30/05/2022 07:27
ឃុំដាឡុក ស្រុកចូវថាញ់មានជនរួមជាតិខ្មែររស់នៅជិត ៨០%។ ជីវភាពរបស់មាមីងមានការផ្លាស់ប្ដូរយ៉ាងច្រើន។ បណ្ដាផ្លូវល្បាប់ជ្រាំនៅតាមភូមិកាលពីមុននោះ ឥឡូវបានកសាងដោយផ្លូវបេតុង បង្កលក្ខណៈងាយស្រួលជូនប្រជាជនក្នុងការធ្វើដំណើរ និងដឹកជញ្ជូនមុខទំនិញ។ ផ្ទះជាច្រើនខ្នងបានកសាងដោយឥដ្ឋជំនួសឲ្យផ្ទះស្លឹកទ្រុឌទ្រោមកាលពីមុន ញ៉ាំងឲ្យទិដ្ឋភាពនៅជនបទស្រស់បំព្រង។ ផ្តើមពីឃុំលំបាកខ្លាំងស្ថិតក្នុងកម្មវិធី ១៣៥ ដល់ចុងឆ្នាំ ២0២១ ឃុំដាឡុក អនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៥៤ លានដុងក្នុងមួយឆ្នាំ កើន ៣៤ លានដុងបើប្រៀបនឹង ឆ្នាំ ២0១0។
លោកផាមវ៉ាំងកៀក ប្រធានគណៈកម្មាធិការប្រជាជនឃុំដាឡុកបានឲ្យដឹងថា មាមីងខ្មែរនៅមូលដ្ឋានទទួលបានរបបជាច្រើនពីគោលនយោបាយរបស់បក្ស និងរដ្ឋ ដូចជា៖ គោលនយោបាយឧបត្ថម្ភដីសង់លំនៅឋាន ដីផលិត បុលទុនសង់លំនៅឋាន ពង្រីកការផលិត បង្កលក្ខណៈក្នុងការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រើប្រាស់ទឹកស្អាតស្របអនាម័យ។ល។ គ្រួសារក្រីក្រក្នុងឃុំដែលជួបការលំបាកអំពីលំនៅឋាន គ្មានដីផលិតតែង បានឧបត្ថម្ភកសាងលំនៅឋានរឹងមាំ និងមានដីផលិត រួចផុតពីភាពក្រីក្រ។ បច្ចុប្បន្នឃុំដាឡុកនៅមានគ្រួសារក្រីក្រតែ ២៨ គ្រួប៉ុណ្ណោះ ថយចុះ ៧៨ គ្រួបើប្រៀបនឹងឆ្នាំ ២0២0 និងថយចុះជាង ១.000 គ្រួបើប្រៀបនឹងឆ្នាំ ២0១0។
កសិករប្រមូលផលដំឡូងជ្វា។ រូបថត៖ សុជា
បក្ខភាគ និងរដ្ឋអំណាចឃុំដាឡុកតែងយកចិត្តទុកដាក់ឧបត្ថម្ភជនរួមជាតិខ្មែរពង្រីកសេដ្ឋកិច្ចគ្រួសារ។ ជនរួមជាតិខ្មែរភាគច្រើនមានចំណូលពីការផលិតកសិកម្ម។ ម្ល៉ោះហើយ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន បង្កើនប្រាក់ចំណេញលើផ្ទៃដីផលិតតែមួយ មូលដ្ឋានបានជំរុញការផ្លាស់ប្តូរពូជដំណាំ សត្វចិញ្ចឹម។ សកម្មចលនា និងចាត់តាំងបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសដើម្បីប្រជាជនអនុវត្តជាក់ស្តែងក្នុងការផលិត។ ទន្ទឹមនឹងនោះ ពង្រឹងសកម្មភាព សហការ អំពាវនាវអាជីវកម្មវិនិយោគ ប្រមូលទិញផលិតផលកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន។ បច្ចុប្បន្ន តម្លៃផលិតកសិកម្មគិតជាមធ្យមក្នុងផ្ទៃដី ០១ ហិកតា សម្រេចជាង ១៣៤ លានដុងក្នុងមួយឆ្នាំ កើនជាង ៦០ លានដុងបើប្រៀបនឹងឆ្នាំ ២០១០។
