08/01/2021 08:05
មហាបរិញ្ញាឡឹមក្វាងវិញ (កណ្តាល) សំណេះសំណាលជាមួយនិស្សិតផ្នែកភាសាវប្បធម៌សិល្បៈខ្មែរណាមបូ។
បច្ចុប្បន្ននេះសាលាមហាវិទ្យាល័យត្រាវិញមានផ្នែកបណ្តុះបណ្តាលមុខជំនាញ ១៣ ផ្នែក។ ឆ្នាំសិក្សា ២០២០-២០២១ សាលាមាននិស្សិតក្នុងនិងក្រៅខេត្តជាង ១៤.២៦០ នាក់ចុះឈ្មោះរៀន កំរិត៖ បន្តក្រោយមហាវិទ្យាល័យ មហាវិទ្យាល័យនិងឧត្តមសិក្សា។ ក្នុងនោះនិស្សិតក្នុងខេត្តជាង ៧.៤០០ នាក់ (និស្សិតខ្មែរជាង ១.២៨០ នាក់)។ បណ្តាផ្នែកបណ្តុះបណ្តាល ដែលទាក់ទាញនិស្សិតខ្មែររៀនច្រើនបំផុតនាបច្ចុប្បន្ន គឺផ្នែកគ្រប់គ្រងរដ្ឋ គ្រប់គ្រងការិយាល័យ ផ្នែកវេជ្ជសាស្រ្ត‑ឱសថសាស្រ្ត ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ។ល។
ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូគឺជាផ្នែកបណ្តុះបណ្តាលមួយក្នុងចំណោមផ្នែកបណ្តុះបណ្តាលជាច្រើនដែលទាក់ទាញនិស្សិតខ្មែររៀនច្រើនបំផុត។ ផ្នែកបណ្តុះបណ្តាលនេះបង្កើតឡើងតាមសារលិខិតលេខ ៨៤២៥/VPCP-KGVX ចុះថ្ងៃទី ០៨ តុលាឆ្នាំ ២០១៣ របស់ខុទ្ទកាល័យរដ្ឋាភិបាលស្តីពីការវិនិយោគកសាង ផ្នែកបណ្តុះបណ្តាលភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូនៃសាលាមហាវិទ្យាល័យត្រាវិញ។ ក្នុងដំណើរការអនុវត្តន៍ភារកិច្ចនេះ សាលាមហាវិទ្យាល័យត្រាវិញនិយាយរួម ផ្នែកភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូនិយាយដោយឡែក យកចិត្តទុកដាក់បណ្តុះបណ្តាលនិស្សិតខ្មែររៀនមុខជំនាញផ្នែក៖ ភាសាខ្មែរ គរុកោសល្យអក្សរសាស្ត្រខ្មែរណាមបូ វប្បធម៌បណ្តាជនជាតិភាគតិចនៅវៀតណាមជំនាញខាងវប្បធម៌ខ្មែរណាមបូ ផ្នែកជំនាញនិងប្រគំឧបករណ៍តន្រ្តីប្រពៃណីខ្មែរ។ល។
ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូមិនត្រឹមតែទាក់ទាញនិស្សិតខ្មែរក្នុងខេត្តរៀនប៉ុណ្ណោះទេ នៅទាំងទាក់ទាញនិស្សិតខ្មែរខេត្តនានានៅតំបន់ណាមបូមករៀនផងដែរ។ ព្រះតេជគុណយ័ញហ្វាងណាង នៅខេត្តគៀងយ៉ាង ជាសមណនិស្សិតឆ្នាំចុងបញ្ចប់(ឆ្នាំទី ៤ ) ថ្នាក់វប្បធម៌បណ្តាជនជាតិវៀតណាម ជំនាញខាងវប្បធម៌ខ្មែរណាមបូមានថេរដីកាថា៖ មូលហេតុដែលអាត្មាជ្រើសរៀននៅសាលាមហាវិទ្យាល័យត្រាវិញ ដោយសារសាលានេះ មានផ្នែកបណ្តុះបណ្តាលដែលអាត្មាចូលចិត្ត។ ទន្ទឹមនឹងនោះ នៅក្បែរសាលាមហាវិទ្យាល័យត្រាវិញមានវត្តខ្មែរជាច្រើន ងាយស្រួលឲ្យអាត្មាមកសុំស្នាក់អាស្រ័យដើម្បីរៀនសូត្រមហាវិទ្យាល័យផង រៀនពុទ្ធិកសិក្សាបឋមភូមិផង។ ក្រៅពីនោះ សាលាមហាវិទ្យាល័យ ត្រាវិញនៅចាត់តាំងសកម្មភាពជាច្រើនដើម្បីណែនាំនិស្សិតឲ្យជ្រើសរបរនិងឧទ្ទេសនាមឲ្យនិស្សិតមានការងារធ្វើបន្ទាប់ពីរៀនចប់បណ្តាផ្នែក។
