22/09/2020 08:23
ក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ ឃុំដូងចូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ អាស្រ័យដោយលោកស៊ើងខ្វែ ធ្វើជាប្រធានក្រុម។បណ្តាសមាជិកក្នុងក្រុមគឺជាលិល្បករ សិល្បការិនីមិនជំនាញ ។ ថ្វីត្បិតអ្នកទាំងនោះ ប្រកបរបរផ្សេងៗគ្នាក៏ដោយ អ្នកខ្លះជាកម្មករ អ្នកខ្លះជាកសិករ ប៉ុន្តែមានចំណុចដូចគ្នាគឺស្នេហាលិស្បៈប្រពៃណីជាតិ ស្ម័គ្រចិត្តចូលរួមក្រុមដើម្បីហ្វឹកហាត់រួចច្រៀង រាំ សំដែងល្ខោនបាសាក់យ៉ាងសប្បាយរីករាយ។ បងស៊ើងសុភី សមាជិកាក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទបានឲ្យដឹង៖ " ខ្ញុំស្នេហាវប្បធម៌សិល្បៈជនជាតិខ្មែរណាស់ ទោះបីពេលថ្ងៃធ្វើស្រែចម្ការ នឿយហត់យ៉ាងណាក៏ដោយ ពេលយប់ខ្ញុំក៏ស្ម័គ្រចិត្តចូលរួមជាមួយ បងប្អូនក្នុងក្រុមដើម្បីហ្វឹកហាត់ សំដែងល្ខោនបាសាក់ ច្រៀង រាំ ជាដើម ។ បានចូលរួមសំដែងសិល្បៈ ញ៉ាំងឲ្យខ្ញុំសប្បាយរីករាយនិងភ្លេចអស់ការនឿយហត់ទាំងអំបាលមាណ។
លោកថាច់និត្យស្រស់ អនុប្រធានក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ បានឲ្យដឹង៖ " បងស៊ើងខ្វែ ប្រធានក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ ជាអ្នកផ្តួចផ្តើមបង្កើតក្រុម។ មូលហេតុគឺគាត់ ឃើញក្នុងភូមិមានបងប្អូនស្នេហាសិល្បៈនិងចេះប្រគំភ្លេងប្រពៃណីទៀតផង ប៉ុន្តែគ្មានឧបករណ៍ភ្លេង គ្មានឱកាសជួបជុំគ្នាដើម្បីផ្តោះប្តូរសិល្បៈ ។ ម៉្លោះហើយ បងស៊ើងខ្វែ ក៏បានចំណាយប្រាក់ទិញភ្លេងប្រពៃណីមួយវង់ រួចចលនាបង្កើតក្រុម ព្រមទាំងចាត់ឲ្យខ្ញុំនិពន្ធបទចម្រៀង រៀបរៀងរឿងល្ខោនបាសាក់និងហាត់ឲ្យបងប្អូនច្រៀង សំដែង។ ដំបូងមានបងប្អូនប៉ុន្មាននាក់ក្នុងភូមិចូលរួមប៉ុណ្ណោះ ក្រោយមកក៏ទាក់ទាញបណ្តាសមាជិកនៅបណ្តាឃុំក្នុងស្រុកចូលរួមជាង ៣០ នាក់ ស្ថិតក្នុងអំឡុងអាយុពី ១៥‑៦០ ឆ្នាំ។ បច្ចុប្បន្ន ការរក្សានិងពង្រីកវប្បធម៌សិល្បៈរបស់ជនជាតិខ្មែរគឺជាកត្តាសំខាន់ណាស់ ហើយក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទបាននិងកំពុងចូលរួមធ្វើនូវទង្វើនោះ។ព្រោះក្នុងដំណើរការធ្វើសកម្មភាព ក្រុមមានការច្នៃប្រតិដ្ឋជាច្រើនក្នុងការរៀបរៀងសំដែងសិល្បៈប្រពៃណីនិងសិល្បៈ សម័យឆ្លាស់គ្នា ដើម្បីទាក់ទាញអារម្មណ៍មហាជន ជាពិសេសគឺយុវវ័យឲ្យចំណាប់អារម្មណ៍ដល់សិល្បៈប្រពៃណីរបស់ជនជាតិខ្លួន។ មិត្តថាច់ធីសាង (អាយុ ១៥ ឆ្នាំ )នៅភូមិជ្រៃប្រាសាទ ឃុំដូងចូវបានឲ្យដឹង៖ ប្អូនចូលចិត្តទស្សនា ក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទសំដែងខ្លាំងណាស់។ ពីព្រោះ ក្រុមមានសំដែងសិល្បៈសម័យផង បុរាណផង ក្នុងនោះមានសំដែងសិល្បៈល្ខោនបាសាក់ ញ៉ាំងឲ្យយុវវ័យបានស្គាល់និងចូលចិត្តទស្សនាផងដែរ។