លោក ថាច់ហៀន ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអណ្តែតឃុំដាឡុក បានឲ្យដឹងថា៖ ឆ្នាំ ២០១៧ ភូមិមានគ្រួសារប្រជាជន ៤៨៣ គ្រួ ក្នុងនោះ មានគ្រួសារក្រីក្រ ៧០ គ្រួ ។ អនុវត្តគោលនយោបាយឧបត្ថម្ភដីកសាងលំនៅឋានចំពោះគ្រួសារខ្មែរក្រីក្រ ក្នុងភូមិមានគ្រួសារក្រីក្រ និងជិតក្រ ១២០ គ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភទិញដី បុលទុនកសាងលំនៅឋាន ។ មានគ្រួសារជាច្រើនទទួលបានការផ្គត់ផ្គង់មធ្យោបាយសម្រាប់រកស៊ី ដើម្បីបង្កើនប្រាក់ចំណូល។ អាស្រ័យហេតុនោះ ដល់ចុងឆ្នាំ ២0២១ ពិនិត្យតាមសម្បទាគ្រួសារក្រីក្រថ្មីដំណាក់កាល ២0១៦-២0២0 ភូមិផ្នោរអណ្តែតគ្មាននៅគ្រួសារក្រីក្រឡើយ។
បដិសណ្ឋារៈយើងខ្ញុំក្នុងផ្ទះទើបកសាងថ្មីពីប្រភពទុនអាទិភាព ៥០ លានដុង បងថាច់ញឹកនៅភូមិផ្នោរអណ្តែតសំណេះសំណាលដោយរំភើបចិត្តថា៖ គ្រួសារខ្ញុំរួចផុតពីភាពក្រីក្រហើយពេលនេះជីវភាពបានលំនឹង។ កាលពីមុន ប្តីប្រពន្ធខ្ញុំគ្មានការងារធ្វើខ្ជាប់ខ្ជួន ដូច្នោះហើយ ប្រាក់ចំណូលមិនបានទៀងទាត់។ គ្រួសារខ្ញុំរស់នៅក្នុងខ្ទមកម្សត់សង់លើផ្ទៃដីរបស់ឪពុកម្តាយជាច្រើនឆ្នាំមកហើយ ។ ពេលដែលបានរដ្ឋអំណាចមូលដ្ឋានឲ្យដី ៣០០ ម៉ែត្រក្រឡា ព្រមទាំងឲ្យបុលទុន ៥០ លានដុងសម្រាប់សង់ផ្ទះ ប្តីប្រពន្ធខ្ញុំត្រេកអរណាស់។ ក្រៅពីនោះគ្រួសារខ្ញុំនៅទាំងបានឧបត្ថម្ភគោញី ០១ ក្បាល តម្លៃ ៧,៥ លានដុង។
អនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០១៦-២០២០ ខេត្តត្រាវិញបានវិនិយោគទុនជាង ២.១០០ ពាន់លានដុងពីប្រភពទុនរបស់មជ្ឈិម និងមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស៖គមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី សាលារៀន ដំណាក់សុខាភិបាលជាដើម ចំនួន ៦៨៥ សំណង់ ។ ខេត្តនៅទាំងឆ្លៀតគួបផ្សំបណ្តាប្រភពទុនរបស់កម្មវិធី គម្រោងនានា ទុនឧបត្ថម្ភរបស់រដ្ឋាភិបាលបរទេស និងអង្គការក្រៅរដ្ឋាភិបាល សម្រាប់វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជិត ៦០០ សំណង់ ដើម្បីបម្រើការរស់នៅរបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនជាតិខ្មែរ។ ជនរួមជាតិខ្មែរក្នុងខេត្តនៅទាំងបានទទួលរបបគោលនយោបាយផ្សេងៗជាច្រើនទៀតរាប់រយពាន់លានដុង។ ជាក់ស្តែង មានគ្រួសារជនរួមជាតិខ្មែរជិត ៤.000 គ្រួបានទទួលប្រាក់ឧបត្ថម្ភសម្រាប់ពង្រីកការផលិតពហុសណ្ឋាន មធ្យោបាយសម្រាប់រកស៊ី មានជាង ៣.000 គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភទិញដីសម្រាប់កសាងលំនៅឋាន មានជាង ៣.