16/01/2024 10:15
ឆ្នាំសិក្សា ២០២៣-២០២៤ វត្ត ពោធិវង្សារាម ចុងទ័ព ឃុំលឿងហ្វា អា ស្រុក ចូវថាញ់ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឆ្នាំទី ១) ០១ បន្ទប់ និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ១) ០១ បន្ទប់ ដោយមានសមណសិស្ស-សិស្ស ៣៩ អង្គ និងរូប។ បច្ចុប្បន្ន វត្តកំពុងផ្តុំកម្លាំងរំលឹកមេរៀនជូនសិស្ស ភ្ជាប់ជាមួយនឹងត្រៀមចាត់តាំងមណ្ឌលប្រឡងរួមពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុកដើម្បីប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ដល់បេក្ខសិស្សនាឆ្នាំសិក្សា ២០២៣-២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩, ២០ និង ២១ ខែមករាឆ្នាំ ២០២៤ ។
ព្រះតេជព្រះគុណ ថាច់ហុង ត្រួតពិនិត្យការរំលឹកមេរៀនរបស់ប្អូនថាច់ធីចន្ធី (ទី ៣ រាប់ពីស្តាំទៅឆ្វេង) និងសិស្សានុសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិនាវត្តចុងទ័ព។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមឆ្នាំទី១ រៀន ១៣ មុខវិជ្ជា។ បច្ចុប្បន្ន គ្រូបង្រៀន និងសមណសិស្ស-សិស្សវត្តចុងទ័ពកំពុងផ្តុំកម្លាំងរំលឹកមេរៀនសំខាន់ៗ គ្រប់មុខវិជ្ជាដែលបានរៀនកន្លងមក ដើម្បីសិស្សចូលរួមប្រឡងឲ្យបានល្អនាពេលខាងមុខ។
លោកគ្រូស៊ើងសាវ៉េត បង្រៀនមុខវិជ្ជាប្រែវាក្យស័ព្ទវៀតណាម-ខ្មែរ វត្តចុងទ័ព មានប្រសាសន៍ថា៖ មកទល់ពេលនេះ ចំពោះមុខវិជ្ជាប្រែវាក្យស័ព្ទវៀតណាម-ខ្មែរដែលខ្ញុំទទួលបន្ទុក ខ្ញុំបានជ្រើស និងណែនាំ សិស្សរំលឹកសាឡើងវិញយ៉ាងហ្មត់ចត់ដើម្បីត្រៀមចូលរួមប្រឡងបញ្ចប់ឆ្នាំសិក្សា។ ដោយសារថ្នាក់រៀននេះ មានសិស្សរៀនសាលាសកលច្រើន ដូច្នេះហើយទើបវត្តបែងកាលបរិច្ឆេទរំលឹកមេរៀនដល់សិស្ស រៀងរាល់ថ្ងៃអាទិត្យ។ ហេតុនោះ ទោះបីខ្ញុំរវល់ការងារគ្រួសារក៏ដោយ ខ្ញុំនៅតែឆ្លៀតពេលមកសាលាដើម្បីរំលឹកមេរៀនប្រគេន និងជូនដល់សិស្ស។
ដើម្បីបង្កើនចំណេះដឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ប្អូនថាច់ធីចន្ធី(សិស្សថ្នាក់ទី ៦ សាលា សកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកចូវថាញ់) ខិតខំរំលឹកមេរៀនបណ្តាមុខវិជ្ជាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ។
ថាច់ធីចន្ធីបានឲ្យដឹងថា៖ ដំណាក់កាលនេះ ប្អូនខំរំលឹកមេរៀនដើម្បីប្រឡងសាលាសកលផង រំលឹកមេរៀនដើម្បីប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ផង។ បានរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សានៅថ្ងៃអាទិត្យ ជំនួយឱ្យប្អូនរៀនពូកែមុខវិជ្ជាអក្សរសាស្ត្រខ្មែរនៅសាលាសកល។ ប្អូនខិតខំរំលឹកមេរៀនឡើងវិញ ដើម្បីចូលរួមប្រឡងចុងឆ្នាំទទួលបានលទ្ធផលល្អ គ្រប់ពិន្ទុ បានរៀនបន្តថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២។
ទន្ទឹមនឹងការងាររំលឹកមេរៀនសម្រាប់ប្រឡង ការរៀបចំការងារគ្រប់យ៉ាងសម្រាប់ថ្ងៃប្រឡងក៏មានសារៈសំខាន់ផងដែរ ។
