16/05/2023 09:02
ថ្ងៃ ១ រោចខែជេស្ឋ ពោលគឺក្រោយថ្ងៃបុណ្យវិសាខបូជា បណ្ដាវត្តលើភូមិសាស្រ្តខេត្តត្រាវិញចាត់តាំងពិធីបវេនកាល ថ្នាក់ពុទ្ធិកសិក្សា ឆ្នាំសិក្សា ព.ស. ២៥៦៧។ ដោយឡែកតែឆ្នាំសិក្សា ព.ស. ២៥៦៧ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង មានវត្តចំនួន ១៦ គ្រប់លក្ខណៈចាត់តាំងថ្នាក់រៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ដល់ទី ៣។ មានវត្តចំនួន ៣ ទៀត បានសមាគមព្រះសង្ឃសាមគ្គីខេត្តអនុញ្ញតឱ្យបើក ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ និងទី ២។ គិតមកទល់ពេលនេះបណ្ដាវត្តបានទទួលសមណសិស្ស-សិស្សចូលរៀនត្រូវតាមពេលវេលាបានកំណត់។ ក្នុងបណ្ដាថ្ងៃដើមឆ្នាំសិក្សាថ្មី ការសិក្សារបស់សមណសិស្ស-សិស្ស មានសភាពអ៊ូអរជាងបណ្ដាថ្ងៃធម្មតា។
ម៉ោងសិក្សារបស់សមណសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ វត្តចុងមីសថ្មី។
កត់សម្គាល់នៅវត្តបទុមឈូកស (ចុងមីសថ្មី) ឃុំញីទ្រឿង ស្រុកកូវង៉ាងជាវត្តដែលមានកិត្តិយសបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្រុក អនុញ្ញាតឱ្យបើកថ្នាក់ ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មួយបន្ទប់ និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ មួយបន្ទប់។ ក្រៅពីនោះ វត្តនៅទាំងចាត់តាំងបើកថ្នាក់វិជ្ជាខេមរភាសាមួយបន្ទប់ទៀតជាថ្នាក់ថ្នាលសម្រាប់សាមណេរដែលទើបបួសថ្មី និងកុមារ ជាការបំពាក់ចំណេះដឹងមុនពេលឈានចូលសិក្សាផ្នែកពុទ្ធិកសិក្សា។ សមណសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិភាគច្រើនសុទ្ធតែបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបញ្ជូនមកពីបណ្ដាវត្តដើម្បីស្នាក់អាស្រ័យរៀនសូត្រ និងសមណសិស្សមួយចំនួនអង្គនិមន្តមកពីបណ្ដាខេត្ត អាងយ៉ាង វិញឡុង។ ទោះបីការរៀន និងការស្នាក់អាស្រ័យកន្លែងថ្មី ការក្រេបយកចំណេះដឹងក៏ថ្មីបង្គួរ ប៉ុន្តែ គ្រូ និងសិស្សរបស់បន្ទប់រៀនអង្គណាក៏សម្ដែងពីបន្ទុកខុសៗគ្នា បង្កឱ្យថា្នក់រៀនមានរបៀបរៀបរយ។
សំណេះសំណាលជាមួយសមណសិស្ស មួយចំនួនមានថេរដីកាឱ្យដឹងថា៖ អនុវត្តតាមការបញ្ជូនរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ម៉្លោះហើយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ បើទុកជាជួបការលំបាកយ៉ាងណាក៏ដោយក៏ខិតខំលុះត្រាតែបញ្ចប់ឆ្នាំសិក្សា។ ខិតខំរៀនសូត្រ បំពេញចំណេះដឹងសម្រាប់ខ្លួនផង បង្កជាកេរ្តិ៍ឈ្មោះសាយរន្ទឺឱ្យវត្តដែលខ្លួនស្នាក់នៅសិក្សាផង។
