15/07/2022 08:52
នៅមណ្ឌលប្រឡងសាលាអនុវិទ្យាល័យមិញទ្រី ទីក្រុងត្រាវិញ មានបេក្ខសិស្ស ២៩៥ អង្គនិងរូប និមន្ត និងអញ្ជើញមកពីសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ និងសាលាវិទ្យាល័យឯកទេស ង្វៀងទៀងថាញ់ ចូលរួមប្រឡង។ បើប្រៀបនឹងមណ្ឌលប្រឡងដទៃ មណ្ឌលប្រឡងនេះមានបេក្ខសមណសិស្សច្រើនបំផុត។ កំណត់ត្រារបស់យើងខ្ញុំនៅមណ្ឌលប្រឡងនេះនៅពេលព្រឹកថ្ងៃទី ០៧ ខែកក្កដា ពេលដែលបេក្ខសមណសិស្ស និងសិស្សប្រឡងចប់វិញ្ញាសាទី ១ គឺវិញ្ញាសាអក្សរសាស្រ្ត។ ពេលនោះបេក្ខសមណសិស្ស និងសិស្សភាគច្រើន សប្បាយរីករាយនិមន្ត និងអញ្ញើញចេញពីមណ្ឌលប្រឡងដោយសារប្រឡងបានល្អ វិញ្ញាសានេះចេញត្រូវនឹងខ្លឹមសារដែលបានរៀន និងបានរំលឹកមេរៀនឡើងវិញថ្មីៗនេះដែរ។
សមណសិស្សកៀងសង្ហា រីករាយនិមន្តចេញពីមណ្ឌលប្រឡង។
សមណសិស្ស កៀងសង្ហា សាលាមធ្យមសិក្សាបាលីខ្មែរ-ត្រាវិញ មានថេរដីកា៖ វិញ្ញាសាអក្សរសាស្រ្តប្រឡងឆ្នាំនេះ ចេញត្រូវតាមប្រព័ន្ធអប់រំចំណេះដឹងដែលត្រូវបានរៀន និងបានគ្រូបង្រៀនរំលឹកមេរៀនឡើងវិញទៀតផង។ បើតាមអាត្មា វិញ្ញាសាអក្សរសាស្ត្រ ចេញប្រធានបទល្មមធ្វើ មិនពិបាកពេក ក៏មិនងាយពេកដែរ។ ចំពោះ ខ អានយល់ និង ខ វិភាគបធានបទ អាត្មាធ្វើបានទាន់ពេលទាំងអស់ ប៉ុន្តែអាត្មាខ្លាចពាក្យពេចន៍ដែលអាត្មាសរសេរមិនសូវបានពីរោះក្បោះក្បាយ សង្ឃឹមថាទទួលបានពិន្ទុលើពីមធ្យមភាគ។
ព្រឹកថ្ងៃទី ៨ ខែកក្កដា ពេលព្រឹកព្រលឹម បេក្ខសិស្សជិត ៥០០ នាក់ វត្តមាននៅមណ្ឌលប្រឡងនៃសាលាវិទ្យាល័យផាមថាយបឿង ទីក្រុងត្រាវិញ។ ថ្ងៃប្រឡងទីពីរ នៅមណ្ឌលប្រឡងនេះ អាកាសធាតុត្រជាក់ល្អ ញ៉ាំងឲ្យបេក្ខសិស្សមានអារម្មណ៍ស្រួល ដើម្បីចូលរួមប្រឡង។
សំណេះសំណាលជាមួយបេក្ខសិស្សថាច់ ធីង៉ុកឡាង នៅមណ្ឌលប្រឡងសាលាវិទ្យាល័យផាម ថាយបឿង ពេលដែលប្រឡងបាន ០២ វិញ្ញាសារួច ង៉ុក ឡាង ជឿជាក់ក្នុងចិត្តថា៖ សំណួរវិញ្ញាសាគណិតវិទ្យាឆ្នាំនេះ មិនពិបាកពេក ក៏មិនងាយពេកដែរ។ ចំពោះប្អូន ជឿជាក់ថាឆ្លើយត្រូវប្រហែល ៦០% ។
នៅមណ្ឌលប្រឡងសាលាវិទ្យាល័យវ៉ូវឌិញឡេវ មានបេក្ខសិស្ស ៤១៧ នាក់ មកពី ០៣ សាលា គឺ៖ សាលាវិទ្យាល័យវ៉ូវឌិញឡេវ អនុវិទ្យាល័យ-វិទ្យាល័យលឿងហ្វា អា និងមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈ‑អប់រំជាប្រចាំស្រុកចូវថាញ់។
