកិច្ចការរកទទួលទានប្រចាំថ្ងៃគ្មានការរីកចម្រើន គ្រួសារទទួលភាពក្ដៅក្រហាយ។ អាស្រ័យជំនឿនេះហើយទើបក្នុងថ្ងៃភ្ជុំ ពុទ្ធបរិស័ទខ្មែរទៅវត្តយ៉ាងច្រើនដើម្បីគោរពតាមជំនឿសាសនាផង គោរពតាមពាក្យតំណាលដូចពោលខាងលើផង។
លុះដល់ថ្ងៃ ១ កើតរៀបចំជារូបសំពៅ ដាក់រណ្ដាប់ សែនព្រេន បញ្ជូនដូនតាទៅស្រុកជាការបញ្ចប់ឱ្យការកាន់បិណ្ឌ ភ្ជុំបិណ្ឌដោយបរិបូណ៌៕
អត្ថបទ-រូបថត៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។