ជាច្រើនឆ្នាំកន្លង ក្រុមតែងបានព្រះសង្ឃនិង មហាជនចូលរួមគាំទ្រទាំងសម្ភារនិងស្មារតី។ ព្រះចៅអធិការបណ្តាវត្តក្នុងស្រុកបានចលនាព្រះសង្ឃនិងពុទ្ធបរិស័ទរួមវិភាគទានប្រាក់ដើម្បីក្រុមទិញ បានវេទិកាមួយឈុតតម្លៃ ៣៥ លានដុងនិងសម្លៀកបំពាក់សម្រាប់សំដែងល្ខោនបាសាក់ជាច្រើនឈុតទៀត។
ដើម្បីញ៉ាំងក្រុមឲ្យបន្តការរក្សានិងពង្រីកបណ្តាប្រភេទសិល្បៈប្រពៃណីបម្រើមាមីងក្នុងភូមិស្រុកបានល្អជាងទៀតនោះ តន្រី្តករ សិល្បករ សិល្បការិនី ពិសេសក្នុងចំនួននេះមានលោកមាគឹមកិញ (អាយុជាង ៦០ ឆ្នាំ) នៅភូមិជ្រៃប្រាសាទ បានផ្សារភ្ជាប់ជាមួយក្រុមតាំងពីទើបបង្កើតឡើងមកម៉្លេះ។ លោកមាគឹមកិញធ្លាប់ចូលរួមក្រុមសិល្បៈរស្មីប្រទីបតាំងពីឆ្នាំ ១៩៧៣ រហូតដល់ ១៩៩២ ទើបសម្រាក ។ ក្នុងរយៈកាលចូលរួមនៅក្រុមសិល្បៈរស្មីប្រទីប លោកមាកិញរៀនមានបទពិសោធន៍ច្រើនរួចគាត់ក៏បណ្តុះបណ្តាលយុវវ័យស្នងបន្ត។ ចូលរួមក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ លោកមាគឹមកិញប្រគំតន្រ្តីផង បង្រៀនសមាជិកក្នុងក្រុមឲ្យចេះប្រគំបទភ្លេងប្រពៃណីនិងហាត់សំដែងល្ខោនបាសាក់ផង។
សកម្មភាពរបស់ក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ មិនត្រឹមតែរួមចំណែកក្នុងការអភិរក្សនិង អភិវឌ្ឍន៍សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរប៉ុណ្ណោះទេ នៅទាំងរួមចំណែកក្នុងការផ្សព្វផ្សាយបណ្តាគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋជូនដល់ជនជាតិខ្មែរទៀតផង។ លោកថាច់ត្វឹង លេខាសាខាបក្សភូមិជ្រៃប្រាសាទវាយតម្លៃ៖ ក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទមិនត្រឹមតែចូលរួមសំដែងសិល្បៈជូនប្រជាជនកម្សាន្តអារម្មណ៍ប៉ុណ្ណោះទេ នៅទាំងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបណ្តាគោលការណ៍គោលមាគ៌ា ច្បាប់របស់បក្សនិងរដ្ឋជូនប្រជាជនខ្មែរទៀតផង។ ពីព្រោះសូរសំនៀងរបស់បណ្តាសមាជិកក្នុងក្រុម មានខ្លឹមសារស្ងើចសរសើរបក្ស អ៊ំហូ មាតុភូមិ ព្រមទាំងជំរុញស្មារតី ជនជាតិខ្មែរពង្រីកការសាមគ្គីរៀនសូត្រ ប្រឡងប្រណាំង ពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសារនិងចូលរួមកសាងមាតុភូមិឲ្យកាន់តែសម្បូររុងរឿង ៕
អត្ថបទ‑រូបថត៖ សុជា
វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។