27/10/2020 20:14
ទោះបីរវល់នឹងការសិក្សាពេញមួយថ្ងៃក៏ដោយ ប៉ុន្តែពេលយប់ប្អូនៗនិស្សិតឆ្លៀតពេលទៅហាត់នៅឯសាលាយ៉ាងសកម្ម។ ប្អូនថាច់ច័ន្ទសង្ហា (នៅស្រុកកូវង៉ាង) ជានិស្សិតឆ្នាំទី ២ ផ្នែកភាសាវប្បធម៌ សិល្បៈខ្មែរណាមបូ បានអង្គភាពជ្រើសចូលរួមសម្ដែងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណរបស់ជនជាតិខ្មែរ។ សង្ហាបានឲ្យដឹងថា៖ ខ្ញុំត្រេកអរនិងមានមោទនភាពណាស់ដោយបានសាលាជ្រើសចូលរួមសម្ដែងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍តាមបែបបុរាណដែលបុព្វបុរសយើងបន្សល់ទុកមក។ ទោះបីពេលថ្ងៃខ្ញុំរវល់ទៅរៀនក៏ដោយ ពេលយប់ខ្ញុំឆ្លៀតពេលទៅហ្វឹកហាត់ដែរ។ ពីព្រោះបានចូលរួមហាត់ ខ្ញុំបានស្វែងយល់អំពីទំនៀមទម្លាប់អាពាហ៍ពិពាហ៍បុរាណរបស់ជាតិខ្លួនផង ជួយខ្ញុំមានអារម្មណ៍ធូរស្បើយពីការនឿយហត់ក្នុងការរៀនសូត្រផង។ ខ្ញុំនឹងខិតខំហាត់ឱ្យបានល្អដើម្បីប្រឡងឲ្យបានល្អក្នុងពេលខាងមុខនេះ។
លោកគ្រូច័ន្ទថន (កាន់សៀវភៅ) ថតរូបជាមួយក្រុមហ្វឹកហាត់។
មិនខុសពីប្អូនសង្ហាដែរ ប្អូនឡឹមយ៉េមហ្វិន (នៅខេត្តសុកត្រាំង) ជានិស្សិតឆ្នាំទី ១ ផ្នែកភាសា វប្បធម៌ សិល្បៈខ្មែរណាមបូរីករាយនិងសកម្មក្នុងការហាត់សំដែងដែរ។ យ៉េមហ្វិន បានឲ្យដឹងថា៖ ពេលដែលអង្គភាពជ្រើសឲ្យប្អូនចូលរួមប្រឡង និងទទួលតួនាទីសម្ដែងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបសម័យ ខ្ញុំបារម្ភណាស់ ពីព្រោះគ្មានទំនុកចិត្តលើខ្លួនឯងប៉ុន្មាន។ ដោយសារខ្ញុំមិនទាន់ដែលចូលរួមប្រឡងទ្រង់ទ្រាយធំបែបនេះ។ ឥឡូវនេះខ្ញុំដឹងច្បាស់ហើយថាទន្ទឹមនឹងពាក់សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបសម័យដ៏ល្អប្រណីតនោះ ខ្ញុំត្រូវមានវិធីសាស្រ្តសម្ដែងឲ្យបានល្អទៀត។ ខ្ញុំត្រូវមានទឹកមុខញញឹមស្រស់បស់ ដំណើរទន់ភ្លន់ សុភាពរាបសាទើបសមជាកូនក្រមុំខ្មែរក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ កត្តាសំខាន់ៗនិងវិធីសាស្រ្តសម្ដែងទាំងនោះ លោកគ្រូច័ន្ទថនហាត់ឲ្យខ្ញុំនិងមិត្តសម្ដែងជាមួយខ្ញុំបានយ៉ាងច្បាស់លាស់រួចហើយមកដល់ពេលនេះខ្ញុំមិនបារម្ភទៀតឡើយ។ បច្ចុប្បន្ននេះខ្ញុំរីករាយក្នុងការហ្វឹកហាត់ដើម្បីចូលរួមសម្ដែងឲ្យបានល្អដើម្បីទទួលបានលទ្ធផលខ្ពស់ជូនអង្គភាព ។
លោកគឹមច័ន្ទថន មានភារកិច្ចស្រាវជ្រាវរៀបរៀងបណ្តាឈុតសម្ដែងនិងហ្វឹកហាត់និស្សិតរបស់សាលាដែលចូលរួមប្រឡង។លោកគ្រូគឹមច័ន្ទថនមានប្រសាសន៍ថា៖ ខ្ញុំបារម្ភណាស់ដែរ ពេលគណៈចាងហ្វាងមហាវិទ្យាល័យចាត់ឲ្យទទួលបន្ទុកក្នុងការរៀបរៀងនិងហ្វឹកហាត់និស្សិតចូលរួមប្រឡង។ ពីព្រោះខ្លឹមសារនៃកម្មវិធីត្រូវសម្ដែងសម្លៀកបំពាក់ ០៣ ប្រភេទនោះ ត្រូវសម្ដែងតាមបែបបុរាណផង សម័យផង។ ជាពិសេសខ្លឹមសារនៃការសម្ដែងបង្ហាញ ត្រូវផ្សំផ្គុំឲ្យព្រមគ្នាទាំងឧបករណ៍បង្កាន់ដៃក្នុងពេលរាំ ក្បាច់រាំ បទភ្លេង និងអត្ថបទ ឧភ័យភាសារៀបរាប់ពីខ្លឹមសារនៃការសម្ដែងសម្លៀកបំពាក់។ ទន្ទឹមនឹងនោះ នៅទាំងបញ្ចាំងវីឌីអូ និងរូបភាពក្នុងពេលសម្ដែងទៀតផង។ ផែនការកម្មវិធីរៀបរៀងត្រូវតាមបែបបទដូចសព្វថ្ងៃ ក្រៅពីការស្រាវជ្រាវ នឹងបានការជួយគាំទ្រណែនាំរបស់អ្នកគ្រូ ថាច់ធីអ៊ុក ឡិនអនុប្រធានគណៈភេទនិងជនជាតិនៃមហាវិទ្យាល័យត្រាវិញនិងអ្នកគ្រូ ថាច់ធីចន្ធា អតីតសិល្បការិនីនៃក្រុមរស្មីប្រទីបខេត្តត្រាវិញ។ បច្ចុប្បន្នបណ្តាខ្លឹមសារនៃកម្មវិធីបានហ្វឹកហាត់ឲ្យបេក្ខជន បេក្ខនារីរបស់អង្គភាពបានរួចរាល់ហើយដើម្បីត្រៀមខ្លួនចូលរួមប្រឡង៕
អត្ថបទ‑រូបថត៖ សុជា
វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។