20/11/2020 07:44
គ្រូបង្រៀនសាលាបឋមសិក្សាលឿងហ្វា (សេ) កំពុងរៀបឲ្យសិស្សរៀនជាក្រុម។
ជាច្រើនឆ្នាំកន្លង កម្មាភិបាល គ្រូបង្រៀន បុគ្គលិក សាលាបឋមសិក្សាលឿងហ្វា (សេ) តែងអនុវត្តល្អតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការបង្រៀននិងរៀន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអប់រំនៅមូលដ្ឋានដែលមានជនជាតិខ្មែរ រស់នៅជាង ៧០% ។ដើម្បីបង្កើនគុណភាពអប់រំ ជារៀងរាល់ ឆ្នាំសាលាតែងជំរុញមាំចលនា «រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ» ភ្ជាប់ជាមួយនឹងចលនា «គ្រូបង្រៀនម្នាក់ៗត្រូវមានសីលធម៌ធ្វើជាគំរូក្នុងការរៀនសូត្រ ច្នៃប្រតិដ្ឋ « ។ ជានិច្ចកាលយកចិត្តទុក ដាក់ក្នុងការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន យកសិស្សធ្វើជាមជ្ឈមណ្ឌល អប់រំសិស្សឲ្យមាន សីលធម៌ល្អ វាយតម្លៃបុគ្គលិកលក្ខណៈសិស្ស តាមសភាពពិត។ ចាត់តាំងពិធីប្រឡងប្រណាំង ជារឿយៗ ដើម្បីបង្កលក្ខណៈឲ្យកម្មាភិបាល គ្រូបង្រៀន បុគ្គលិក បន្តការសិក្សាស្រាវជ្រាវ កសាងបធានបទអប់រំដល់សិស្ស ។ ខ្លឹមសារនៃការប្រឡងប្រណាំងច្បាមយកបធានបទក្នុងឆ្នាំសិក្សា និងបធានបទជារៀងរាល់ខែ និង ចលនាប្រឡងប្រណាំងកសាងសាលារៀនជាទីស្និទ្ធស្នាល សិស្សសកម្មរៀនសូត្រ។ល។
អ្នកគ្រូថៃធីហុងកឹម គ្រូបង្រៀនអចិន្រ្តៃយ៍ថ្នាក់ទី១/២ មានប្រសាសន៍ថា៖ ឃុំលឿងហ្វា(អា)ជាឃុំដែលមានជនជាតិខ្មែររស់នៅកុះ ករ។ សិស្សជនជាតិខ្មែររៀនថ្នាក់ទី ១ ភាគ ច្រើនមិនសូវចេះភាសាវៀត ម្ល៉ោះហើយពេលគ្រូពន្យល់មេរៀនជាភាសាវៀត ប្អូនៗមិនសូវយល់មេរៀនប៉ុន្មានឡើយ។ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំតែងអស់ពីចិត្តដើម្បីប្អូនៗជាទីស្រឡាញ់ ខ្ញុំតែងខិតខំបង្រៀនប្អូនៗជនជាតិខ្មែរឲ្យចេះភាសាវៀត។ក្រៅពីនោះ ខ្ញុំនៅទាំងចំណាយពេលស្វែងយល់អំពីស្ថានភាពគ្រួសារសិស្សក្រីក្រដើម្បីរាយការណ៍ជូនគណៈចាងហ្វាងសាលាឧបត្ថម្ភទាន់ពេល ។
ទន្ទឹមនឹងបង្កើនគុណភាពបង្រៀន សាលាតែងយកចិត្តទុកដាក់ក្នុងការឧបត្ថម្ភសិស្សក្រីក្រដើម្បីរាំងស្កាត់កុំឲ្យសិស្សក្រីក្រឈប់រៀនពាក់កណ្ដាលការ ប្អូនត្រឹងខាញ់ញ៉ឺ ជាសិស្សរៀនថ្នាក់ទី ៥/៣ សាលាបឋមសិក្សាលឿងហ្វា(សេ)ជាសិស្សក្រីក្រជម្នះការលំបាករៀនសម្រេចនិទ្ទេសគ្រាន់បើ‑ពូកែជាច្រើនឆ្នាំកន្លង។ ខាញ់ញ៉ឺបានឲ្យដឹងថា៖ ស្ថានភាពគ្រួសារប្អូនលំបាកខ្លាំងណាស់។ឪពុកម្តាយប្អូនទៅធ្វើការស៊ីឈ្នួលឆ្ងាយ ម្ល៉ោះហើយប្អូននៅជាមួយជីដូនកាលពីតូចម្ល៉េះ ជារៀងរាល់ឆ្នាំសិក្សា ប្អូនតែងបានសាលាឧបត្ថម្ភប្រាក់ សិក្ខូបករណ៍សម្រាប់ប្អូនរៀនសូត្រ។ ប្អូនប្តេជ្ញាចិត្តខិតខំរៀនសូត្រឲ្យបានពូកែដើម្បីតបស្នងនូវគុណូបការៈរបស់គ្រួសារនិងលោកគ្រូ អ្នកគ្រូ។
អ្នកគ្រូវិញធីអាញ់ ចាងហ្វាងសាលាបឋមសិក្សាលឿងហ្វា(សេ)មានប្រសាសន៍ថា៖ ដោយបានការយកចិត្តទុកដាក់ពី រដ្ឋអំណាច ការិយាល័យ‑មន្ទីរអប់រំនិងបណ្តុះបណ្តាល មូលដ្ឋានសម្ភារបានវិនិយោគកសាងយ៉ាងស្អាតស្អំរឹងមាំ និង មានឧបករណ៍សម្រាប់បង្រៀន និងរៀនគ្រប់គ្រាន់។ ចំពោះមុខជំនាញ សាលា តែងយកចិត្តទុកដាក់បំពាក់បំប៉នចំណេះដឹងមុខជំនាញជូនគ្រូបង្រៀន ផ្លាស់ប្តូរវិធីសាស្រ្ត បង្រៀនដោយយកសិស្សធ្វើជាមជ្ឈមណ្ឌល យកចិត្តទុកដាក់អប់រំសិស្សឲ្យមានសីលធម៌ល្អ បង្រៀនសិស្សជនជាតិខ្មែរឲ្យចេះភាសាវៀត។ល។ សាលាបានចលនាសប្បុរសជន ឧបត្ថម្ភសិក្ខូបករណ៍ សម្លៀកបំពាក់ ទោចក្រយាន ដើម្បីបង្កលក្ខណៈឲ្យសិស្សក្រីក្ររៀនសូត្របានល្អ រួមចំណែករាំងស្កាត់បញ្ហាសិស្សឈប់រៀនពាក់កណ្តាលការព្រោះខ្វះសិក្ខូបករណ៍ ។ ផ្តើមពីនោះ ជារៀងរាល់ឆ្នាំសាលារក្សាចំនួនសិស្សតាំងពីដើមឆ្នាំសិក្សារហូតដល់ចុងឆ្នាំសិក្សា ហើយគុណភាពអប់រំរបស់សាលាក៏កើនឡើងជាលំដាប់៕
សាលាបឋមសិក្សា លឿងហ្វា(សេ)មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៤១ នាក់ ក្នុងនោះកម្មាភិបាល គ្រូបង្រៀន បុគ្គលិកជនជាតិខ្មែរ ២៨ នាក់ ។ បច្ចុប្បន្ន កម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលាទាំងអស់សុទ្ធសឹងមានសម្បទាគ្រប់គ្រាន់ ។ ក្នុងនោះមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៨៥%មានកម្រិតវិជ្ជាខ្ពស់ជាងសម្បទាកំណត់។ សាលាមានមណ្ឌលធំ ០១ កន្លែង មណ្ឌលសាខា ០៣ កន្លែង ។ ឆ្នាំសិក្សា ២០២០-២០២១ សាលាមានសិស្សរួម ៧៣៦ នាក់ក្នុងនោះសិស្សជាជនជាតិខ្មែរ ជាង ៧០% ។
សាលាបានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរសម្រេចស្នាដៃ«សមូហភាពពលកម្មឆ្នើម « ជាច្រើនឆ្នាំបន្តបន្ទាប់។ ជាពិសេស បច្ចុប្បន្ននេះ សាលាកំពុងបានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកចូវថាញ់ស្នើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរ ។
អត្ថបទ‑រូបថត៖ សុជា