15/07/2024 07:46
អូរក្តារជាភូមិស្ថិតនៅតំបន់ឆ្ងាយរបស់ឃុំភឿកហាវ។ កាលមិនទាន់កសាងវត្ត ប្រជាពុទ្ធបរិស័ទនៅទីនេះតែងនិមន្តព្រះសង្ឃវត្តផ្នោកំបុត មកបង្រៀនអក្សរសាស្រ្តខ្មែរនៅសាលាមួយក្នុងភូមិ មានសិស្សពី ១០-១៥ នាក់មករៀនអក្សរសាស្រ្តខ្មែរនារដូវវិស្សមកាល។ តាំងពីកសាងវត្ត (ឆ្នាំ ២០១៧) រហូតមកទល់បច្ចុប្បន្ន ព្រះចៅអធិការ ព្រះអាចារ្យ គណៈកម្មការវត្តអូរក្តារ បើកថ្នាក់រៀនអក្សរសាស្រ្តខ្មែរ រួចទាក់ទាញសិស្សមធ្យមភាគ ១០០ នាក់ មករៀនអក្សរសាស្រ្តនៅនឹងវត្តនារដូវវិស្សមកាលជារៀងរាល់ឆ្នាំ។
ព្រះតេជគុណគាងថាយហុង ព្រះចៅអធិការវត្តអូរក្តារកំពុងបង្រៀនសិស្សនារដូវវិស្សមកាល។
ប្អូនតូធីង៉ុកអៀង ជាសិស្សម្នាក់ចូលរួមរៀនអក្សរសាស្រ្តខ្មែរនារដូវវិស្សមកាលនៅ វត្តអូរក្តារ បានឲ្យដឹងថា៖ “ឆ្នាំសិក្សា ២០២៤-២០២៥ ប្អូនរៀនថ្នាក់ទី ៧។ ក្នុងរដូវវិស្សមកាលជារៀងរាល់ឆ្នាំ ប្អូនតែងព្យាយាមទៅវត្តរៀនអក្សរសាស្រ្តខ្មែរ។ អាស្រ័យប្អូន ទៅវត្តរៀនទើបប្អូនចេះអាន ចេះសរសេរអក្សរសាស្រ្តខ្មែរ។
ដូចប្អូនង៉ុកអៀងដែរ ប្អូនថាច់មុនីក៏សំណេះសំណាលដោយរីករាយថា៖ រដូវវិស្សមកាលជារៀងរាល់ឆ្នាំប្អូនតែងទៅវត្តរៀនអក្សរសាស្រ្តខ្មែរ។ទៅវត្តមិនត្រឹមតែបាន រៀនអក្សរសាស្រ្តខ្មែរប៉ុណ្ណោះទេ នៅទាំងបានរៀនអំពីវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិយើងទៀតផង។ បច្ចុប្បន្ន ប្អូនចេះអាន ចេះសរសេរអក្សរសាស្ត្រខ្មែរបានគ្រាន់បើដែរ ហើយប្អូននឹងព្យាយាមហាត់អាន ហាត់សរសេរភាសា អក្សរសាស្រ្តខ្មែរឲ្យបានល្អជាងទៀត។
ព្រះតេជគុណ គាងមិញជីរ៍ ព្រះអាចារ្យបង្រៀនអក្សរសាស្រ្តខ្មែរនៅវត្តអូរក្តារ មានថេរដីកាថា៖ អាត្មាចូលរួមបង្រៀនអក្សរសាស្រ្តខ្មែរជារៀងរាល់រដូវវិស្សមកាលតាំង ពីបង្កើតវត្តរហូតមក។ ដោយឃើញប្រជាពុទ្ធបរិស័ទយកចិត្តទុកដាក់ឲ្យកូនចៅមកវត្តរៀន អាត្មាក៏ព្យាយាមបង្រៀនអក្សរសាស្រ្តខ្មែរដល់ក្មួយៗក្នុងមួយថ្ងៃ ០២ ពេលដើម្បីឲ្យក្មួយៗ រៀនបានល្អពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់ ជំនួយឲ្យក្មួយៗបានយល់ ចេះអាន ចេះសរសេរពាក្យពេចន៍ខ្មែរឲ្យបានច្រើន។
ព្រះតេជគុណគាងថាយហុង កំពុងបង្រៀនសិស្សអានអក្សរសាស្រ្តខ្មែរ។
ក្នុងនាមជាព្រះចៅអធិការវត្ត ថ្វីត្បិតតែមមាញឹកនឹងកិច្ចការព្រះពុទ្ធសាសនា ការងារវត្តអារាមច្រើនក៏ដោយ ប៉ុន្តែព្រះតេជគុណ គាងថាយហុង ព្រះចៅអធិការវត្តអូរក្តារនៅតែយកព្រះទ័យទុកដាក់ ជួយបង្រៀនអក្សរសាស្រ្តខ្មែរដល់សិស្សានុសិស្សក្នុងរដូវវិស្សមកាលជារៀងរាល់ឆ្នាំ។
ព្រះតេជគុណ គាងថាយហុង មានថេរដីកាថា៖ ថ្នាក់រៀនអក្សរសាស្រ្តខ្មែរ រដូវវិស្សមកាល ថ្វីត្បិតរៀនត្រឹមតែជាង ២ ខែប៉ុណ្ណោះ ប៉ុន្តែព្រះអាចារ្យតែងខិតខំបង្រៀនសិស្សបានល្អ ដើម្បីឲ្យសិស្សចេះអាន ចេះសរសេរអក្សរសាស្រ្តខ្មែរបានស្ទាត់ ដោយបំណាចប្អូនៗព្យាយាមមករៀន។ ដូចដែលយើងបានយល់ស្រាប់ហើយថា ជា ច្រើនជំនាន់មកហើយវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរមិនត្រឹមតែជាបូជនីយដ្ឋានដ៏អស្ចារ្យប៉ុណ្ណោះទេ នៅទាំងជាមជ្ឈមណ្ឌលអប់រំផ្នែកអក្សរសាស្រ្ត ភាសាសាស្រ្ត និងវប្បធម៌ជាតិទៀតផង។ ម្ល៉ោះហើយ ក្នុងនាមជាព្រះចៅអធិការវត្ត អាត្មាត្រូវតែបន្តការអភិរក្ស អភិវឌ្ឍប្រពៃណី អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរឲ្យកាន់តែថ្កុំថ្កើង រុងរឿងជានិច្ចនិរន្តរ៍។ ក្នុងនោះមានការបង្រៀនភាសាអក្សរសាស្រ្តខ្មែរក្នុងវត្តនារដូវវិស្សមកាលជាដើម។ទន្ទឹមនឹងនោះ ថ្នាក់រៀននារដូវវិស្សមកាលក្នុងវត្ត នៅទាំងបង្រៀនប្អូនៗឲ្យយល់អំពីប្រយោជន៍នៃការគោរព ធ្វើតាមមាគ៌ាព្រះពុទ្ធសាសនាបង្រៀនអំពីសីលធម៌ក្នុងការរស់នៅ ដើម្បីជំនួយប្អូនៗឲ្យបង្កើនចំណេះដឹងដ៏ល្អ ដើម្បីកសាងជីវភាពបានល្អ ជៀសវាងអំពើបាបគ្រោះសង្គម បានជាពលរដ្ឋដ៏ល្អ ចូលរួមធ្វើការងារមាន ប្រយោជន៍ជូនសង្គម៕
អត្ថបទ‑រូបថត៖ សុជា