លោកថាច់សឿន ប្រធានគណៈអារាមាភិបាលវត្ត ចុងមីសថ្មី មានប្រសាសន៍ឱ្យដឹងថា៖ តាំងពីយូរយារណាស់មកហើយ គណៈអារាមាភិបាល តែងយកចិត្តទុកដាក់ដល់ការ រៀនសូត្ររបស់សមណសិស្សដែលនិមន្តមកសិក្សា។ ក្នុងនោះមានការផ្សព្វផ្សាយដល់ពុទ្ធបរិស័ទឱ្យបម្រុងចង្ហាន់ដាក់បាត្រព្រះសង្ឃពេលដែលព្រះសង្ឃនិមន្តទៅបិណ្ឌបាត ។ ចំពោះរៀងរាល់ថ្ងៃសីល មានការចាត់ពុទ្ធបរិស័ទជាក្រុមប្ដូរវេនគ្នាចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឱ្យសមណសិស្ស ស្ងប់ចិត្តក្នុងការសិក្សារៀនសូត្រ។ ចំពោះបណ្ដាកន្លែងនៅឆ្ងាយព្រះសង្ឃនិមន្តទៅបិណ្ឌបាតមិនដល់ ក្នុងរយៈពេលប្រមាណ ១០ ថ្ងៃ ពុទ្ធបរិស័ទនៅទីនោះនិមន្តព្រះសង្ឃទៅឆាន់ រួចប្រគេនប្រាក់កាសបរិក្ខារផ្សេងៗដើម្បីឱ្យសមណសិស្សមានវត្ថុប្រើប្រាស់បានគ្រប់សព្វក្នុងដំណាក់កាលរៀនសូត្រ។
ព្រះតេជគុណថាច់កាលី ព្រះចៅអធិការរងវត្តចុងមីសថ្មី មានថេរដីកាឱ្យដឹងថា៖ ការបើកថ្នាក់បង្រៀនសមណសិស្សជាកិច្ចការម្យ៉ាងក្នុងបណ្ដាកិច្ចការសំខាន់របស់វត្ត។ ដូច្នោះវត្តកាន់តែមានកេរ្តិ៍ឈ្មោះ ក្លាយជាមណ្ឌលទាក់ទាញសមណសិស្ស-សិស្សនៅគ្រប់ទីកន្លែង។ ផ្ដើមពីនោះ ជារៀនរាល់ឆ្នាំវត្តតែងទទួលព្រះសង្ឃរាប់សិបអង្គមកស្នាក់អាស្រ័យរៀនសូត្រ។ ឆ្នាំសិក្សា ព.ស. ២៥៦៧ វត្តមានសមណសិស្សជាង ៤០ អង្គស្នាក់អាស្រ័យរៀនសូត្របណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ។ ដោយអាស្រ័យមានការត្រៀមបម្រុងបានហ្មត់ចត់ពីគ្រូបង្រៀនបម្រើឱ្យការបង្ហាត់បង្រៀនក៏ដូចជាមូលដ្ឋានសម្ភារ កន្លែងគង់នៅបានគ្រប់គ្រាន់សម្រាប់សមណសិស្ស ម៉្លោះហើយការចាត់តាំងថ្នាក់រៀនក្នុងបណ្ដាថ្ងៃដំបូងក៏មានភាពងាយស្រួល។
លោកអាចារ្យ ថាច់ស្វាង អ្នកផ្សារភ្ជាប់ជាមួយការបង្ហាត់បង្រៀនសមណសិស្សនៅក្នុងវត្តចុងមីសថ្មីជាង ២០ ឆ្នាំមានប្រសាសន៍ឱ្យដឹងថា៖ ឃើញបានពីការយកព្រះទ័យទុកដាក់របស់ព្រះចៅអធិការ គណៈអារាមាភិបាលក្នុងការចាត់តាំងបន្ទប់រៀន គិតគូរដល់សមណសិស្សដែលនិមន្តពីនានាវត្តមកសិក្សា រូបខ្ញុំក៏ ខិតខំក្នុងការបង្ហាត់បង្រៀន ដើម្បីជួយបន្ទប់រៀនសម្រេចបានលទ្ធផលល្អរហូតដល់ទៅចុងឆ្នាំសិក្សា៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