21/10/2020 10:41
តាមរឿងទេវកថាជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនាមួយបានពណ៌នាមកថា៖ មហាឥសីកស្សបៈ មានភរិយាពីររូបគឺ នាងកាឌ្រុ១និងនាងវីនីតា១។ នាងកាឌ្រុបានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ។ ចំណែកឯនាងវីនីតាបានផ្តល់កំណើតឲ្យជាសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាពខ្លាំងក្លាណាស់ដែរ។ ថ្ងៃមួយនាងកាឌ្រុនិងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយនូវ ពណ៌កន្ទុយសេះមួយក្បាលមានក្បាលដល់ទៅ៧ឯណោះ។ សេះនោះ អាចហោះហើរទៅគ្រប់ទិសទីបាន។ ហើយសេះនោះឯងដែលកើតចេញពីការកូរសមុទ្រទឹកដោះ។ នាងកាឌ្រុបានទាយថាកន្ទុយសេះមានពណ៌ខ្មៅ។ រីឯនាងវីនីតាទាយថាកន្ទុយសេះមានពណ៌ស។ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់គឺត្រូវតែបម្រើដល់អ្នកឈ្នះ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។ ដូច្នេះហើយ នាងវីនីតាទាយខុសត្រូវបម្រើនាងកាឌ្រុនិងកូនៗគ្រប់គ្នា។ នាងកាឌ្រុបានធ្វើបាបនាងវីនីតាយ៉ាងខ្លាំងក្លា។ ប៉ុន្តែក្រោយមកពពួកនាគគេនឹងយល់ព្រមដោះលែងគ្រុឌនិងអ្នកម្តាយ ប្រសិនបើគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទមកឲ្យពួកគេ។ គ្រុឌក៏បានប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតទទួលបានទឹកអម្រឹតហើយបានរំដោះខ្លួននិងម្តាយចេញពីទាសភាពរបស់ពួកនាគនិងនាងកាឌ្រុ។ ក្រោយមក គ្រុឌនិងម្តាយបានដឹងពីល្បិចនេះ បានដាក់បណ្តាសាដល់នាងកាឌ្រុថា កូនៗរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូនខ្លួនទៅវិញ។
និយាយពីនាងវីនីតា បានចាញ់ការភ្នាល់បោកប្រាសរបស់នាងកាឌ្រុ។នាងវីនីតាភ្ញាស់នៅក្នុងរយៈពេល ១០០០ ឆ្នាំ ក៏បានញាស់មកមានទ្រង់ទ្រាយពាក់កណ្តាលខាងលើដូចមនុស្ស ពាក់កណ្តាលខ្លួនខាងក្រោមជាសត្វស្លាប។ មានដងខ្លួនពណ៌ក្រហមនិងមានរោមពណ៌មាសបានជាអ្នករាល់គ្នានិយមហៅថា៖ «សុពណ៌»។ ក្រោយ មកក៏ទទួលឈ្មោះមួយថ្មីដ៏ពិសេសទៀតថា៖ «គ្រុឌ»ទៅវិញ។
