19/04/2024 07:04
ក្នុងឱកាសប្រទាន និងជូនសញ្ញាបត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និង ទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ ចាត់តាំងនៅការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តកាលពីពាក់កណ្តាលខែមីនាឆ្នាំ ២០២៤ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមណសិស្ស ០២ ព្រះអង្គ ដែលសម្រេចពិន្ទុខ្ពស់បំផុតក្នុងសម័យប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នោះគឺព្រះ តេជព្រះគុណ ថាច់ចៀ និងព្រះតេជព្រះគុណស៊ើងហ្វាងភុក។ ក្នុងឱកាសនោះដែរ ព្រះតេជព្រះគុណទាំង ២ ព្រះអង្គ បានសំណេះសំណាល ចែករំលែកបទពិសោធន៍ មួយចំនួនក្នុងការសិក្សា ជាពិសេសបទពិសោធន៍ក្នុងការប្រឡងសម្រេចបានពិន្ទុខ្ពស់ ។
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្ត (ខាងស្តាំ) ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ប្រទានសញ្ញាបត្រដល់ព្រះតេជព្រះគុណថាច់ចៀ។
*ព្រះតេជព្រះគុណថាច់ចៀតម្កល់ចិត្តឲ្យស្ងប់ ផ្តោតអារម្មណ៍ចំពោះវិញ្ញាសាប្រឡង
ព្រះតេជព្រះគុណថាច់ចៀ គង់នៅវត្តភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ឃុំដាយអាង ស្រុកថ្កូវ។ ដើម្បីសម្រេចលទ្ធផលឆ្នើមក្នុងដំណើរការសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋម-ទុតិយភូមិ អាស្រ័យដោយការព្យាយាមរៀនសូត្រ។ ជាពិសេស ក្នុងពេលរៀន ក៏ដូច ពេលប្រឡង ព្រះតេជព្រះគុណថាច់ចៀតែងតម្កល់ចិត្តឲ្យស្ងប់ចិត្ត ផ្តោតអារម្មណ៍ អានវិញ្ញាសាប្រឡងឲ្យយល់ច្បាស់លាស់ ជំនួយឲ្យការប្រឡងរបស់ព្រះតេជគុណ សម្រេចលទ្ធផលល្អ សម្រេចបានពិន្ទុខ្ពស់ទទួលជ័យលាភីលេខ ១ រយៈកាល 0៧ ឆ្នាំសិក្សាផ្នែកពុទ្ធិកមធ្យមសិក្សាបឋម-ទុតិយភូមិ។
ព្រះតេជព្រះគុណថាច់ចៀមានថេរដីកាថា៖ ដើម្បីសម្រេចលទ្ធផលល្អក្នុងការ សិក្សា អាត្មាមានផែនការ និងកំណត់គោលដៅរៀនសូត្រម៉ត់ចត់។ ក្រៅពីនោះ អាត្មាតែងអានសៀវភៅជារឿយៗដើម្បីបង្កើនចំណេះដឹង។ បើតាមអាត្មាយល់ឃើញថា ទន្ទឹមនឹងការយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ យើងត្រូវយកចិត្តទុកដាក់ក្នុងការអានសៀវភៅ ដើម្បីស្រាវជ្រាវរៀនសូត្របង្កើនចំណេះដឹងដោយខ្លួនឯង។ ជាពិសេស ក្នុងពេលប្រឡង យើងត្រូវមានស្មារតីនឹងនរ តម្កល់ចិត្តឲ្យបានស្ងប់ នេះជាកត្តាសំខាន់ណាស់។ ជារៀងរាល់ឆ្នាំមុនថ្ងៃប្រឡង ទន្ទឹមនឹងការរំលឹកមេរៀនឲ្យបានម៉ត់ចត់គ្រប់វិញ្ញាប្រឡង ដល់ពេលចូលកាន់បន្ទប់ប្រឡងអាត្មាតែងតម្កល់ចិត្តឲ្យបានស្ងប់ ផ្តោតអារម្មណ៍អានវិញ្ញាសា ប្រឡងឲ្យបានម៉ត់ចត់។ ដើម្បីធ្វើបានល្អកត្តាសំខាន់នោះ អាត្មាតែងហាត់ចិត្តជារឿយៗ និងមានវិធីសាស្រ្តគ្រប់គ្រងចិត្តរបស់ខ្លួនឲ្យបានល្អ។ ទន្ទឹមនឹងនោះ អាត្មាតែងកំណត់ យកការសិក្សាជាកត្តាសំខាន់ ផ្តុំអារម្មណ៍ក្នុងការសិក្សាតែប៉ុណ្ណោះ ។
