17/04/2023 07:59
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត៖ ពង្រីកប្រវេណី “គោ រពប្រតិបត្តិសាសនា ដើម្បីនាំមកនូវសេចក្តីសុខជូនប្រជាជន”
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត ជាមួយនឹងសញ្ញាបត្របណ្ឌិតកិត្តិយស។
ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ចាងហ្វាងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ នាយករងវិទ្យាស្ថានពុទ្ធសាសនាមហានិកាយខ្មែរក្រុងកឹងធើ។ល។ ទន្ទឹមនឹងអនុវត្តល្អតួនាទីសំខាន់ទាំងនោះ ព្រះអង្គនៅទាំងមានព្រះទ័យមេត្តា សន្តោសប្រោសប្រណីចំពោះព្រះសង្ឃ និងបរិស័ទរួមទៀតផង។ ជារៀងរាល់ឆ្នាំ ព្រះអង្គបានចំណាយថវិការបស់ព្រះអង្គ និងបវារណាពុទ្ធសាសនិកជនចូលរួមវិភាគទានកសាងសំណង់នានា និងធ្វើនូវកិច្ចការសប្បុរធម៌សង្គមជាច្រើនដូចជា៖ ឧបត្ថម្ភកសាងផ្ទះមហាសាមគ្គី ឧបត្ថម្ភអាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ ជូនអំណោយដល់គ្រួសារក្រីក្រ ។ល។ សរុបទឹកប្រាក់មធ្យមភាគក្នុងមួយឆ្នាំជាង ០១ ពាន់លានដុង។
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត មានថេរដីកាថា៖ អាត្មាតែងចម្រើនចិត្ត "មេត្តា" ប្រចាំថ្ងៃ និងយក "បញ្ញា" ពិចារណាដោះស្រាយបញ្ហាគ្រប់យ៉ាង ដើម្បីនាំមកនូវផលប្រយោជន៍ជូន “សាសនា និងសង្គម” ។ ការទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពុទ្ធសាសនវិទ្យានៃសកលវិទ្យាល័យមហាចុឡាឡុងកនរាជវិទ្យាល័យនៃប្រទេសថៃ មិនត្រឹមតែជាកិត្តិយសសម្រាប់អាត្មាទាំងពីរព្រះអង្គប៉ុណ្ណោះទេ ក៏ជាកិត្តិយសសម្រាប់គណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ក៏ដូចជាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សាលាគណខេត្តទៀតផង។ អាត្មាសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ ក៏ដូចជាព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ ជាពិសេសគឺសមណនិស្សិតដែលបាននិងកំពុងសិក្សានៅប្រទេសថៃបានជួយធ្វើសំណុំឯកសារជាផ្លូវការដើម្បីអាត្មាទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសនៅប្រទេសថៃ។ អាត្មានឹងធ្វើកិច្ចការពុទ្ធសាសនា និងការងារសប្បុរសធម៌សង្គមជាបន្តឲ្យបានល្អជាងទៀតដើម្បីចូលរួមអនុវត្តល្អតាមគោលលំនាំ “បវរសាសនា ថ្លៃថ្លាសង្គម”។
ជាង ៥០ ឆ្នាំកន្លង ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត តែងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនសាសនា និងសង្គមជាតិ បានបក្ស រដ្ឋ ជំនឿព្រះសង្ឃ ពុទ្ធបរិស័ទ គោរពស្ងើចសរសើរ និងប្រគេនប័ណ្ណ មេដាយ និងគ្រឿងឥស្សរិយយសដ៏មានតម្លៃជាច្រើនដូចជា៖ ប្រធានរដ្ឋវៀតណាម ប្រគេនគ្រឿងឥស្សរិយយសមហាសាមគ្គីទូទាំងប្រជាជាតិ ( ឆ្នាំ ២០១១) គ្រឿងឥស្សរិយយសឯករាជ្យចំណាត់លេខ ៣ (ឆ្នាំ ២០១៧) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមមជ្ឈិមប្រគេនគ្រឿងឥស្សរិយយសព្រោះបុព្វហេតុ មហាសាមគ្គីទូទាំងប្រជាជាតិ ( ឆ្នាំ ២០១៥)៕
ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់អង៖ សកម្មក្នុងការសំដែងធម៌ទេសនាអប់រំព្រះសង្ឃ ពុទ្ធបរិស័ទ ព្រម ដោយ “សម្មាទិដ្ឋិ”
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់អង ជាមួយនឹងសញ្ញាបត្របណ្ឌិតកិត្តិយស។