លោកគ្រូគឹមច័ន្ទថន អតីតនិស្សិតផ្នែកភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ ក្រោយពីរៀនចប់មហាវិទ្យាល័យក៏ធ្វើការនៅសាលាមហាវិទ្យាល័យត្រាវិញរហូតមក។ លោកគ្រូគឹមច័ន្ទថនមានប្រសាសន៍ថា៖ ខ្ញុំរៀនចប់ថ្នាក់កាលពីឆ្នាំ ២០១៤ រួចបានសាលាបង្កលក្ខណៈឲ្យធ្វើការនៅគណៈភេទ- ជនជាតិនៃផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ។ បើតាមខ្ញុំដឹងក្នុងចំណោមមិត្តរួមថ្នាក់ ៥៤ នាក់មានមិត្តភ័ក្តិជាង ៧០% មានការងារធ្វើ នៅបណ្តាស្ថាប័នរដ្ឋ បណ្តាស្ថានីយវិទ្យុ-ទូរទស្សន៍ក្នុងប្រទេស ធ្វើការនៅក្រុមហ៊ុនអាជីវកម្មនានានៅប្រទេសកម្ពុជាត្រូវតាមមុខជំនាញ។ មិត្តភ័ក្តិជិត ៣០% ដោយសារមិនចូលចិត្តទៅធ្វើការឆ្ងាយ ម្ល៉ោះហើយពួកគេបានធ្វើការនៅក្រុមហ៊ុននានាក្នុងខេត្តដែលមិនត្រូវនឹងជំនាញ ។
អំពីទិសដៅអភិវឌ្ឍន៍ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ មហាបរិញ្ញាឡឹមក្វាងវិញ អនុប្រធានផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ នៃសាលាមហាវិទ្យាល័យត្រាវិញបានឲ្យដឹង៖ ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ស្ថិរភាព ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូបានបន្តការបង្កើនគុណភាពបណ្តុះបណ្តាលភ្ជាប់ជាមួយនឹងការជ្រើសនិស្សិតឲ្យធ្វើការក្រោយពេលរៀនចប់ថ្នាក់។ ទន្ទឹមនឹងនោះ ផ្នែកមានទិសដៅឆ្ពោះទៅកាន់ភាពជោគជ័យនៃការកសាងផ្នែកឲ្យក្លាយជាមជ្ឈមណ្ឌលដំកល់ឯកសារដើម្បីអភិរក្សនិងអភិវឌ្ឍតម្លៃវប្បធម៌សិល្បៈដ៏វិសេសវិសាលរបស់ជនជាតិខ្មែរ សម្រាប់សកម្មភាពស្រាវជ្រាវ ស្វែងយល់ និងបង្ហាត់បង្រៀនដល់យុវវ័យគ្រប់ជំនាន់។ ព្រមទាំងបើកទូលាយការសម្តែងផ្តោះប្តូរសិល្បៈក្នុងពិធីបុណ្យជាតិក្នុងតំបន់ក្នុងទូទាំងប្រទេសនិងអន្តរជាតិ។
លោកគ្រូឡឹមក្វាងវិញបានឲ្យដឹងបន្ថែម៖ អស់រយៈកាល ០៨ ឆ្នាំផ្សព្វផ្សាយបណ្តុះបណ្តាល ផ្នែកភាសា- វប្បធម៌-សិល្បៈខ្មែរណាមបូ បានបណ្តុះបណ្តាលនិស្សិតខ្មែរជិត ១.០០០ នាក់។ ក្នុងនោះ មាននិស្សិតជាង ៩៥% មានការងារធ្វើស្ថិរភាពបន្ទាប់ពីបញ្ចប់ការសិក្សា៕
អត្ថបទ‑រូបថត៖ សុជា