៦00 គ្រួសារបានទទួលប្រាក់ឧបត្ថម្ភកសាងលំនៅឋាន។ ដោះស្រាយការងារធ្វើជូនគ្រួសារជាង ៣.៣00 គ្រួ។ ខេត្តបង្កលក្ខណៈឲ្យប្រជាជនជាង ១.៥00 គ្រួសារបុនទុនដោយយកប្រាក់ការទាបសម្រាប់ពង្រីកការផលិត ប្តូរមុខរបរ ឧបត្ថម្ភទឹកស្អាតសម្រាប់ប្រើប្រាស់ឲ្យគ្រួសារជាង ១៥.000 គ្រួ។ល។
លោកហាថាញ់ស៊ើង អនុប្រធានគណៈជនជាតិខេត្តត្រាវិញអះអាងថា៖ បណ្តាគោលនយោបាយជនជាតិបានញ៉ាំងឲ្យទិដ្ឋភាពតំបន់ជនរួមជាតិខ្មែរបានស្រស់បំព្រង ជីវភាព សម្ភារ និងស្មារតីរបស់ជនរួមជាតិខ្មែរបានលើកស្ទួយ។ យោងតាមសម្បទាក្រីក្រថ្មីដំណាក់កាល ២0១៦-២0២0 ឆ្នាំ ២0២១ គ្រួសារខ្មែរក្រីក្រក្នុងខេត្តនៅតែ ៧៧៩ គ្រួ ថយចុះ ២.០៨៤ គ្រួ បើប្រៀបនឹងឆ្នាំ ២0២0។
ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការពង្រីកសេដ្ឋកិច្ច‑សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ខេត្តត្រាវិញនឹងអនុវត្ត ១០ គម្រោងការ សរុបថវិកាតាមការគ្រោងទុកជាង ១.៤៦៥ ពាន់លានដុង ដើម្បីឧបត្ថម្ភជនជាតិភាគតិច កែលម្អជីវភាព។ ក្នុងនោះថវិកាមជ្ឈិមជាង ១.០០៥ ពាន់លានដុង ក្រៅពីនោះគឺប្រភពបដិភាគពីថវិកាមូលដ្ឋាន ទុនគោលនយោបាយ ឥណទាន និងទុនកេណ្ឌប្រមូលដោយស្របច្បាប់។ ថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្តបានបង្កើតគណៈចង្អុលការកម្មវិធីគោលដៅជាតិដំណាក់កាលនេះ។ គណៈជនជាតិកំពុងយកយោបល់បណ្តាមន្ទីរ ផ្នែក មូលដ្ឋានដើម្បីស្នើគណៈកម្មាធិការប្រជាជនខេត្តផ្សាយផែនការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីពង្រីកសេដ្ឋកិច្ច‑សង្គមតំបន់ជនជាតិភាគតិចឆ្នាំ ២០២២ នៅខេត្តត្រាវិញ។
ខេត្តត្រាវិញដាក់ចេញទិសដៅដល់ឆ្នាំ ២០២៥ ប្រភពចំណូលមធ្យមរបស់ជនជាតិភាគតិចម្នាក់ៗ ក្នុងមួយឆ្នាំសម្រេច ៨០ លានដុង អត្រាគ្រួសារក្រីក្រតំបន់ជនជាតិភាគតិចថយចុះក្នុងមួយឆ្នាំពី ៣‑៤% ខេត្តគ្មាននៅឃុំលំបាកខ្លាំង៕
ប្រែសម្រួល៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។