16/01/2024 13:13
ព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងថ្ងៃបុណ្យ។
នៅក្នុងបណ្តាពិធីបុណ្យរបស់ជនរួមជាតិខ្មែរយើងដែលបានប្រារព្ធឡើងនៅតាមគេហដ្ឋាន ឬនៅតាមវត្តអារាម គេពិនិត្យឃើញ ពុទ្ធបរិស័ទខ្មែរភាគច្រើននិមន្តព្រះសង្ឃដាក់បាត្រ រាប់បាត្រ ឬនិមន្តបិណ្ឌបាត។ ពិធីនេះ បានពុទ្ធបរិស័ទប្រព្រឹត្តខ្ជាប់តាំងពីយូរលង់មក ហើយដោយមានជំនឿទៅតាមទ្រឹស្ដីព្រះពុទ្ធសាសនាដែលបានចែងនៅក្នុងព្រះត្រៃបិដក និងឯកសារនានា ទាក់ទងដល់ព្រះពុទ្ធសាសនា។ ដើម្បីយល់កាន់តែច្បាស់ពីអត្ថន័យដាក់បាត្ ព្រះសង្ឃ យើងខ្ញុំមានឱកាសជួបសំណេះសំ ណាលជាមួយលោកព្រឹទ្ធាចារ្យ ថាច់យ៉េត ប្រធានគណៈអារាមាភិបាលវត្តគោករាជសីមា (គោក) ឃុំង្វៀកហ្វា ស្រុកចូវថាញ់ ធ្វើការ អធិប្បាយពីខ្លឹមសារនេះ។
អ្នកយកព័ត៌មាន៖ ជម្រាបប្រសាសន៍ លោកតាមការយល់ដឹងរបស់លោក ទំនៀមដាក់បាត្រព្រះសង្ឃ មានអត្ថន័យដូចម្ដេច? តើការដាក់បាត្រនៅតាមវត្តមានការខុសប្លែកគ្នាដែរឬទេ?
លោក ព្រឹទ្ធាចារ្យ ថាច់យ៉េត៖
ទំនៀមនេះធ្វើទៅតាមនិយមនៃភូមិស្រុក និងវត្តនីមួយៗ។ រីឯអត្ថន័យនៃបុណ្យរាប់បាត្រ គឺបុណ្យដែលមានភាពវិសេសវិសាល មកពីយើងដាក់បាយទៅក្នុងបាត្រមួយវែកឬមួយស្លាបព្រា ប្រៀបបីដូចទុនយើងតិចក៏ពិតមែន ប៉ុន្តែចិត្តយើងជ្រះថ្លា ស្អាតបរិសុទ្ធព្រោះគ្មានជំពាក់អ្វីផ្សេង។ ម្យ៉ាងវិញទៀត បើសិនរាប់បាត្រជាសាធារណៈដោយមានព្រះសង្ឃពីត្រឹមដបអង្គឡើងដល់ ហាហុកសិបមួយរយអង្គក៏រឹតតែមានផលានិសង្សច្រើន ជាការរួមចំណែកផ្គត់ផ្គង់បច្ច័យ ៤ សម្រាប់ ព្រះសង្ឃសិក្សារៀនសូត្របណ្ដាចំណេះដឹងផង ម៉្លោះហើយការរាប់បាត្រជាការពិសេស គឺបានផលគ្រប់សព្វ។ ការរាប់បាត្រនេះទៀតសោត ក្នុងព្រះធម៌ “យទីហីនេ” មានចែងជាភាសាបាលីថា “បត្តបូរានុភាវេន មាតាបិតា បមុញ្ចរេ” ប្រែជាសេចក្ដីថា មាតា និងបិតារមែងរួចចាកទីដ៏ថោកទាបដោយអានុភាពនៃបាយដែលពេញក្នុងបាត្រ។ ម៉្លោះហើយពុទ្ធបរិស័ទធ្វើដើម្បីឧទ្ទិសកុសលដល់អ្នកលាចាកលោកនេះទៅផង។ ម្យ៉ាងវិញទៀត យើងដាក់បាត្រដោយគ្មាននឹកគិតស្រណោះអាឡោះអាល័យអ្វីទាំងអស់ គឺជាចិត្តបរិសុទ្ធ ខុសប្លែកពីបុណ្យដារ ទក្ខិណានុប្បទាន ឬបុណ្យទានអ្វីផ្សេងទៀតចិត្តយើងនៅមានការសាំញ៉ាំច្រើន ជួនណាបារម្ភអំពីភ្ញៀវ បារម្ភពីការបដិសណ្ឋារៈ ភ្ញៀវមិនបានសព្វគ្រប់ចិត្តយើងមិនបានមូល។ រីឯរាប់បាត្រ ចិត្តយើងមូលផ្ដោតតែទៅលើការឧទ្ទិស “នែលោកឪពុក អ្នកម្ដាយដោយតាមរយៈបាយបាត្រនេះសូមលោកឪពុកអ្នកម្ដាយទទួលយកចុះ”។
អ្នកយកព័ត៌មាន៖ ហេតុដូចម្ដេចក្នុង ពិធីដាក់បាត្រ នៅមានពាក្យបន្ថែមថា “រាប់បាត្រ” ជម្រាបប្រសាសន៍លោក?