សុពណ៌មានចិត្តចង់រំដោះម្តាយរបស់ខ្លួនអោយរួចផុតពីទាសភាព។ សុពណ៌បានទៅស្នើឲ្យពពួកនាគព្រមដោះលែងម្តាយរបស់ខ្លួន។ពួកនាគបានប្រាប់ឲ្យសុពណ៌ទៅលួចទឹកអម្រឹតពីព្រះឥន្ទយកមកធ្វើជាថ្នូរនឹងម្តាយរបស់ខ្លួន ។ សុពណ៌ក៏យល់ព្រម តែដើម្បីអាចហោះទៅដល់ស្ថានព្រះឥន្ទបាន ម្តាយរបស់សុពណ៌បានប្រាប់ឲ្យទៅស៊ីពួកអំបូរអ្នកនេសាទមួយក្រុម តែជៀសវាងកុំស៊ីដោយព្រាហ្មណ៍ម្នាក់នៅជាមួយពួកអ្នកនេសាទនោះ។ សុពណ៌ក៏ធ្វើតាម តែសុពណ៌ច្រឡំក៏ស៊ីដោយទាំងព្រាហ្មណ៍នោះឯង។ សុពណ៌ក៏ក្តៅពោះត្រូវខ្ជាក់ចេញទៅវិញ។សុពណ៌បានទៅសួរឪពុករបស់ខ្លួនរកចំណីឲ្យស៊ី ឥសីកស្សបៈក៏បានប្រាប់ឲ្យសុពណ៌ទៅចាប់ដំរីនិងអណ្តើក ដែលកំពុងឈ្លោះគ្នាធ្វើជាចំណី ដើម្បីរំដោះគ្រោះក្ដៅពោះរបស់គេ។ ព្រោះថាសត្វទាំងពីរធ្លាប់ជាព្រាហ្មណ៍កាលពីជាតិមុន។ តែឥឡូវពួកគេត្រូវមកកើតជាសត្វដោយសារដាក់បណ្តាសាគ្នាទៅវិញទៅមក។ សុពណ៌បានចាប់ដំរីនិង អណ្តើកទៅស៊ីនៅលើមែកពោធិ៍មួយ។ មែកពោធិ៍នោះមានប្រវែង១០០០យោជន៍។ ពេលកំពុងទំលើ មែកពោធិ៍ទ្រាំពុំចង់រួចក៏លាន់ឮសូរប្រសៗ។ សុពណ៌ខ្លាចបាក់មែកពោធិ៍ធ្លាក់ទៅលើពួកព្រាហ្មណ៍តឿកំពុងធ្វើតបៈ។ សុពណ៌ក៏ពាំមែកពោធិ៍ហោះចេញទៅចោលឯឆ្ងាយទៅ។ ដោយឃើញមហិទ្ធឫទ្ធិខ្លាំងអស្ចារ្យបែបនេះ ពួកព្រាហ្មណ៍តឿក៏សរសើរនិងជូនពរទៅដល់សុពណ៌ដោយប្រទាននាមថ្មីមួយថា៖ «គ្រុឌ» ដែលមានន័យថាអ្នកដែលអាចទ្រាំទ្រនឹងទម្ងន់ដ៏ធ្ងន់ ហួសប្រមាណបានដោយងាយ។បន្ទាប់ពីនោះមក គ្រុឌក៏បានហោះទៅលួចទឹកអម្រឹតនៅស្ថានទេវលោកដោយបានឆ្លងកាត់មាត់ច្រកអគ្គី។ ពេលហោះចូលបណ្ដាលធ្វើឲ្យពស់អាសិរពិសដែលនៅយាមទឹកអម្រឹតពីរក្បាលត្រូវខ្វាក់ភ្នែក ដោយសារការទទះស្លាបបក់ធូលីចូលទៅក្នុងភ្នែករបស់ពស់ ។
ពេលលួចបានទឹកអម្រឹតហើយ គ្រុឌហោះចេញទៅវិញបានជួបនឹងព្រះវិស្ណុ។ ដោយឃើញគ្រុឌមានគុណធម៌ លួចបានទឹកអម្រឹតតែមិនលួចលបផឹកដោយខ្លួនឯង ទើបព្រះវិស្ណុប្រទានពរទៅគ្រុឌឲ្យមានជីវិតអមតៈ។ ក្រោយមកគ្រុឌក៏សុខចិត្តធ្វើជាយានជំនិះរបស់ព្រះវិស្ណុ។ ពេលហោះទៅខាងមុខបន្តិចក៏បានជួបនឹងព្រះឥន្ទ។ ព្រះឥន្ទបានប្រើផ្លែធ្នូដូច(រន្ទះ)បាញ់ទៅលើគ្រុឌ។ ពេលនោះ គ្រុឌត្រូវជ្រុះរបូតធ្លាក់អស់រោមមួយ។ គ្រុឌបានចរចាជាមួយព្រះឥន្ទសុំឲ្យលើកលែងដោយខ្លួនយកទឹកអម្រឹតនេះទៅរំដោះអ្នកម្តាយអោយរួចសិនសិមព្រះឥន្ទទៅដណ្តើមយកទឹកអម្រឹតមកវិញ។ ឮរៀបរាប់ដូច្នោះព្រះឥន្ទយល់ព្រមហើយក៏បានជូនពរឲ្យគ្រុឌអាចចាប់ នាគយកមកធ្វើជាចំណីបាន ។
