01/08/2023 09:09
ដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ ស្រុកថ្កូវតែងមានវិធីសាស្រ្តថ្មី ដើម្បីបង្កើនគុណភាពក្នុងការពិនិត្យ ព្យាបាលជំងឺ ញ៉ាំងឲ្យប្រជាជនទុកចិត្តរួចមកពិនិត្យព្យាបាលជំងឺកាន់តែច្រើន។ ជាក់ស្តែង គិតពីដើមឆ្នាំមកទល់ពេលនេះ ដំណាក់មានប្រជាជន ២.៤០០ នាក់ មកពិនិត្យ ព្យាបាលជំងឺ កើនជាង ៩៦០ នាក់ បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំ ២០២២។
វេជ្ជបណ្ឌិតឱសថបុរាណ ហុង វ៉ាំងភឹង (កណ្តាល) កំពុងផ្សព្វផ្សាយការងារជូនបុគ្គលិក។
ដើម្បីញ៉ាំងឲ្យប្រជាជនទុកចិត្ត កម្មាភិបាល បុគ្គលិកនៃដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ តែងពង្រីកស្មារតីទទួលខុសត្រូវ និងអាកប្បកិរិយាក្នុងការពិនិត្យ ថែទាំជំងឺ តាមគោលលំនាំ៖ “ទទួលអ្នកជំងឺដោយរីករាយ ថែទាំអ្នកជំងឺអស់ពីចិត្ត ផ្តែផ្តាំអ្នកជំងឺឲ្យបានច្បាស់លាស់មុនពេលអ្នកជំងឺទៅផ្ទះ”។ ទន្ទឹមនឹងនោះ ដំណាក់បានកសាងផែនការអនុវត្ត "ផ្លាស់ថ្មីឥរិយាបថ អាកប្បកិរិយារបស់បុគ្គលិកពេទ្យ ដើម្បីអ្នកជំងឺ និងប្រជាជនពេញចិត្ត"។ រួមជាមួយនោះ ដំណាក់បានអនុវត្តមានប្រសិទ្ធភាពបណ្តាសកម្មភាពដូចជា៖ រក្សាខ្ជាប់ អនុវត្តល្អក្រមសីលធម៌ របស់គ្រូពេទ្យទាំង ១២ យ៉ាង តែងមានអាកប្បកិរិយារាក់ទាក់ស្និទ្ធស្នាល គ្មានភាពអវិជ្ជមាន ផ្តើមពីនោះញ៉ាំងឲ្យអ្នកជំងឺមានអារម្មណ៍ល្អ មានភាពស្និទ្ធស្នាលរវាងអ្នកជំងឺ និងគ្រូពេទ្យ រួមចំណែកបំពេញភារកិច្ចជាអ្នកថែទាំសុខភាពប្រជាជនឲ្យបានល្អជាងទៀត។
អ្នកមីង អ៊ុងធីឡាញ់ អាយុ ៧៥ ឆ្នាំ នៅភូមិស្វាយលើ ឃុំលឺវង៉ីបអាញ់ គាត់ឈឺសន្លាក់ដៃជើងជាច្រើនឆ្នាំមកហើយ។ កាលពីមុន អ្នកមីងតែងទៅមជ្ឈមណ្ឌលសុខាបាលស្រុកថ្កូវ ដែលមានចម្ងាយពីផ្ទះគាត់ជិត ១០ គីឡូម៉ែត្រ ដើម្បីពិនិត្យ និងព្យាបាលជំងឺ។ ផ្លូវឆ្ងាយ ពេលមានភ្លៀងខ្យល់ធំកាន់តែលំបាកធ្វើដំណើរទៅ។
អ្នកមីង អ៊ុងធីឡាញ់ សំណេះសំណាល៖ ខ្ញុំបានក្រុមគ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំ អស់ពីចិត្តក្នុងការពិនិត្យ ព្យាបាលជំងឺ ទើបបច្ចុប្បន្ន ជំងឺខ្ញុំបានធូរស្រាលគ្រាន់បើហើយ ។ មូលដ្ឋានសម្ភារនៃដំណាក់សុខាភិបាលកសាងបានរឹងមាំ បរិស្ថានជ្រះស្អាត គ្រូពេទ្យ និងបុគ្គលិក ធ្វើការងារបានល្អ ធ្វើឲ្យខ្ញុំក៏ដូចជាប្រជាជនពេញចិត្តជានិច្ច។ ម្ល៉ោះហើយ ខ្ញុំតែងជឿជាក់ និងសប្បាយចិត្តណាស់ពេលមកទីនេះពិនិត្យ ព្យាបាលជំងឺ មិនបារម្ភពីការធ្វើដំណើរទៅឆ្ងាយបង់ខាតដូចពីមុនទៀតឡើយ។
ក្រុមគ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ ថែទាំសួនរុក្ខជាតិឱសថគំរូ។
ទន្ទឹមនឹងអនុវត្តល្អការងារថែទាំសុខភាព ដំណាក់ក៏អនុវត្តល្អការងារផ្សព្វផ្សាយ។ ដំណាក់បានសហការជាមួយដំណាក់ផ្សាយសំឡេងរបស់ឃុំ ដើម្បីផ្សព្វផ្សាយដល់ប្រជាជនដែលជួញដូរនៅផ្សារក្បែរនោះ បង្កើនការយល់ដឹងអំពីសុវត្ថិភាពគ្រឿងបរិភោគ វិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺរាលដាល។ល។