ជាង ៦០ ឆ្នាំបព្វជ្ជា ឧបសម្បទាសិក្សារៀនសូត្រ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់អង មិនត្រឹមតែបំពេញភារកិច្ចជាព្រះចៅអធិការវត្តទេពឧទ្យាន តាដេវ (ឃុំផុងភូ ស្រុកកូវកែ) អនុប្រធានសមាគមព្រះសង្ឃស្នេហាជាតិខេត្ត ព្រះមេគណព្រះពុទ្ធសាសនា មហានិកាយខ្មែរបានល្អប៉ុណ្ណោះទេ ព្រះអង្គនៅទាំងឆ្លៀតពេលសំដែងព្រះធម្មវិសេសទេសនាអប់រំព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទឲ្យខិតខំរៀនសូត្រ ប្រព្រឹត្តនូវអំពើល្អតាម “សម្មាទិដ្ឋិ” ។
ព្រះឧបជ្ឈាយ៍ថាច់អង មានថេរដីកាថា៖ សាងផ្នួសរួច ត្រូវខិតខំរៀនសូត្រ គោរពប្រតិបត្តិតាមធម៌អាថ៌វិន័យឲ្យបានល្អខំចម្រើនចិត្តមេត្តាទើបបាននូវសេចក្តីសុខ។ ចំពោះគ្រហស្ថវិញ ត្រូវ “ស្តាប់ព្រះធម៌ទេសនាឲ្យបានច្រើនខិតខំ កសាងអំពើល្អ” និងចូលរួមធ្វើនូវកិច្ចការមានប្រយោជន៍ជូនសង្គមជាតិ។ ក្នុងពេលសំដែងធម៌ទេសនាអាត្មាក៏ឆ្លៀតពេលផ្សព្វផ្សាយ អប់រំពុទ្ធបរិស័ទ អនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ ។ រំលឹកដាស់តឿនប្រជាពុទ្ធបរិស័ទឲ្យខិតខំប្រកបការងាររកទទួលទានស្របច្បាប់ សាមគ្គីជួយគ្នាទៅវិញទៅមក អប់រំ ឧបត្ថម្ភកូនចៅឲ្យរៀនសូត្របានល្អ។ អាត្មាបានបញ្ជាក់ដែរថា៖ “ចំណេះវិជ្ជាជានាវាដ៏ប្រសើរនាំឲ្យយើងដល់ត្រើយជោគជ័យ”។ ដើម្បីជួយជំរុញការសិក្សាឲ្យបានល្អ អាត្មា បានពិគ្រោះ ឯកភាពបង្កើត “មូលនិធិទ្រទ្រង់ពុទ្ធិកសិក្សា” ខេត្តត្រាវិញ ដើម្បីឧបត្ថម្ភព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទដែលមានស្ថានភាពលំបាកបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស។ មូលនិធិនេះបានដំណើរការសកម្មភាពជាង ១០ ឆ្នាំកន្លងមកហើយ។
ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់អង (កើតឆ្នាំ ១៩៤៥) នៅឃុំផុងភូ ស្រុកកូវកែ។ បច្ចុប្បន្ន ថ្វីត្បិតតែសុខភាពមិនបានមួនមាំដូចពីមុនក៏ដោយ ប៉ុន្តែព្រះអង្គនៅតែចំណាយពេលសន្ទនាធម៌ សំដែងធម៌ទេសនាក្នុងឱកាសបុណ្យទាននៅតាមវត្ត ផ្ទះពុទ្ធបរិស័ទ ដើម្បីអប់រំក្រើនរំលឹកព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យខិតខំរៀនសូត្រ បដិបត្តិធម៌ឲ្យបានល្អនិងចូលរួមធ្វើនូវកិច្ចការមានប្រយោជន៍ជូនគ្រួសារ និងសង្គម។ ទទួលស្គាល់នូវស្នាព្រះហស្តរបស់ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ប្រធានរដ្ឋ និងបណ្តាក្រសួង ស្ថាប័នថ្នាក់មជ្ឈិម មូលដ្ឋានបានជូនបណ្ណសរសើរជាច្រើនដល់ព្រះអង្គដូចជា៖ ប្រធានរដ្ឋវៀតណាមប្រគេនបណ្ណសរសើរ “មានស្នាព្រះហស្តឆ្នើមក្នុងសកម្មភាព រួមចំណែកក្នុងបុព្វហេតុកសាងលទ្ធិសង្គមនិយម និងការពារមាតុភូមិ បណ្ណសរសើរ “មានស្នាព្រះហស្តឆ្នើមក្នុងការអនុវត្តន៍ការងារជនជាតិ គោលនយោបាយជនជាតិ ដំណាក់កាល ២០១០-២០២០ ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមមជ្ឈិម ប្រគេនបណ្ណសរសើរ “មានស្នាព្រះហស្តឆ្នើមក្នុងការកសាងធ្លុងមហាសាមគ្គីជនជាតិ”។ល។
បច្ចុប្បន្ន ក៏ដូចជាអនាគតព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរបានរុងរឿងថ្លៃថ្លាគឺអាស្រ័យដោយសគុណដ៏ធំធេងរបស់ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរជាច្រើនព្រះអង្គ។ ក្នុងនោះ មានសគុណដ៏ធំធេងរបស់ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត និងព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់អង ដែលបានបំពេញកិច្ចការពុទ្ធសាសនាបានល្អ និងចលនាពុទ្ធបរិស័ទពង្រីកប្រវេណីសាមគ្គីរវាងសាសនា និងសាសនា ជនជាតិ និងជនជាតិ ដើម្បីបង្កើតជាធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិនៅប្រទេសវៀតណាម៕
អត្ថបទ-រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។