ព្រះឧបជ្ឈាយ៍ គឹមថន (ខាងឆ្វេង) អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ប្រទានសញ្ញាបត្រដល់ព្រះតេជព្រះគុណស៊ើងហ្វាងភុក។
*ព្រះតេជព្រះគុណស៊ើងហ្វាងភុក៖ ទទួលជ័យលាភីលេខ ១ ក្នុងចំណោមបេក្ខសិស្សជាង ៣៤០ អង្គ និងរូប
ព្រះតេជព្រះគុណស៊ើងហ្វាងភុក គង់នៅវត្តចន្ទគិរីឧត្តុង្គមានជ័យ(ជ្រៃតាសូរ)ឃុំង៉ូវឡាក ស្រុកយៀងហាយ។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា ២០២៣-២០២៤ ចាត់តាំងសម័យប្រឡងនៅវត្តពោធិព្រឹក្ស (ថ្កូវ) ភូមិថ្កូវ អា ឃុំគីមស៊ើង ស្រុកថ្កូវកាល ពីខែកុម្ភៈឆ្នាំ ២០២៤ មានបេក្ខសិស្សជាង ៣៤០ អង្គ និងរូបចូលរួមប្រឡង ។ បានសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិដោយទទួលជ័យលាភី ១ បញ្ជាក់ឲ្យឃើញថាព្រះតេជព្រះគុណ ស៊ើងហ្វាងភុក មានការព្យាយាមរៀនសូត្របានល្អគ្រប់មុខវិជ្ជា ក្នុងកម្មវិធីសិក្សា ទើបមានចំណេះដឹងគ្រាន់បើសម្រាប់ប្រឡង រួចសម្រេចបានពិន្ទុខ្ពស់បំផុត ក្នុងចំណោមបេក្ខសិស្សចូលរួមប្រឡង។
អស់រយៈកាល ០៤ ឆ្នាំសិក្សាពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទន្ទឹមនឹងការចូលរៀន ទៀងទាត់តាមកាលបរិច្ឆេទ ខិតខំរៀនពូកែគ្រប់មុខវិជ្ជាក្នុងកម្មវិធីសិក្សា ព្រះតេជព្រះគុណស៊ើងហ្វាងភុក នៅទាំងឆ្លៀតពេលអានសៀវភៅដើម្បីបង្កើនចំណេះដឹងទៀតផង។ ព្រះតេជព្រះគុណស៊ើងហ្វាងភុកសំណេះសំណាល៖ ដើម្បីសម្រេចបានពិន្ទុខ្ពស់ក្នុង ការសិក្សាក៏ដូចជាក្នុងពេលប្រឡង ទន្ទឹមនឹងការយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ក្នុងថ្នាក់ រៀនត្រូវព្យាយាមរៀនដើម្បីបង្កើនចំណេះដឹង។ ជាពិសេស ខំរៀនឲ្យស្ទាត់គ្រប់មុខវិជ្ជា ក្នុងកម្មវិធីសិក្សាទើបចូលប្រឡងបានពិន្ទុខ្ពស់គ្រប់វិញ្ញាសាប្រឡង ។ ដើម្បីរៀនពូកែគ្រប់មុខវិជ្ជា អាត្មាមិនរើសអើងមុខវិជ្ជាណាឡើយ តែងចូលចិត្ត និងព្យាយាមរៀនឲ្យ បានពូកែគ្រប់មុខវិជ្ជា ។ តាមរយៈវិធីសាស្រ្តនោះ អាត្មាក៏បង្កើនចំណេះដឹង និងមានទំនុកចិត្តលើខ្លួនឯងនៅពេលចូលរួមប្រឡង។
ការចែករំលែកបទពិសោធន៍ដ៏ល្អរបស់បេក្ខសិស្ស 0២ អង្គដែលប្រឡង ទទួលបានពិន្ទុខ្ពស់បំផុតផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិ - ទុតិយភូមិឆ្នាំសិក្សាឆ្នាំ ២០២៣-២0២៤ សង្ឃឹមថាមានប្រយោជន៍ជាក់ស្តែងសម្រាប់បេក្ខសមណសិស្ស និងយុវ័ន យុវតីសិស្សនាឆ្នាំសិក្សាខាងមុខ៕
អត្ថបទ-រូបថត៖ សុជា