04/01/2022 19:38
អ្នកគ្រូ ថាច់ធីអៀងឡិន អនុប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកកូវង៉ាងបានឲ្យដឹង៖ តាមការត្រួតពិនិត្យនៅសាលាអនុវិទ្យាល័យ ១០ សាលាក្នុងស្រុក ដែលស្ថិតនៅតំបន់អាសន្នរោគកម្រិតលេខ ១ លេខ ២ អនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគដើម្បីទទួលសិស្សចូលរៀនវិញ។ ជាពិសេស សហការស្អិតល្មួតជាមួយផ្នែកសុខាភិបាលមូលដ្ឋាន ដើម្បីធ្វើតេស្តរហ័សជូនគ្រូបង្រៀន និងសិស្សទាំងអស់ មុនពេលបង្រៀន និងរៀននៅថ្ងៃទី ២៧ ខែធ្នូ។ ថ្ងៃដំបូង មានសិស្ស ៨៥២/១.០៧៣ នាក់ នៅតំបន់អាសន្នរោគកម្រិតលេខ ១ លេខ ២ ចូលរៀន សម្រេចអត្រា ៧៩,៤០%។ ថ្ងៃទី ២ (២៨ ខែធ្នូ) មានសិស្ស ៨២១/១.០៧៣ នាក់ចូលរៀន សម្រេចអត្រា ៧៦,៥១%។ ចំនួនសិស្សអវត្តមានគឺដោយសារអនុវត្តចត្តាឡីស័ក ពីព្រោះ សាលាខ្លះមានគ្រូ និងសិស្សវិជ្ជមានវីរុស SARS-CoV-2 ដែលបានកត់ត្រាជាបន្ទាន់នៅពេលធ្វើតេស្តរហ័សនាថ្ងៃដំបូងទៅកាន់សាលារៀន។ សិស្សមួយចំនួនដោយសារឪពុកម្ដាយមិនព្រមឲ្យទៅរៀន។
ម៉ោងបង្រៀនសិស្សថ្ងៃទី ២ សាលាវិទ្យាល័យញីទ្រឿង។
អនុវិទ្យាល័យវិញគីម ជាតំបន់អាសន្នរោគកម្រិតលេខ ២។ ការរៀបចំទទួលសិស្សមកសាលារៀន តែងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ ៥K ស្តីពីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ លោកង្វៀងថាញ់បិញ ចាងហ្វាងសាលាអនុវិទ្យាល័យវិញគីមមានប្រសាសន៍ថា៖ សាលាមានសិស្សថ្នាក់ទី ៩ ចំនួន ១៦៣ នាក់ ថ្ងៃទី ២៧ ខែធ្នូ នៅពេលធ្វើតេស្តរហ័ស មានសិស្សម្នាក់វិជ្ជមានវីរុស SARS-CoV-2។ ហេតុនោះ សាលាសហការជាមួយផ្នែកសុខាភិបាល បញ្ជូនសិស្សនោះទៅព្យាបាលតាមកំណត់។ ថ្ងៃទី ២៨ ខែធ្នូ សាលាវត្តមានសិស្ស ១២៦ នាក់ អវត្តមានសិស្ស ០៣ នាក់ ។ សិស្សអវត្តមានបានសុំច្បាប់ដោយហេតុគ្រួសារមានធុរៈ ចំនួនសិស្សក្រៅពីនោះ ដោយសារឪពុកម្តាយ មិនទាន់យល់ព្រមឲ្យទៅសាលារៀនវិញ។
វិទ្យាល័យញីទ្រឿង ជាមូលដ្ឋានកំណត់អាសន្នរោគកម្រិតលេខ ២។ សាលាចាត់តាំងធ្វើតេស្តរហ័សជូនគ្រូ និងសិស្សទាំងអស់នៅថ្ងៃទី ២៧ ខែធ្នូ លទ្ធផលអវិជ្ជមាននឹងវីរុស SARS-CoV-2 ទាំងអស់គ្នា។
អ្នកគ្រូ ង្វៀងធីកឿថៀង ចាងហ្វាងរងវិទ្យាល័យញីទ្រឿងមានប្រសាសន៍ថា៖ សាលាមានសិស្សថ្នាក់ទី ១២ រួមចំនួន ២១០ នាក់ ប៉ុន្តែសិស្សថ្នាក់ទី ១២ របស់សាលានៅចំណុះ ០៤ ឃុំ ក្នុងនោះ ០៣ ឃុំ មានអាសន្នរោគកម្រិតលេខ ៣។ បច្ចុប្បន្នសាលាមានសិស្ស ៦៨ នាក់ នៅឃុំញីទ្រឿងដែលជាឃុំអាសន្នរោគកម្រិតលេខ ២ អាចទៅសាលារៀន។ រីឯសិស្សក្រៅពីនោះនៅផ្ទះរៀនអនឡៃ។ ក្នុងរយៈពេល ០២ ថ្ងៃមកសាលារៀន កម្មាភិបាល គ្រូបង្រៀន និងសិស្សរបស់សាលាមានសុខភាពល្អទាំងអស់គ្នា។ ដើម្បីធានាសុវត្ថិភាពជូនគ្រូ និងសិស្សដែលមកបង្រៀន និងរៀននៅសាលានោះ សាលាបានបម្រុងម៉ាស៊ីនស្ទង់កាយឧណ្ហធាតុ និងបាញ់ថ្នាំកម្ចាត់មេរោគដោយស្វ័យប្រវត្តិ ដាក់នៅខ្លោងទ្វារសាលាសម្រាប់សិស្សម្ចាស់ការស្ទង់កាយឧណ្ហធាតុដោយខ្លួនឯង។ ទន្ទឹមនឹងនោះ សាលារៀបចំដាក់បំពង់សារធាតុកម្ចាត់មេរោគ សាប៊ូ នៅតាមបន្ទប់រៀន កន្លែងលាងដៃ និងក្រើនរំលឹកសិស្សអនុវត្តម៉ឺងម៉ាត់អនុសាសន៍ ៥k ។
សិស្សសាលាវិទ្យាល័យញីទ្រឿងស្ទង់កាយឧណ្ហធាតុ និងលាងដៃកម្ចាត់មេរោគ។
ឧបករណ៍ស្ទង់កាយតុណ្ហធាតុស្វ័យប្រវត្តិ បានធ្វើឱ្យប្អូនទ្រឿងមិញខាង (សិស្សថ្នាក់ទី ១២/១ សាលាវិទ្យាល័យញីទ្រឿង) ចាប់អារម្មណ៍បំផុតនៅពេលមកដល់ខ្លោងទ្វារសាលា។ ប្អូនទ្រឿងមិញខាងឲ្យដឹងថា៖ កាលពីមុន ប្អូនធ្លាប់ឃើញបុគ្គលិកសុខាភិបាល ឬគ្រូបង្រៀនស្ទង់កាយតុណ្ហធាតុជូនសិស្ស។ រីឯឆ្នាំសិក្សានេះ សាលាមានឧបករណ៍ស្ទង់កាយតុណ្ហធាតុ និងបាញ់សារធាតុកម្ចាត់មេរោគដោយស្វ័យប្រវត្តិចំនួន ០២ គ្រឿង ប្អូនឃើញសមស្របនឹងការបង្ការជំងឺ។ ប៉ុន្មានខែកន្លង ប្អូននៅផ្ទះរៀនអនឡៃ ក្នុងចិត្តដូចជាក្រៀមក្រោះដែរ ពេលមកសាលារៀនបានជួបគ្រូបង្រៀន មិត្តភក្តិ ប្អូនសប្បាយចិត្តណាស់ ។
ប្អូនថាច់ធីយឿងទឺយ សិស្សថ្នាក់ទី ១២/១ វិទ្យាល័យញីទ្រឿង ក៏នឹងនរចិត្តពេលមករៀនខណៈដែលបានឃើញការងារបង្ការ និងទប់ស្កាត់អាសន្នរោគនៅសាលារៀបចំបានល្អ។ ប្អូនយឿងទឺយបានឲ្យដឹង៖ “ប្អូនសប្បាយចិត្តណាស់ ពេលត្រឡប់មកសាលាបានជួបគ្រូ និងមិត្តភក្តិ។ ប្អូនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ម្ជុលទី ២ រួចហើយ ដូច្នេះប្អូនមិនបារម្ភប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត ថ្ងៃដំបូងមកសាលារៀន ប្អូនឃើញគ្រូបង្រៀនអនុវត្តល្អអនុសាសន៍ ៥K ជាពិសេសមានធ្វើតេសរហ័សជូនគ្រូបង្រៀន និងសិស្សទាំងអស់គ្នាដូច្នោះ ប្អូនត្រេកអរ និងនឹងនរចិត្តណាស់ពេលត្រឡប់មកសាលាវិញ។
តាមរបាយការណ៍របស់មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត កាលពីថ្ងៃទី ២៧ ខែធ្នូ ខេត្តត្រាវិញមានសិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ចំនួន ៤.៦៦៦/៥.៦៣៨ នាក់ នៃអនុវិទ្យាល័យ ៣៩ សាលា និងវិទ្យាល័យ មជ្ឈមណ្ឌលអប់រំជាប្រចាំ ១៣ សាលា ដែលកំណត់អាសន្នរោគកម្រិតទីលេខ ១ លេខ ២ (អាសន្នរោគកម្រិតទាប និងមធ្យម) មកសាលារៀនផ្ទាល់៕
អត្ថបទ‑រូបថត៖ សុជា