11/07/2023 09:43
លោក គឹមហើស ណែនាំសិស្សសរសេរ និងអានអក្សរសាស្រ្តខ្មែរ។
គិតតាំងពីឆ្នាំ ១៩៧៥ មកទល់បច្ចុប្បន្ននេះ លោកគ្រូ គឹមហើស តែងផ្សារភ្ជាប់នឹងការងារបង្រៀនសមណសិស្ស និងយុវសិស្សមិនដាច់រយៈមួយឆ្នាំណាឡើយ។ យើងខ្ញុំមានឱកាសមកជួបលោកគ្រូគឹមហើស ពេលដែលលោកគ្រូកំពុងបង្រៀនសិស្ស រដូវវិស្សមកាលក្នុងវត្តចារ។ លោកគ្រូ ជាគ្រូបង្រៀនម្នាក់ ព្រមដោយគុណសម្បត្តិ និងវិជ្ជាសម្បត្តិ គួរជាទីគោរពរបស់សិស្សានុសិស្ស។ លោកគ្រូតែងយកអស់ពីសមត្ថភាពមកបង្រៀនសិស្ស ដោយមានបំណងឲ្យសិស្សឆាប់ចេះ ឆាប់ចាំអក្សរសាស្រ្តជាតិ ។ ពេលបង្រៀន លោកគ្រូបានសរសេរអក្សរសាស្រ្តលើក្តារខៀនដោយផ្ចិតផ្ចង់ លាយលក្ខណ៍អក្សរ ក៏ដូចជាពាក្យពេចន៍យ៉ាងច្បាស់លាស់ ។ បន្ទាប់ពីសរសេររួចរាល់លោកគ្រូក៏ណែនាំឲ្យសិស្សអានតាម និងពន្យល់ន័យ ប្រយោគឃ្លា និងពាក្យពេចន៍នីមួយៗ ដើម្បីឱ្យសិស្សចេះអានផង និងយល់ន័យនៃភាសា អក្សរសាស្ត្រជាតិផង។ លោកគ្រូជា គ្រូបង្រៀន "ពូកែ" ម្នាក់ ដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីចូលរួមធ្វើការងារដើម្បីប្រយោជន៍សង្គមជាតិ ដោយសុទ្ធចិត្ត មិនគិតដល់ប្រាក់ខែឡើយ។ លោកគ្រូមិនត្រឹមតែជាគ្រូបង្រៀនថ្នាក់អនក្ខរកម្មរដូវវិស្សមកាលប៉ុណ្ណោះទេ នៅទាំងបង្រៀនបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ‑ទុតិយនៅវត្តចារដែលមានព្រះសង្ឃនានាវត្តក្នុង និងក្រៅខេត្តនិមន្តមកសិក្សាទៀតផង ។ ជិត ៥០ ឆ្នាំមក លោកគ្រូ ទទួលបន្ទុកបង្រៀនមុខវិជ្ជា វេយ្យាករណ៍បាលី ប្រែធម្មបទ ប្រែមង្គលត្ថទីបនីជាដើម ។ កត្តាដែលជំរុញទឹកចិត្តលោកគ្រូឲ្យផ្សារភ្ជាប់នឹងការងារបង្រៀនជាច្រើនឆ្នាំមកនោះ គឺដោយសារ មនសិការ អភិរក្សភាសា អក្សរសាស្រ្ត វប្បធម៌ខ្មែរ ប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីសន្សំបុណ្យផ្ទាល់ខ្លួន និងសម្រាប់ចែកជូនដល់កូនចៅ។
