16/05/2023 08:47
បានទស្សនាបង ថាច់ធីសាវ៉ីន នៅភូមិទ្រព្រះបាទ ឃុំតឹងហ៊ីប ស្រុកថ្កូវ រាំរបាំឈូឆៃដោយកាយវិការទន់ភ្លន់ នរណាក៏យល់ដែរថាគាត់ជាអ្នកស្នេហាសិល្បៈប្រពៃណីខ្មែរ និងខិតខំអភិរក្ស និងអភិវឌ្ឍន៍សិល្បៈប្រពៃណីដូនតាឲ្យស្ថិតស្ថេរចេរកាល។
លោកគ្រូ ស៊ើងកាវថាំង (ទីមួយពីឆ្វេង) កំពុងរៀនរបាំឈូឆៃពីបងស្រី សាវ៉ីន (ទីពីររាប់ពីស្តាំទៅឆ្វេង)។
កើតក្នុងគ្រួសារដែលមានប្រវេណីស្នេហាសិល្បៈ ទើបតាំងពីអាយុ ០៣ ឆ្នាំកុមារីសាវ៉ីនក៏ចូលចិត្តហាត់រាំរបាំប្រពៃណី។ រាំរបាំប្រពៃណីខ្មែរ មានកាច់ក្បាច់យ៉ាងល្វត់ល្វន់ ទើបធ្វើឲ្យកុមារីសាវ៉ីនជក់ចិត្តផ្តិតអារម្មណ៍ និងខិតខំហាត់រាំលុះត្រាបានស្ទាត់ជំនាញ ព្រមទាំងជួយបង្ហាត់បង្រៀនយុវវ័យជាច្រើននាក់ឲ្យចេះរបាំប្រពៃណីជាតិទៀតផង។
ប្អូនស៊ើងធីតាយ នៅភូមិទ្រព្រះបាទបានឲ្យដឹងថា៖ ឃើញមីងសាវ៉ីន រាំស្អាត កាច់ក្បាច់ទន់ភ្លន់ ប្អូនក៏សុំចូលក្រុមរបាំតាំងពីប្អូនរៀនថ្នាក់ទី ៣ រហូតមកទល់បច្ចុប្បន្ន។ ប្អូនចូលចិត្តរៀនរាំឈូឆៃណាស់ ព្រោះនេះជារបាំប្រពៃណី។ ជាពិសេសនៅពេលចូលរួមរាំម្តងៗធ្វើឲ្យប្អូនមានអារម្មណ៍សប្បាយរីករាយបំបាត់នូវការនឿយហត់បន្ទាប់ពីការរៀនសូត្រយ៉ាងម៉ឺងម៉ាត់។
បងសាវ៉ីន មានទស្សនៈយល់ឃើញថា យុវវ័យគ្រប់ជំនាន់ត្រូវមានស្មារតីពង្រឹង និងអភិរក្សវប្បធម៌ប្រពៃណីដែលដូនតាយើងបានទុកមក។ ទោះបីជាគាត់មមាញឹកនឹងការប្រកបរបរចិញ្ចឹមជីវិតក៏ដោយ គាត់នៅតែឆ្លៀតពេលយប់ ដើម្បីជួយហាត់ប្អូនៗឲ្យចេះរាំរបាំប្រពៃណីជាតិ។ បងសាវ៉ីនមានប្រសាសន៍ថា៖ “គោលបំណងធំបំផុតរបស់ខ្ញុំគឺចង់ឲ្យយុវវ័យស្រឡាញ់វប្បធម៌ប្រពៃណីជាតិ ចូលចិត្តរាំរបាំបុរាណ ទើបខ្ញុំខំហាត់ក៏ដូចជាចែករំលែកបទពិសោធន៍របស់ខ្លួនដល់ប្អូនៗ ដើម្បីរួមចំណែកលើកកម្ពស់ចលនាវប្បធម៌ សិល្បៈនៅ មូលដ្ឋានកាន់តែរីកចម្រើន និងស៊ីជម្រៅទៅក្នុងជីវភាពប្រជាជននៅមូលដ្ឋាន ធ្វើយ៉ាងណាឲ្យប្រជាជនចូលចិត្តរបាំប្រពៃណី ដើម្បីរួមចំណែកអភិរក្សសិល្បៈប្រពៃណីខ្មែរឲ្យបានគង់វង្សជានិច្ច។
លោកគ្រូ ស៊ើងកាវថាំង អនុប្រធានក្រុមមុខវិជ្ជាសិល្បៈ នៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ “បងស្រីសាវ៉ីនតែងយកអស់ពីលទ្ធភាពមកបង្ហាត់បង្រៀនដោយឥតគិតថ្លៃជូនសិល្បការិនីមិនជំនាញនៅមូលដ្ឋាន។ ទង្វើរបស់គាត់ បានរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរស្ថិតស្ថេរចេរកាល។ ក្នុងនាមជាអ្នកស្រាវជ្រាវ ស្វែងយល់របាំប្រពៃណីជាតិ ដើម្បីបង្ហាត់បង្រៀនដល់យុវវ័យសម័យនេះ ខ្ញុំក៏រៀនសូត្រពីបងសាវ៉ីនបានច្រើនអំពីរបៀបរាំរបាំឈូឆៃ ព្រោះបងសាវ៉ីនគាត់រាំបានល្អណាស់កាច់ក្បាច់បានទន់ភ្លន់ ។ គាត់ពិតជាអ្នកមានកោសល្យអស្ចារ្យក្នុវិស័យសិល្បៈប្រពៃណី ៕
អត្ថបទ-រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។