លោកព្រឹទ្ធាចារ្យថាច់យ៉េត៖
បានជាហៅថារាប់បាត្រព្រោះយើងដាក់បាត្រ ដោយមានលំដាប់លំដោយបាត្រមួយបាត្រពីររហូតទៅដល់បាតម្ភៃ។ល។ រីឯដាក់បាត្រ គឺសំដៅដល់ការដាក់បាត្រក្នុងពេលព្រះសង្ឃ និមន្តទៅបិណ្ឌបាតទៅតាមគេហដ្ឋានពុទ្ធបរិស័ទនីមួយៗ។
ដាក់បាត្រនៅពេលដែលព្រះសង្ឃនិមន្តទៅដល់លំនៅឋានពុទ្ធបរិស័ទនីមួយៗ គឺជាការអនុគ្រោះរបស់ព្រះសង្ឃចំពោះពុទ្ធបរិស័ទ ពេលពុទ្ធបរិស័ទមានការជាប់ជំពាក់ដោយកិច្ចការសព្វបែបយ៉ាងមិនអាចអញ្ជើញទៅវត្តបាន គឺជាការនិមន្តប្រោសសត្វតាមលំនាំព្រះ ពុទ្ធបរមគ្រូជាម្ចាស់ពោលគឺព្រះសង្ឃនិមន្តទៅដល់ផ្ទះ យើងអាចធ្វើបុណ្យបាន ដោយមិនបាច់ទៅដល់វត្តរាល់ថ្ងៃ។
ដៃដែលកាន់ចង្ហាន់ទៅដាក់បាត្រ តាមការនិយមរបស់ជនរួមជាតិខ្មែរគឺ ដៃឆ្វេងកាន់ ទ្រតៀបឬចានចង្ហាន់ ដៃស្ដាំកាន់ស្លាបព្រាសម្រាប់ ដួសចង្ហាន់ដាក់ទៅក្នុងបាត្រ។ ដៃស្ដាំជានិមិត្តនៃជំហានដំបូង កាលចាប់ផ្ដើមទើបរៀនដើរមនុស្សភាគច្រើនតែងឈានជំហានជើងស្ដាំជាដំបូង ម៉្លោះហើយយកស្ដាំជាចម្បង ដាក់បាត្រគឺដាក់ដៃស្ដាំ ។
ចំពោះព្រះសង្ឃដែលនិមន្តបិណ្ឌបាត គឺជាអង្គដែលខ្ជាប់ដោយធម៌ភាវនានៅរាល់ជំហាន និមន្ត លុះទៅដល់ឈរនៅមុខផ្ទះពុទ្ធបរិស័ទក៏មានធម៌ភាវនាដោយឡែកដែរ ពោលគឺពេលឃើញមនុស្សប្រុសចេញមកដាក់បាត្រត្រូវភាវនាធម៌យ៉ាងណា មនុស្សស្រីចេញមកភាវនា ព្រះធម៌យ៉ាងណា។ ម្យ៉ាងវិញទៀត អង្គនិមន្ត បិណ្ឌបាតក៏ត្រូវមានការសង្រួមឥន្ទិ្រយ តាម សិក្ខេយ្យវត្តឱ្យសក្តិសមជាសមណៈសម្លឹងមើលចម្ងាយផ្លូវមិនលើសពីមួយជួរនឹម ដើម្បីញ៉ាំងសទ្ធាពុទ្ធបរិស័ទឱ្យកើតឡើងថែមទៀត។ កាលបើអង្គនិមន្តបិណ្ឌបាត្រមានការសង្រួមល្អ មានដំណើរនិមន្តសក្ដិសមជាសមណៈប្រកប ដោយភាពស្ងប់រម្ងាប់ពេលនិមន្តចូលបិណ្ឌ បាត្រនៅតាមភូមិពុទ្ធបរិស័ទៗតែងមានការ ស្វាគមន៍ជានិច្ច លោកអ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមតែងសរសើរថា អ្នកនោះទុកដូច ជាឃ្មុំមិនបង្កការខូចខាតដល់ផ្កា គ្រាន់តែក្រេបយកលម្អងផ្កាហើយហើរទៅ។ ប្រការនេះសមដូចពុទ្ធគាថា “ភមរជាតិមិនធ្វើឱ្យរស និងក្លិននៃផ្កាបាត់បង់ឡើយ ក្រេបយកតែរសគឺកេសរផ្កាហើយហើរបាត់ទៅ យ៉ាងណាមិញអ្នកប្រាជ្ញ (ភិក្ខុ) ត្រាច់និមន្តទៅក្នុងស្រុកក៏ដូច្នោះដែរ”។
សរុបសេចក្ដីមកពិធីដាក់បាត្រ រាប់បាតគឺជា ជំនឿនៃពុទ្ធបរិស័ទដែលធ្វើចំពោះអង្គទ្រទ្រង់សីលខ្ជាប់ខ្ជួនបរិសុទ្ធ ជាការជំនឿអាចសម្រេចផលដល់អ្នកដែលចែកឋានទៅមានឪពុកម្ដាយ ជីដូនជីតារបស់ខ្លួនជាដើមបានទទួលផល រីឯប្រយោជន៍ក្នុងបច្ចុប្បន្នគឺទំនុកបម្រុងព្រះសង្ឃ បានប្រកដោយអាហារសប្បាយ ហើយខិតខំរៀនសូត្រ ប្រតិបត្តិធម៌អាថ៌វិន័យផ្លូវព្រះពុទ្ធសា សនាបានល្អប្រសើរជានិច្ច។
សូមអរគុណលោក បានចំណាយពេលចែករំលែកអំពីទំនៀមដាក់បាត្រព្រះសង្ឃរបស់ជន រួមជាតិខ្មែរ៕ អនុវត្ត៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។