លោកគ្រូ គឹមហើស មានប្រសាសន៍ថា៖ ខ្ញុំត្រេកអរណាស់ពេលដែលឃើញកូនចៅខ្មែរចេះអាន ចេះសរសេរភាសា អក្សរសាស្រ្តខ្មែរ នេះជាថាមពលជំរុញឲ្យខ្ញុំផ្សារភ្ជាប់នឹងការងារបង្រៀនអស់រយៈកាលជិត ៥០ ឆ្នាំកន្លង ។ ខ្ញុំសង្ឃឹមថាកូនចៅដែលខ្ញុំបានបង្រៀននោះ គឺជាទំពាំងស្នងឫស្សីបន្តការអភិរក្សភាសា អក្សរសាស្រ្ត វប្បធម៌ជាតិឲ្យស្ថិតស្ថេរចីរកាល។ ការងារបង្រៀនរបស់ខ្ញុំប្រព្រឹត្តទៅបានយូរលង់មកទល់សព្វថ្ងៃក៏អាស្រ័យ ប្រពន្ធ និងកូនៗ របស់ខ្ញុំជួយឧបត្ថម្ភ គាំទ្រជានិច្ច។តាំងពីដំណាក់កាលជីវភាពនៅក្រខ្សត់ រហូតដល់បានធូរធាក៏ដូច្នោះដែរ គ្រួសារខ្ញុំតែងផ្តល់ឱកាស និងជូនបច្ច័យសម្រាប់ខ្ញុំមកវត្តធ្វើបុណ្យសុន្ទរ៍ទាន ព្រមទាំងជួយបង្រៀនឲ្យបានល្អរហូតមកទល់បច្ចុប្បន្ន។
ព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ព្រះចៅអធិការវត្តក្រពុំឈូកច្រាល (ចារ) មានថេរដីកា៖ “លោកគ្រូ គឹមហើស មិនត្រឹមតែជួយបង្ហាត់បង្រៀនកូនខ្មែរឲ្យចេះអាន ចេះសរសេរភាសា អក្សរសាស្រ្តជាតិប៉ុណ្ណោះទេ លោកគ្រូនៅទាំងអប់រំក្មួយៗឲ្យបង្កើនការយល់ដឹងអំពីប្រពៃណី វប្បធម៌របស់ជនជាតិខ្មែរទៀតផង។ ដូច្នោះហើយ ជារៀងរាល់រដូវវិស្សមកាល កូនចៅមាមីងខ្មែរភាគច្រើននៅចំណុះជើងវត្តចារតែងចូលចិត្តមកវត្ត រៀនសូត្រ ។ រដូវវិស្សមកាលឆ្នាំ ២0២៣ វត្តបើកបង្រៀនអក្សរសាស្ត្រខ្មែរថ្នាក់ប្រជាសិក្សាពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ បាន ១១ បន្ទប់ ដោយមានសិស្សជិត ៣00 នាក់រៀន។ ទន្ទឹមនឹងបង្រៀនថ្នាក់ប្រជាសិក្សា លោកគ្រូនៅទាំងបង្រៀនថ្នាក់ពុទ្ធិកសិក្សាទៀតផង។ កត្តាពិសេសចំពោះលោកគ្រូគឹមហើស គឺលោកគ្រូមានបទពិសោធន៍ច្រើនក្នុងការបង្រៀន។ ដូចជាថ្នាក់រៀនរដូវវិស្សមកាល លោកគ្រូមានវិធីសាស្រ្តបង្រៀនល្អណាស់ គឺបង្រៀនឲ្យសិស្សចេះភាសា‑អក្សរសាស្រ្តផង បង្រៀនអំពីសីលធម៌ វប្បធម៌ ប្រពៃណីជាតិផង។ល។ ឆ្លងតាមរយៈការបង្រៀនរបស់លោកគ្រូ បានរួមចំណែកយ៉ាងសកម្មក្នុងការបំពាក់បំប៉នកូនចៅខ្មែរឲ្យមានមនសិការស្នេហាអក្សរសាស្រ្ត វប្បធម៌ជាតិ មានសុជីវធម៌ និងមានចិត្តខិតខំរៀនសូត្រ ល្អ ដើម្បីជាពលរដ្ឋល្អ ចូលរួមធ្វើការងារមានប្រយោជន៍ជូនសង្គម៕
អត្ថបទ‑រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។