ពេលគ្រុឌហោះនាំយកទឹកអម្រឹតទៅឲ្យពពួកនាគ។ ពពួកនាគក៏ព្រមរំដោះនាងវីនីតាចេញរួចផុតពីទាស ភាព។ គ្រុឌបានប្រាប់ឲ្យពពួកនាគ គួរតែលាងជម្រះខ្លួនសិន មុននឹងផឹកទឹកអម្រឹត។ ពពួកនាគក៏ធ្វើតាមសម្ដីគ្រុឌហើយក៏បានយកស្លឹកស្មៅម្យ៉ាងទៅគ្របលើថូទឹកអម្រឹត។ ពេលពពួកនាគចុះងូតទឹក ព្រះឥន្ទក៏ចុះមកឆក់យកថូទឹកអម្រឹតទៅវិញ ហើយស្មៅដែលគ្របថូមានជាប់ទឹកអម្រឹតក៏ធ្លាក់ចុះទៅខាងក្រោម។ ពពួកនាគឡើងមកមិនឃើញទឹកអម្រឹតក៏នាំគ្នាបានត្រឹមតែលិទ្ធទឹកអម្រឹតដែលនៅជាប់នឹងស្លឹកស្មៅនោះ ធ្វើឲ្យពួកនាគរយះអណ្តាតព្រែកជាពីរ ។
តាំងពីនោះមកនាគនិងគ្រុឌមិនត្រូវគ្នានោះទេ គ្រុឌតែងតែចាប់នាគស៊ីជាហេតុបណ្តាលឲ្យនាគត្រូវរត់ទៅពួននៅក្នុងទឹក។ ហើយក៏បានលេបដុំថ្មដើម្បីធ្វើឲ្យខ្លួនរបស់ពួកគេធ្ងន់លិចចុះទៅក្នុងទឹក។ ហេតុនោះ ពេលគ្រុឌចាប់បាននាគម្ដងៗ គ្រុឌក៏លើកកន្ទុយរបស់នាគឡើងដើម្បីទម្លាក់ដុំថ្មចេញសិនទើបស៊ីនាគ។ ស្តេចនាគមួយឈ្មោះអនន្តក៏បានចូលទៅស្មោះស្ម័គ្រនឹងព្រះវិស្ណុដើម្បី
បញ្ជៀសខ្លួនពីការចាប់របស់គ្រុឌ។ ចំណែកឯនាគពិសមួយទៀតគឺនាគកាលិយៈបានរត់គេចខ្លួនទៅពួននៅក្នុងបឹងមួយនៃទន្លេយមុនា ក្បែរភូមិវរិន្ទវ័នជាភូមិរបស់ព្រះក្រឹស្ណៈ។ ក្រោយមក នាគនោះក៏ត្រូវបានបង្ក្រាបដោយព្រះក្រឹស្ណៈ។ នាគកាលិយៈទៅពួននៅទីនោះដើម្បីជៀសគេចផុតពីគ្រុឌ ព្រោះគ្រុឌមិនអាចចូលទៅបឹងនោះបានដោយសារត្រូវបណ្តាសារបស់ឥសីមួយអង្គ ។
ក្រោយមក ពួកគ្រុឌស្ថិតក្នុងចំណោមដែលត្រូវបានតែងតាំងដើម្បីការពារភ្នំព្រះសុមេរុនិងលំហអាកាស។ ទប់ទល់នឹងការវាយប្រហាររបស់ពួកអសុរា។ ជាពិសេសផ្អែកតាមរឿងទេវកថាដោយសារគ្រុឌធ្លាប់បានទ្រនូវទម្ងន់មែកពោធិ៍ដែលគ្មានអ្នកណាមួយទ្ររួចនោះ។ ឃើញដូច្នោះ បានជាជនជាតិខ្មែរនិយមយករូបសំណាកគ្រុឌមកដាក់បញ្ឈរតាមសសរស្ដម្ភនៃកុដិ សាលា ព្រះវិហារ...ដើម្បីជួយទ្រទម្ងន់នៃគ្រឿងសំណង់ធ្ងន់ទាំងអម្បាលម៉ាននោះឯង៕
ថាច់ដើយ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។