លោកមា ថាច់សាំងតូ ប្រធានគណៈកម្មការវត្តពោធិវង្សារាម ចុងទ័ព មានប្រសាសន៍ថា៖ បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ជ្រើសវត្តចាត់តាំងមណ្ឌលប្រឡងរួមដើម្បីប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ពុទ្ធិកធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក គណៈកម្មការវត្តមានកិត្តិយស និងរីករាយយ៉ាងក្រៃលែង។ ហេតុនោះ គណៈកម្មការវត្តបានសកម្មក្នុងការចលនាពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមរៀបចំកិច្ចការគ្រប់យ៉ាងតាំងពីចង្វាន់ សេនាសនៈសម្រាប់គណៈមេប្រយោគជាព្រះសង្ឃ សម្រាប់សមណសិស្ស និយុវសិស្ស ធានាប្រគេន និងជូនព្រះសង្ឃ បេក្ខសិស្សចូលរួមប្រឡងបានសុវត្ថិភាព។
លោកគ្រូ ស៊ើងសាវ៉េតកំពុងបង្រៀនព្រះសង្ឃ និងយុវសិស្សរំលឹកមេរៀនត្រៀមបម្រុងឲ្យការប្រឡង។
មិនត្រឹមតែទទួលតួនាទីជាប្រធានគណៈកម្មការពុទ្ធិកសិក្សាស្រុក ក្នុងការដឹកនាំចាត់តាំងមណ្ឌលប្រឡងប៉ុណ្ណោះទេ ព្រះតេជព្រះគុណថាច់ហុង នៅទាំងបំពេញតួនាទីជាព្រះចៅអធិការវត្ត សហការជាមួយគណៈកម្មការវត្តដើម្បីបវារណាពុទ្ធបរិស័ទចំណុះជើងមកបំពេញការងារជាវេយ្យាវច្ចៈនៅមណ្ឌលប្រឡងឲ្យបានល្អទៀតផង។
ព្រះតេជព្រះគុណ ថាច់ហុង ប្រធានគណៈកម្មការពុទ្ធិកសិក្សាស្រុកចូវថាញ់ ព្រះចៅអធិការវត្តពោធិវង្សារាម ចុងទ័ព មានថេរដីកាថា៖ ដើម្បីពង្រឹង បង្កើនចំណេះដឹង និងគុណភាពវិស័យអប់រំពុទ្ធិកមធ្យមសិក្សាក្នុងស្រុក សមាគមបានចង្អុលការគ្រូបង្រៀននៅតាមវត្តគប្បីផ្តុំកម្លាំងបង្រៀនមេរៀនសំខាន់ៗក្នុងកម្មវិធីសិក្សាប្រគេន និងជូនបេក្ខសិស្ស ។ ជាពិសេសថ្នាក់ពុទ្ធិមធ្យមសិក្សាបឋមភូមិត្រូវបង្កើនម៉ោងរៀនជារៀងរាល់ថ្ងៃអាទិត្យដើម្បីបង្កលក្ខណៈជូនសិស្សដែលរៀនសាលាសកលមានពេលមករំលឹកមេរៀនឡើងវិញដើម្បីចូលរួមប្រឡងឲ្យបានល្អ រួមចំណែកបង្កើនគុណភាពនៃការប្រឡងបញ្ចប់ឆ្នាំសិក្សាឲ្យបានខ្ពស់។ ទន្ទឹមនឹងនោះ ក្នុងនាមជាព្រះចៅអធិការវត្តចុងទ័ព អាត្មាក៏យកព្រះទ័យរៀបចំមណ្ឌលប្រឡងឲ្យបានល្អ ដើម្បីសម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា ២០២៣-២០២៤ ប្រព្រឹត្តទៅសម្រេចជោគជ័យ ។ ដើម្បីធានាការងារគ្រប់យ៉ាងមានសុវត្ថិភាព គុណភាព អាត្មាបានសហការជាមួយគណៈកម្មការវត្ត ដើម្បីបវារណាពុទ្ធបរិស័ទពង្រីកស្មារតីសាមគ្គីចូលរួមជ្រោមជ្រែងធ្វើការងារមុន និងក្នុងថ្ងៃប្រឡងឱ្យបានល្អ។
ឆ្នាំសិក្សា ២០២៣-២០២៤ ស្រុក ចូវថាញ់ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក (ឆ្នាំទី ១ ដល់ឆ្នាំទី ៣) បាន ២៥ បន្ទប់ ដោយមានសមណសិស្ស និងយុវសិស្ស ២៥២ អង្គ និងរូបចុះឈ្មោះប្រឡង។ ដើម្បីចាត់តាំងប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ដល់សមណសិស្ស និងយុវសិស្ស បច្ចុប្បន្ន វត្តពោធិវង្សារាម ចុងទ័ព ត្រៀមជាស្រេចការងារតាំងពីបន្ទប់ប្រឡង បន្ទប់កែវិញ្ញាសាប្រឡង ដើម្បីបង្កលក្ខណៈសម្រាប់បេក្ខសិស្ស និងគណៈមេប្រយោគចូលរួមបំពេញភារកិច្ច ល្អនៅមណ្ឌលប្រឡង៕
អត្ថបទ-រូបថត៖ សុជា