បងស្រី ស៊ើងធីម៉ី នៅភូមិក្រ ឃុំអាងក្វាងហ៊ឺវ បានឲ្យដឹង៖ ខ្ញុំទៅផ្សារជារៀងរាល់ថ្ងៃ។ ខ្ញុំតែងយកចិត្តទុកដាក់ស្តាប់ការផ្សាយសំឡេងតាមរយៈប្រព័ន្ធផ្សាយសំឡេងនៅដំណាក់សុខាភិបាលឃុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំទទួលបានព័ត៌មានទាក់ទងនឹងស្ថានភាពជំងឺរាតត្បាត អំពីអនាម័យបរិស្ថាន អំពីវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺ។ល។ ហេតុនោះ ខ្ញុំ ក៏ដូចជាបងប្អូនលក់ដូរនៅផ្សារនេះ តែងម្ចាស់ការក្នុងការបង្ការ និងទប់ស្កាត់ជំងឺ ដូចសុភាសិតបុរាណបានពោលថា “ការពារ ប្រសើរជាងព្យាបាល”។
វេជ្ជបណ្ឌិតឱសថបុរាណ ហុងវ៉ាំងភឹង កំពុងពិនិត្យជំងឺជូនលោកយាយអ៊ុងធីឡាញ់ ។
វេជ្ជបណ្ឌិតឱសថបុរាណ ហុងវ៉ាំងភឹង អនុប្រធានដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ បានឲ្យដឹងថា៖ ដោយមានគំនិតត្រៀមជាស្រេច ក្នុងការបង្ការ ទប់ស្កាត់ជំងឺ ម្ល៉ោះហើយ ដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ កសាងផែនការ និងវិធានការដើម្បីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតតាមរដូវកាល។ ដំណាក់តែងច្បាមខ្ជាប់ និងអនុវត្តល្អតាមកម្រិតផែនការនៃកម្មវិធីគោលដៅជាតិស្តីពីសុខាភិបាលជាតិ។ សហការជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជនឃុំ សាលារៀនក្នុងឃុំ ដើម្បីផ្សព្វផ្សាយ អនុវត្តល្អកម្មវិធីបង្ការគ្រោះថ្នាក់បណ្តាលឲ្យរងរបួស បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ សុខាភិបាលនៅតាមសាលារៀន។ល។ ដើម្បីអនុវត្តសម្រេចប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ជំងឺ ដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ បានសហការជាមួយដំណាក់ផ្សាយសំឡេងរបស់ឃុំ ដើម្បីផ្សព្វផ្សាយអត្ថបទស្តីពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ជំងឺកូវីដ-១៩ ជំងឺរបេង គ្រុនឈាម សម្ពាធឈាម ជំងឺដាច់សសៃឈាមខួរក្បាល ជំងឺអាត់ដៃ-ជើង-មាត់ ។ល។ ចាត់តាំងព្យួរបដានៅកន្លែងដែលមានប្រជាជនធ្វើដំណើរច្រើន ដូចជាផ្សារ សាលារៀន។ ចាត់តាំងយុទ្ធនាការឃោសនាការនៅមូលដ្ឋាន ភ្ជាប់ជាមួយនឹងការប្រជុំជីវភាពក្រុម តំបន់ប្រជាជនស្នាក់នៅ ដើម្បីញ៉ាំងឲ្យប្រជាជនបង្កើនការយល់ដឹង អនុវត្តល្អការងារបង្ការ ទប់ស្កាត់ជំងឺគ្រប់ប្រភេទ។
បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំអាងក្វាងហ៊ឺវ មានកម្មាភិបាល បុគ្គលិក ០៦ នាក់ រួមមាន៖ វេជ្ជបណ្ឌិតឱសថបុរាណ ម្នាក់ គ្រូពេទ្យពហុព្យាបាល ០៣ នាក់ ពេទ្យឆ្មបម្នាក់ ឱសថការីម្នាក់។ ដើម្បីថែទាំសុខភាពប្រជាជនជាង ៩.៦០០ នាក់ក្នុងឃុំ ក្រុមគ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំអាងក្វាងហ៊ឺវ តែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អ ដើម្បីធ្វើឱ្យដំណាក់បានជាទីទំនុកចិត្តសម្រាប់ប្រជាជនមកពិនិត្យ និងព្យាបាលជំងឺ៕
អត្ថបទ‑រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។