25/03/2022 06:57
១. ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក៖ សុរាគឺជាសារធាតុបង្កមហារីករបស់មនុស្ស។ នៅពេលដែលជាតិអាល់កុលចូលក្នុងរាងកាយ វាត្រូវបានបំបែកទៅជាសារធាតុអាសេតាល់ ដេអ៊ីត (acetaldehyde) ដែលជាសារធាតុគីមីដែលបំផ្លាញ DNA។ ការខូចខាតនេះអាចនាំទៅដល់ការរីកធំធាត់នៃកោសិកា បង្កើតជាដុំសាច់មហារីក។ ការកាត់ផ្តាច់ជាតិអាល់កុលទាំងស្រុង គឺត្រូវបានណែនាំយ៉ាងខ្លាំង ប៉ុន្តែសម្រាប់អ្នកដែលយល់ថាវាមិនអាចទៅរួចទេក្នុងការធ្វើបែបនេះ ការប្រើប្រាស់គ្រឿងស្រវឹងគួរតែត្រូវបានកាត់បន្ថយដល់កម្រិតអប្បបរមាបំផុត។ ការផឹកស្រា អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកមាត់ បំពង់ក បំពង់អាហារ ថ្លើម និងសុដន់។
២. ការជក់បារី៖ ការជក់បារីនៅតែជាមូលហេតុចម្បងមួយនៃជំងឺមហារីក។ ការជក់បារីធ្វើឱ្យខូចសុខភាពជាទូទៅ និងបង្កើនហានិភ័យនៃជំងឺមហារីកនៅក្នុងផ្នែកជាច្រើននៃរាងកាយ រួមទាំងខួរឆ្អឹង សួត តម្រងនោម មាត់ស្បូន លំពែង បំពង់ក បំពង់អាហារ ប្លោកនោម និងជាច្រើនទៀត។
៣. កង្វះលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណជាទៀងទាត់មានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពទូទៅរបស់មនុស្សម្នាក់ៗ រួមទាំងកាត់បន្ថយឱកាសនៃការវិវដ្តទៅជាជំងឺមហារីក ផងដែរ។ អ្នកដែលធ្វើសកម្មភាពរាងកាយទៀងទាត់ មានហានិភ័យកើតជំងឺមហារីកទាបជាង អ្នកដែលរស់នៅបែបខ្ជិលច្រអូស។ ការធ្វើលំហាត់ប្រាណជាទៀងទាត់មានឥទ្ធិពលវិជ្ជមាន ទៅលើការទប់ស្កាត់ជំងឺមហារីកសុដន់ និងស្បូន៕