19/04/2024 07:08
កាលពីថ្ងៃទី ១១ ខែមេសា សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤។ ឱកាសនេះ សាលាបំផុសចលនាអាហារូបករណ៍បាន ២៩ ចំណែកជូនដល់សិស្សលំបាក រៀនសូត្រពូកែរបស់សាលា។
សប្បុរសជនជូនអាហារូបករណ៍ ២៩ ចំណែកដល់សិស្សលំបាករបស់សាលា។
អញ្ជើញចូលរួម មានបណ្ដាសមមិត្ត ង្វៀងវ៉ាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គាងគ្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងធីបាច់វ៉ឹង នាយិកាមន្ទីរអប់រំ-បណ្ដុះបណ្ដាល ប៊ូយក្វាងហ្វី អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្ត ស៊ើងធីអាញ់ហុង អតីតអនុលេខាបក្សខេត្ត ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តំណាងបណ្ដាមន្ទីរ ផ្នែកខេត្ត គណៈចាងហ្វាងសាលា ព្រះសង្ឃ អតីតសិស្សរបស់សាលា រួមជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរបស់សាលា។
លោកគ្រូ គឹមចន្តណា ចាងហ្វាងសាលា បានរំលឹកឡើងវិញពីប្រពៃណី និងអត្ថន័យបុណ្យចូលឆ្នាំថ្មី ជួយឱ្យសិស្សបានយល់ច្បាស់ និងលើកកម្ពស់ស្មារតីអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ រួមចំណែកធ្វើឱ្យសម្បូរបែបអំពីវប្បធម៌របស់បណ្ដាជនជាតិវៀតណាម។ ទន្ទឹមនឹងនោះ ជំរុញទឹកចិត្តសិស្សបន្តខិតខំរៀនសូត្រ អះអាងពីគុណភាព កិត្តិនាម កិត្តិយស របស់សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ ជាកន្លែងបង្កប្រភពធនធានជនរួមជាតិខ្មែរមានគុណភាពសម្រាប់សង្គម។
ថ្លែងយោបល់ប្រសិទ្ធពរលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អះអាងថា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តែងយកចិត្តទុកដាក់អនុវត្តល្អបណ្ដាគោលនយោបាយចំពោះជនរួមជាតិខ្មែរ ក្នុងនោះ មានការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់សិស្សគ្រប់ជំនាន់។ ព្រះឧបជ្ឈាយ៍មានបំណងឱ្យគណៈចាងហ្វាង ព្រមទាំងលោកគ្រូ អ្នកគ្រូបន្តអភិរក្ស និងអភិវឌ្ឍន៍ប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ អនុវត្តល្អសមត្ថកិច្ចភារកិច្ចដែលបានប្រគល់ជូន ជាពិសេស ក្រើនរំលឹកដល់សិស្សានុសិស្សខិតខំរៀនសូត្រ ពង្រីកលទ្ធភាព ក្លាយជាអ្នកមានប្រយោជន៍ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ។
ឱកាសនេះ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្ត បំផុសចលនាសប្បុរសជនបានអាហារូបករណ៍ ២៩ ចំណែកជូនដល់សិស្សលំបាក រៀនសូត្រពូកែរបស់សាលា ដោយអាហារូបករណ៍មួយចំណែកៗមានចំនួនទឹកប្រាក់ ៥០០.០០០ ដុង៕
ដំណឹង-រូបថត៖ សុខា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។