ជាបេក្ខសិស្សដែលចេញពីមណ្ឌលប្រឡងមុនគេបង្អស់បន្ទាប់ពីប្រឡងរួចស្រេចក្រុមវិញ្ញា ។ ប្អូនវិញធីសាង ជាសិស្សសាលាអនុវិទ្យាល័យ‑វិទ្យាល័យលឿងហ្វា អា សំណេះសំណាលថា៖ “ក្រុមវិញ្ញាមានសំណួរសមគួរ ល្មមតាមចំណេះដឹងសិស្ស។ ប្អូនជ្រើសក្រុមវិញ្ញាសាវិទ្យាសាស្ត្រសង្គម (រូបសាស្រ្ត គីមីសាស្រ្ត ជីវវិសាស្រ្ត) មានសំណួរមួយចំនួនសម្រាប់សិស្សរៀនមធ្យម និងសំណួរមួយចំនួនចុងក្រោយសម្រាប់សិស្សរៀនពូកែ។ ប្អូនសង្ឃឹមថាទទួលបានពិន្ទុលើពីមធ្យម ពីព្រោះសំណួរសម្រាប់សិស្សរៀនពូកែ ប្អូនមិនច្បាស់ថាឆ្លើយត្រូវបានប៉ុន្មាន ខ ឡើយ។
ទៅកាន់មណ្ឌលប្រឡងនីមួយៗមិនត្រឹមតែបេក្ខសិស្សបារម្ភប៉ុណ្ណោះទេ ឪពុកម្ដាយសិស្សក៏កាន់តែបារម្ភជាងទៀត។ ព្រោះលទ្ធផលនៃការប្រឡងលើកនេះគឺជាលទ្ធផលឆ្ពោះទៅកាន់ទិសដៅថ្មីក្នុងដំណើរការរៀនសូត្រដើម្បីអនាគតរបស់កូន។ បងថាច់ថាញ់ស្វឹង ម្តាយរបស់បេក្ខសិស្សស៊ើងង៉ុកហឹង មកពីសាលាអនុវិទ្យាល័យ‑វិទ្យាល័យ លឿងហ្វា អា បានឲ្យដឹង៖ “ខ្ញុំតែងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនខ្ញុំជានិច្ច។ ជាពិសេសដំណាក់កាលដែលកូនខ្ញុំរៀនថ្នាក់ទី ១២។ ដល់ថ្ងៃប្រឡង មិនដឹងថាកូនខ្ញុំបារម្ភប៉ុនណាទេ ចំណែកខ្ញុំវិញមានការបារម្ភណាស់ ព្រោះនេះជាសម័យប្រឡងដ៏សំខាន់។ ខ្ញុំសង្ឃឹមថា កូនខ្ញុំប្រឡងបានល្អ។
សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ ២០២២ ប្រព្រឹត្តឡើងក្នុងរយៈពេលពីរថ្ងៃគឺទី ០៧ - ០៨ ខែកក្កដា ដោយមាន ០៥ វិញ្ញាសាប្រឡង។ បេក្ខសិស្សត្រូវប្រឡង ០៤ វិញ្ញាសាគឺ៖ គណិតសាស្រ្ត អក្សរសាស្ត្រ ភាសាបរទេស រួចជ្រើសប្រឡងក្រុមវិញ្ញាសា ១ ក្រុម ក្នុងចំណោម ២ ក្រុមវិញ្ញាសា គឺក្រុមវិទ្យាសាស្ត្រធម្មជាតិ (គីមីសាស្រ្ត រូបសាស្រ្ត ជីវសាស្រ្ត) និងក្រុមវិញ្ញាសា វិទ្យាសាស្ត្រសង្គម (ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ការអប់រំពលរដ្ឋ)។ វិញ្ញាសាអក្សរសាស្រ្ត ប្រឡងតាមរូបភាពវិភាគ វិញ្ញាសាក្រៅពីនោះគឺប្រឡងតាមរូបភាពធ្វើកោសល្យវិច័យ៕
អត្ថបទ‑រូបថត៖ សុជា
កងកម្លាំងយុវជនជំនួយការប្រឡងបានជំនួយការបេក្ខសិស្សនៅមណ្ឌលប្រឡង សាលាអនុវិទ្យាល័យមិញទ្រី។
កងកម្លាំងយុវជនជំនួយការប្រឡងសំណេះសំណាលជំរុញទឹកចិត្តបេក្ខសិស្សនៅមណ្ឌលប្រឡងសាលាអនុវិទ្យាល័យមិញទ្រី។
កងកម្លាំងយុវជនជំនួយការប្រឡងសំណេះសំណាលជំរុញទឹកចិត្តបេក្ខសិស្សនៅមណ្ឌលប្រឡងសាលាអនុវិទ្យាល័យថ្កូវ។
ឪពុកម្តាយបេក្ខសិស្សតែងរួមដំណើរ និងជំរុញទឹកចិត្តសិស្សដើម្បីប្រឡងបានល្អ។
ឪពុកម្តាយបេក្ខសិស្សតែងរួមដំណើរ និងជំរុញទឹកចិត្តសិស្សដើម្បីប្រឡងបានល្អ។